លោក ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ពង្រឹង​សន្តិសុខ​នៅ​រាជ​ធានី​ភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីជួបសំណេះសំណាលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់រាជធានី នៅឯកោះពេជ្រ (រូបភាពពីហ្វេសប៊ុកលោក​ ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃនេះ បានបញ្ជាទៅសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ថ្លែងនៅឯពិធីជួបសំណេះសំណាលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់រាជធានី នៅឯកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកដល់សមត្ថកិច្ច ឲ្យយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋនានា ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោកថ្លែងថា៖«អាជ្ញាធរត្រូវធ្វើការអោយស្របគ្នាក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំផ្តល់នូវសេវាសាធារណៈ ដែលមានសេវាសំណូមពរ និងសេវាតម្រូវការចាំបាច់មួយចំនួនដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋអោយបានល្អ ឆាប់ និងមានប្រសិទ្ឋិភាព»។ 

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បូ បញ្ញា យល់ថា ដើម្បីធានាឲ្យបាននូវការអនុវត្តភូមិឃុំសុវត្ថិភាពឲ្យកាន់តែល្អប្រសើរ គឺមន្ត្រីថ្នាក់លើគួរតែផ្តល់សិទ្ធិពេញលេញឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍តាមច្បាប់ ជាពិសេសបំបាត់បញ្ហាគ្រឿងញៀនដែលជាប្រភពសំខាន់ ដែលធ្វើឲ្យអសន្តិសុខបន្តកើតមាន។

លោកមានប្រសាសន៍ថា៖ គួរតែមន្ត្រីថ្នាក់លើហ្នឹង ឲ្យគាត់ធ្វើអ្វីទៅតាមមុខងាររបស់គាត់កុំឲ្យមានការជ្រៀតជ្រែក! ជាពិសេសខាងរដ្ឋាភិបាលគួរតែលើកទឹកចិត្តឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនធ្វើ មិនមែនដូចករណីមុនដែលថា ឡានសង្គ្រោះបន្ទាន់របស់អាចារ្យអេមានការអន្តាគមពីលោកនាយករដ្ឋមន្ត្រី! អញ្ចឹងទៅ! យើងធ្វើអីប៉ះពាល់ដល់មន្ត្រីថ្នាក់ក្រោម ដែលគាត់អនុវត្តន៍ច្បាប់! … ជាពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាធ្វើឲ្យអសន្តិសុខសង្គម! ជាទូទៅខាងយើងចាប់បានតែឈ្មួញអាតូចៗទេ ហើយឈ្មួញធំៗអីហ្នឹងចាប់មិនបានទេ! អញ្ចឹងខ្ញុំគិតថាយើងគួរតែចាត់វិធានការយ៉ាងណាបំបាត់ឈ្មួញធំៗអោយអស់ ហើយតូចៗក៏អញ្ជឹងដែរ ព្រោះតូចៗគាត់ចែកចាយបន្តទេ អញ្ជឹងគាត់ត្រូវតែធ្វើឲ្យតឹងរឹង ឲ្យចេញពីឆន្ទៈពិតប្រាកដ”

របាយការណ៍ពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា បទល្មើសជាង ១៧០០ករណី បានកើតឡើងនៅទូទាំងប្រទេស ក្នុងនោះបទល្មើសប្រហែល ៨០ភាគរយ ត្រូវបានកម្លាំងសន្តិសុខបង្ក្រាបបាន។ របាយការណ៍ដដែល ឲ្យដឹងបន្ថែមថា សមត្ថកិច្ចចាប់ខ្លួនជនល្មើសបាន ១៥៣៧នាក់នៅទូទាំងប្រទេស ក្នុងនោះជនប្រព្រឹត្តបទល្មើសឧក្រិដ្ឋមានចំនួន ៣៧៦នាក់ និងជនប្រព្រឹត្តបទល្មើសមជ្ឈឹមមានចំនួន ១១៦១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ