គណបក្សប្រឆាំងទួលព្រះមហាក្សត្រសុំលើកលែងទោសអ្នកជាប់ឃុំ

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

គណបក្សប្រឆាំងបានទួលទៅព្រះមហាក្សត្រសុំលើកលែងទោសនិងទម្លាក់ការចោទប្រកាន់ទៅលើអ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារ ដែលមជ្ឈដ្ឋាននានាចាត់ទុកថាជាអ្នកទោសនយោបាយនោះ។

ក្នុងលិខិតមួយកាលពីថ្ងៃទី៨ខែតុលាដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ គណបក្សសង្រ្គោះជាតិ បានទួលព្រះមហាក្សត្រសុំលើកលែងទោសសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន អគ្គលេខាធិការរង គ.ជ.ប សកម្មជននយោបាយ និងថ្នាក់ដឹកនាំគណបក្សនេះ ដែលខ្លះត្រូវបានតុលាការកាត់ទោសរួចហើយនិងខ្លះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។

គណបក្សសង្រ្គោះជាតិបានលើកឡើងក្នុងលិខិតនោះដែរថា គណបក្សនេះសំដែងនូវការគាំទ្រពេញទំហឹងដូចអ្វីដែលមានក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ ពេលបើកប្រជុំសភាកាលពីថ្ងៃទី៧ខែតុលា។ ជាព្រះរាជសារដែលព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានអំពាវនាវឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវសាមគ្គីភាព សំដៅកសាង និងការពារសមិទ្ធផលសង្គម។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ថាការដែលគណបក្សនេះបានដាក់លិខិតសុំព្រះមហាក្សត្រអន្តរាគមន៍លើកលែងទោសនេះ ព្រោះការដោះលែងអ្នកទាំងនេះជាការបើកផ្លូវមួយដើម្បីឲ្យបរិយាកាសនយោបាយកម្ពុជាមានភាពល្អប្រសើរ។ លោកមានប្រសាសន៍ថា៖ «ព្រោះយើងចង់ឲ្យព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ចូលរួមក្នុងការដោះស្រាយបញ្ហានយោបាយដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ននេះ។ យើងចង់បានស្ថានការណ៍នយោបាយត្រលប់ទៅរកភាពប្រក្រតីវិញ ហើយយើងចង់បានបរិយាកាសនយោបាយដែលអំណោយផលដល់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌»។

ទាក់ទងសំណុំរឿងនេះដែរ ព្រះមហាក្សត្រ បានបញ្ជូនសំណើនេះទៅ លោក ហ៊ុន សែន កាលពីថ្ងៃទី១១ខែតុលា ប៉ុន្តែក្រោយមួយថ្ងៃ លោក ហ៊ុន សែន បានបកស្រាយប្រាប់ព្រះមហាក្សត្រវិញថា ករណីអ្នកជាប់ឃុំទាំងនោះ លោកថាគឺជាការអនុវត្តច្បាប់របស់តុលាការ។

នៅថ្ងៃដដែលនោះ ព្រះមហាក្សត្រក៏ បានសំដែងការអរគុណ ចំពោះការបកស្រាយរបស់នាយករដ្ឋមន្រ្តីបែបនេះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថាយោងតាមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រគឺជាតួអង្គដែលនាំមកនូវការឯកភាពជាតិ យុត្តិធម៌សង្គម និងធ្វើយ៉ាងណារក្សាឲ្យកម្ពុជាមានសុខសន្តិភាព។ លោកយល់ថា ព្រះមហាក្សត្រគួរតែប្រើព្រះរាជតួនាទីរបស់ព្រះអង្គដើម្បីស្វែងរកឲ្យមានការឯកភាពជាតិពិតប្រាកដ។ លោកមានប្រសាសន៍ថា៖ « ក៏ប៉ុន្តែការសម្រេចចិត្តណាមួយគឺអាស្រ័យលើ ព្រះរាជសម្រេចចិត្តរបស់ព្រះអង្គផ្ទាល់។ ក៏ប៉ុន្តែជាទស្សនៈរបស់ខ្ញុំៗ គិតថានៅពេលដែលមានកាលៈទេសៈ ស្ថានការណ៍នយោបាយមិនអំណោយផល មានការប្រទាំងប្រទើសដាក់គ្នាបែបនេះ ខ្ញុំគិតថាព្រះកុរណាគួរតែធ្វើការសម្របសម្រួល ហើយធ្វើឲ្យមានការឯកភាពជាតិ ទើបធ្វើឲ្យកម្ពុជាយើងមានសន្តិសុខ មានសន្តិភាព និងឯកភាពជាតិពិតប្រាកដនោះ »

មកដល់ពេលនេះមានអ្នកជាប់ឃុំទាំងអស់២៥រូប ដែលមជ្ឈដ្ឋាននានាចាត់ទុកថាជាប់ឃុំទាក់ទងរឿងនយោបាយ ក្នុងនោះមានតំណាងរាស្ត្រនិងសកម្មជនគណបក្សសង្រ្គោះជាតិសរុប១៨រូប មន្រ្តីសិទ្ធិមនុស្សអាដហុក៤ មន្រ្តី គ.ជ.ប លោក នី ចរិយា អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ និងយុវជន គង់ រៃយ៉ា ដែលរដ្ឋាភិបាលចោទថាប៉ុនប៉ងធ្វើបដិវត្តពណ៌។

លើសពីនេះទៀត លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិក៏ត្រូវបានតុលាការកាត់ទោស ក្នុងការចោទប្រកាន់ក្រោមបទល្មើសផ្សេងៗគ្នា៕

រាយការណ៍បន្ថែមដោយ ហ៊ុន សេរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ