ឧកញ៉ាឈ្មួញឈើល្បីឈ្មោះមួយរូបផ្តល់រថយន្តទំនើប៣គ្រឿងដល់មន្ត្រីរដ្ឋាភិបាល​

លោក​ឧកញ៉ា ​ទ្រី ភាព​ ​បរិច្ចាគ​រថយន្ត​៣គ្រឿង​ទៅ​ដល់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ (រូបថតពីហ្វេសប៊ុក)

ឧកញ៉ាល្បីឈ្មោះមួយរូប ដែលអង្គការឃ្លាំមើលបរិស្ថានថាជាឈ្មួញនាំឈើនៅក្រៅប្រទេស បានផ្តល់រថយន្តទំនើប៣គ្រឿងឲ្យមន្រ្តីរដ្ឋាភិបាល ដោយថាដើម្បីយកទៅប្រើប្រាស់បំពេញការងារនៅស្ថាប័នរដ្ឋ។

ក្នុងហ្វេសប៊ុកមួយឈ្មោះ ក្រុមហ៊ុន ទ្រី ភាព គ្រុប ខូ អិលធីឌី នៅថ្ងៃទី១១ខែតុលានេះបានសរសេរថា ឧកញ៉ា ទ្រី ភាព ជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានឧបត្ថម្ភរថយន្តទំនើប៣គ្រឿងម៉ាក Hilux Revo ស៊េរីឆ្នាំ២០១៦ ជូនលោក ស៊ើយ កែវ សមាជិកព្រឹទ្ធសភា លោក លី ធុជ ទេសរដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក មួង ប៉យ ដោយថាដើម្បីយកទៅប្រើប្រាស់បំពេញការងារជូនរដ្ឋាភិបាល។

បើតាមលោក ទ្រី ភាព ការផ្តល់រថយន្តនេះធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថាការផ្តល់រថយន្តសេរីទំនើបទៅឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួននោះ លោកថាអាចធ្វើឲ្យមានទំនាស់ផលប្រយោជន៍រវាងក្រុមហ៊ុនទ្រីភាពនិងអ្នកអនុវត្តច្បាប់៖ «នាំឲ្យគេមើលឃើញថាមន្ត្រីមួយចំនួនទំនងជាមានការកោតញញើត ឬក៏ខ្លាចញញើតនូវក្នុងការជំរុញឲ្យក្រុមហ៊ុនរបស់លោកទ្រីភាពអនុវត្តច្បាប់ឲ្យបានល្អទាក់ទងនឹងជំនួញរបស់គាត់ គឺព្រៃឈើ ឥឡូវនេះមានជំនួញសំាង ប្រេងឥន្ទនៈមួយទៀតរបស់លោក ទ្រី ភាព ដែរ»។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការGlobal Witness បានចេញផ្សាយរបាយការណ៍មួយដោយលើកឡើងថាលោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជាបានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជានិងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ របាយការណ៍បន្តថា លោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្នែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេសនិងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។

អង្គការ Global Witness បានដាក់អនុសាសន៍មួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ទ្រី ភាព ផងដែរ។

ចំណែករបាយការណ៍របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF)ឲ្យដឹងដែរថា ឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ១លានដុល្លារបង់ឲ្យក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាមឬចិន។ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់ចាត់ទុករបាយការណ៍នេះថា មិនមានមូលដ្ឋានស៊ើបអង្កេតច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ