នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បន្ត​យុទ្ធនាការ​ចុះ​មូលដ្ឋាន​នៅទិសពាយព្យ

ប្រភពរូបភាពពីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ិន សែន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាប់ផ្តើមចុះទៅកាន់ទិសពាយព្យ ដែលជាផ្នែកមួយនៃដំណើរចុះមូលដ្ឋានរបស់លោក ដោយថាដើម្បីពិនិត្យមើលនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបង្ហោះនៅព្រឹកថ្ងៃអង្គារនេះមានខ្លឹមសារថា លោកកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតនាទិសពាយព្យនៃមាតុប្រទេស ដោយថាដើម្បីពិនិត្យសមិទ្ឋផលជាតិ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តទាំងនោះ នឹងពិនិត្យដោះស្រាយបញ្ហាប្រឈមជាក់ស្តែងមួយចំនួនជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

តាមវីដេអូមួយបានបង្ហោះលើហ្វេសប៊ុករបស់លោក ឃើញថានាយករដ្ឋមន្ត្រីចុះសួរសុខទុក្ខសិស្សានុសិស្សនៅសាលាបឋមសិក្សាគោកលុន ស្ថិតក្នងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ខណៈជំនន់ទឹកភ្លៀងបានជនលិចនៅក្នុងបរិវេណសាលារៀននោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរចុះទៅតាមបណ្ដាខេត្តនានាចាប់តាំងពីចុងខែកក្កដាកន្លងមក នៅក្នុងយុទ្ធនាការចុះមើលសមិទ្ធផលជាតិនៅទូទាំង២៥ខេត្តក្រុង។

កាលពីថ្ងៃទី២២ខែសីហាកន្លងមក លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរចុះតាមបណ្ដារបស់លោកគឺដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីគណបក្សកាន់អំណាចរបស់លោកបានបាត់បង់ការគាំទ្រដល់ទៅ២២អាសនៈនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ