សាលារាជធានីភ្នំពេញមិនទាន់អនុញ្ញាតឲ្យយកទីលានប្រជាធិបតេយ្យធ្វើពិធីរំលឹកខួបក្រុងប៉ារីស

ទិដ្ឋភាពទីលានប្រជាធិបតេយ្យកាលពីពេលកន្លងទៅ

សាលារាជធានីភ្នំពេញមិនទាន់អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិប្រារព្ធពិធីរំលឹកខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីលានប្រជាធិបតេយ្យ ដោយថាហួសដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រោយពីចូលប្រជុំជាមួយមន្រ្តីសាលារាជធានីនៅព្រឹកមិញនេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់វីអូឌីថា សាលារាជធានីមិនអនុញ្ញាតឲ្យធ្វើពិធីនេះនៅទីលានប្រជាធិបតេយ្យបានទេ ដោយឲ្យទៅរកកកន្លែងផ្សេង។ លោកបន្តថា បន្ទាប់ពីលោកបានប្រាប់ពីគោលបំណងនៃការប្រារព្ធពិធីនេះថា មិនមានការហែរក្បួនឬសរសេរបដាអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះ សាលារាជធានីភ្នំពេញថាខ្លួននឹងបញ្ជូនសំណើរនេះទៅក្រសួងមហាផ្ទៃជាអ្នកសម្រេចវិញ ។

លោកមានប្រសាសន៍ថា៖ “សាលារាជធានីគេមិនបដិសេធទេ គេហាក់ដូចជាបន្ទន់ឥរិយាបថមកវិញ គេថាគេហ្នឹងសំណើររបស់យើងនេះនិងកំណត់ហេតុដែលយើងទាមទារនេះ គឹបញ្ជូនទៅឲ្យក្រសួងមហាផ្ទៃ ដើម្បីធ្វើការសម្រេចចិត្ត។ ដូច្នេះសាលាក្រុងមិនទាន់មានការសម្រេចចិត្តយ៉ាងណាទេ ដោយសារចំនួនដែលសាលាក្រុងអាចសម្រេចចិត្តបានគឺបាន២០០នាក់ ប៉ុន្តែការធ្វើមាទិញសម្រាប់ថ្ងៃ២៣តុលានេះ យើងកំណត់ចំនួនមនុស្សរហូតដល់៧០០០នាក់។ ដូច្នេះសាលារាជធានីពុំមានសមត្ថកិច្ចទេ ត្រូវបញ្ជូនអ្វីជាលិខិតហ្នឹងសំណូមពរហ្នឹងយោបល់របស់សាលារាជធានីផងដែរ គឺជូនទៅក្រសួងមហាផ្ទៃដើម្បីសម្រេច“។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថាសាលារាជធានីកំពុងរៀបចំបញ្ជូនសំណើរនេះទៅក្រសួងមហាផ្ទៃ ព្រោះថាយោងទៅលើចំនួនអ្នកចូលរួមច្រើន អាជ្ញាធរធានីមិនអាចសម្រេចបានទេ។ លោកមានប្រសាសន៍ថា៖ “នឹងបញ្ជូនទៅក្រសួងមហាផ្ទៃនៅល្ងាចនេះឬក៏ស្អែកព្រឹក ព្រោះយើងទើបប្រជុំព្រឹកមិញ“។

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិបានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ ដើម្បីសុំបរិវេណទីលានប្រជាធិបតេយ្យបា្ររព្ធពិធីអបអរសាទខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាព   ទីក្រុងប៉ារីស ដោយស្នើឲ្យសាលារាជធានីភ្នំពេញការពារសន្តិសុខនិងសុវត្ថិភាពដល់អង្គពិធីនិងអ្នកចូលរួមនៅថ្ងៃនោះផងដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ត្រូវបានចុះហត្ថលេខាដោយសមជិកអង្គការសហប្រជាជាតិ តំណាងដោយប្រទេសចំនួន១៨ រួមទាំងមហាអំណាចទាំងប្រាំ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងកម្ពុជា។ កាលពីថ្ងៃទី១៨ម្សិលមិញ អង្គការសង្គមស៊ីវិលយ៉ាងតិច៦០ បើកវេទិកាពិភាក្សាគ្នាស្ដីពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជារយៈពេល២៥ឆ្នាំមកនេះ ទាក់ទិននឹងការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

នៅក្នុងកិច្ចពិភាក្សានោះ ពួកគេអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកនយោបាយដែលជាប់ឃុំ ឲ្យមានសេរីភាពមុនថ្ងៃបោះឆ្នោត ដោយថាដើម្បីធានាពីដំណើរការប្រជាធិបតេយ្យ ដែលមានចែងក្នុងកិច្ចព្រមព្រៀងព្រៀងសន្តិភាពទីក្រុងប៉ារីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ