បក្សប្រឆាំងរំឭកមហាអំណាចចិនឲ្យបន្តពង្រឹងប្រជាធិបតេយ្យនៅកម្ពុជាតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ខណៈដែលមេដឹកនាំចិន លោក ហ្ស៊ី ជីនពីង មកទស្សនកិច្ចនៅកម្ពុជា មេដឹកនាំបក្សប្រឆាំងរំឭកឲ្យប្រទេសមហាអំណាចកាន់លទ្ធិកុម្មុយនីស្តមួយនេះបន្តជំរុញរដ្ឋាភិបាលកម្ពុជាឲ្យអនុវត្តស្មាតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានពេញលេញសម្រាប់កម្ពុជា។

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ហ្ស៊ី ជីនពីង បានមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានារយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ តបតាមការអញ្ចើញរបស់ព្រះមហាក្សត្រខ្មែរ។

នៅថ្ងៃដែលមេដឹកនាំចិនលោក ហ្ស៊ី ជីនពីង កំពុងធ្វើទស្សនកិច្ចនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងលោក កឹម សុខា បានចេញលិខិតចំហមួយលើកឡើងថា ពួកគេជាគណបក្សនយោបាយមួយមានអាសនៈក្នុងសភាតំណាងឲ្យប្រជាពលរដ្ឋជាង៤៥ភាគរយ។

លិខិតបន្តថាគណបក្សសង្គ្រោះដែលមានប្រភពចេញពីចលនាតស៊ូរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលហ្វ៊ុនស៊ិនប៉ិចពេលនោះដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ មិនបំភ្លេចដែរ នូវការជួយជ្រោមជ្រែងរបស់ចិនកន្លងទៅ ដល់ចលនាអ្នកតស៊ូនៅជាយដែន រហូតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានមហាអំណាចចិនជាហត្ថលេខីមួយដ៏សំខាន់។

មេដឹកនាំបក្សប្រឆាំងបានរំឭកក្នុ្ងងលិខិតនោះថា លោកប្រធានាធិបតីបានជ្រាបស្រាប់ហើយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីកម្ពុជានោះបានចង្អុលបង្ហាញផ្លូវឲ្យកម្ពុជានិងប្រជាពលរដ្ឋខ្មែរធ្វើដំណើរដោយធានាបាននូវឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី គោរពអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងស្តារប្រទេសកម្ពុជាឡើងវិញឲ្យមានការរីកចម្រើន។

គណបក្សសង្គ្រោះជាតិបង្ហាញចំហខ្លួនថាចង់ឲ្យប្រទេសចិនដែលជាភាគីហត្ថលេខីដ៏ខាន់មួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ ជួយធានាឲ្យមានការអនុវត្តឲ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងនេះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថាគណបក្សសង្គ្រោះជាតិទំនងជាដឹងមុនថា មហាអំណាចចិននឹងមិនជំរុញរដ្ឋាភិបាលកម្ពុជាឲ្យគោរពសិទ្ធិមនុស្សទេ។

ប៉ុន្តែលោកថាខ្លឹមសារក្នុងលិខិតចំហនោះ គណបក្សសង្គ្រោះជាតិអាចជាការផ្ញើសារទៅប្រទេចិនថាឲ្យគិតងាកមកយកចិត្តទុកដាក់ពីបក្សប្រឆាំង ដោយថាពួកគេអាចនឹងមានឱកាសឡើងកាន់អំណាចនៅអាណត្តិក្រោយ ដោយសាអណត្តិទី៥នេះសំឡេងគាំទ្រមានការកើនឡើង។

លោកថា៖ «[គណបក្សសង្គ្រោះជាតិ]ចង់បញ្ជាក់ពីភាគីចិនថានៅពេលដែលបោះឆ្នោតខាងមុខអាណត្តិ២០១៨នេះ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះ[ការបោះឆ្នោត]ក៏គណបក្សសង្គ្រោះជាតិ ក៏នៅតែបន្តទំនាក់ទំនងជាមួយភាគីចិនហ្នឹងកាន់តែរឹងមាំឡើង។ កុំឲ្យ [ចិន] ហ្នឹងបារម្ភឬក៏ជួយតែគណបក្សប្រជាជន គណបក្សកាន់អំណាច អានេះហើយដែលជាការដែលគាត់ស្វែងរកតុល្យភាពអំណាចនៅក្រៅប្រទេស ដើម្បីឲ្យអន្តរជាតិហ្នឹង ជួយទប់ស្កាត់ប្រសិនបើគាត់អាចមានឱកាសឈ្នះឆ្នោតនៅអាណត្តិក្រោយបាទ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថាការដែលសង្គ្រោះជាតិរំឭកឲ្យចិនពិនិត្យមើលស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះ លោកថាជារឿងសំខាន់មួយ។

ប៉ុន្តែលោក មាស នី វិភាគថាអ្វីដែលសំខាន់ជាងនេះក្នុងលិខិតចំហរបស់បក្សប្រឆាំង អាចជាសារមួយបង្ហាញទៅចិនថា បើបក្សប្រឆាំងឈ្នះការបោះឆ្នោតនៅពេលខាងមុខទំនាក់ទំនងចិននិងកម្ពុជានៅតែបន្ត។

លោកថា៖ «ជំហររបស់គណបក្សសង្គ្រោះជាតិហ្នឹងមិនមែនមានន័យថាគណបក្សសង្គ្រោះជាតិហ្នឹងរាប់អានតែប្រទេសកុម្មុយនីស្តដូចគណបក្សប្រជាជនទេ។ ប៉ុន្តែវាជាវិធីសាស្ត្រមួយ ដែលយើងអាចនិយាយបានថាប្រើយុទ្ធសាស្ត្រងាកឆ្វេងបន្តិចសិនបានបត់ទៅខាងស្តាំ»។

លិខិតចំហរបស់គណបក្សសង្គ្រោះជាតិក៏បញ្ជាក់ជំហរថាគណបក្សនេះចង់បានទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជាស្ថិតនៅជានិច្ចនិរន្តន៍ ប្រកបដោយភាពស្មោះត្រង់ គោរពគ្នាទៅវិញទៅមក ការពារផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ