កម្ពុជា-វៀតណាមព្រមព្រៀងដោះដូរដីមួយចំនួននៅតាមតំបន់ជាប់ព្រំដែន

កិច្ចប្រជុំរវាងគណៈប្រតិភូកម្ពុជានិងវៀតណាម (រូបភាពពីបណ្តាញសង្គម)

កម្ពុជា-វៀតណាមបានព្រមព្រៀងគ្នាដោះដូរដីមួយចំនួននៅតាមតំបន់ជាប់ព្រំដែនគោកប្រទេសទាំងពីរ ខណៈគណបក្សប្រឆាំងចាត់ទុកបញ្ហាព្រំដែនថា កម្ពុជាចាញ់ប្រៀបវៀតណាម។

ការព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែននិងលោក ឡេ ហ្វាយជុង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមទទួលបន្ទុកគណៈកម្មការព្រំដែនជាតិ កាលពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦

យោងតាមគេហទំព័រក្រសួងការបរទេសវៀតណាមឲ្យដឹងថា កិច្ចប្រជុំនោះភាគីទាំងពីរបានលើកឡើងអំពីការដោះដូរដីតាមរូបមន្តអនុស្សរណៈយោគយល់គ្នានៅតាមបណ្ដាខេត្តមួយចំនួន ដែលជាប់ព្រំដែនប្រទេសទាំងពីរ និងវិធានការដើម្បីពន្លឿនការកំណត់និងបោះបង្គោលព្រំដែន ស្របតាមសន្ធិសញ្ញានិងច្បាប់អន្ដរជាតិផ្សេងៗ។

បើតាមគេហទំព័រដដែល ភាគីទាំងពីរបានឯកភាពគ្នាដើម្បីបញ្ចប់ការកំណត់ និងបោះបង្គោលព្រំដែនដែលនៅសេសសល់ ដោយអនុឡោមតាមសន្ធិសញ្ញាស្ដីពីការបោះបង្គោលព្រំដែនឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ដែលបានចុះហត្ថលេខារួមគ្នាក្នុងឆ្នាំ២០០៥។

មកទល់នឹងពេលនេះការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរសម្រេចបាន៨៣ភាគរយ។

គណបក្សប្រឆាំងនៅកម្ពុជាបានរិះគន់ការបោះឆ្នោតបង្កោលព្រំដែននេះថា កម្ពុជាចាញ់ប្រៀបវៀតណាម។

ភាគីវៀតណាមបានចេញផ្សាយកំណត់ហេតុនៃកិច្ចប្រជុំរបស់ខ្លួនហើយ ខណៈកម្ពុជានៅមិនទាន់បង្ហាញជាសាធារណៈនូវលទ្ធផលកិច្ចប្រជុំជូនប្រជាពលរដ្ឋខ្មែរឲ្យដឹងនៅឡើយនោះទេ។

ពាក់ព័ន្ធបញ្ហានេះ វីអូឌី មិនអាចសុំការឆ្លើយបំភ្លឺពីលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ ដោយសារទូរសព្ទចូល គ្មានអ្នកទទួល។

លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោមបានសំដែកការខកចិត្ត ដែលរដ្ឋាភិបាលកម្ពុជាព្រមព្រៀងជាមួយវៀតណាមទាក់ទិនការដោះដូរដីតាមព្រំដែននេះ។

លោកថា៖ «គ្មានអីដែលកម្ពុជាត្រូវចំណេញទេ ព្រោះការកំណត់ព្រំដែនកន្លងមកហ្នឹង យើងឃើញថាធ្វើឡើងក្នុងដីខ្មែរ និងដីខ្មែរទេ ពីព្រោះថាព្រំដែនវៀតណាម មិនដឹងជានៅឯណាឯអីទេ»។

ប្រធានគណៈកម្មការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយថា ត្រូវការពេលសម្រាក។ ប៉ុន្តែលោកបានប្រាប់ Fresh News ថាមិនទាន់មានការដោះដូរជាក់ស្តែងនោះទេ គឺភាគីទាំងពីរគ្រាន់តែនិយាយអំពីគោលការណ៍នៃការដោះដូរ ដែលបានឯកភាពគ្នាគឺក្នុង MOU តាំងពីឆ្នាំ២០១១ ។

បើតាមលោក វ៉ា គឹមហុង ខេត្ដដែលត្រូវដោះដូរដីគ្នារួមមាន ស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម។

យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា បន្ថែមថា កម្ពុជាខាតបង់នោះគឺដោយសាររដ្ឋាភិបាលយល់ព្រមចុះហត្ថលេខាបំពេញបន្ថែមឆ្នាំ២០០៥ ជាមួយវៀតណាម ដែលវាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោកបន្ថែមថា៖ «យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេបានកំណត់ច្បាស់ណាស់ថា រាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ផ្ទុយពីផលប្រយោជន៍ជាតិ និងរដ្ឋធម្មនុញ្ញ យើងត្រូវលុបចោលទាំងអស់។ ផ្ទុយទៅវិញ បែរជារដ្ឋាភិបាលធ្វើច្បាប់មួយបំពេញបន្ថែមដើម្បីឲ្យភាពស្របច្បាប់ កាលពីជាប់កិច្ចព្រមព្រៀង កាលពីដែលចុះកិច្ចព្រមព្រៀងជាមួយវៀតណាម កាលសម័យវៀតណាមត្រួតត្រា៧៩ នោះ ទៅជាស្របច្បាប់ទៅវិញ»។ មកទល់ពេលនេះ ភាគីទាំងពីរសម្រេចបាន៨៣ភាគរយហើយនៃការងារបែងចែក និងបោះបង្គោលព្រំដែន គឺនៅសល់តែ១៧ភាគរយទៀតប៉ុណ្ណោះ

គេហទំព័រក្រសួងការបរទេសវៀតណាមឲ្យដឹងថា គណៈកម្មាធិការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម ក៏គ្រោងនឹងជួបពិភាក្សាគ្នានៅដើមខែវិច្ឆិកានេះ ដើម្បីកំណត់ទីតាំងបង្គោលព្រំដែនចំនួន៤ គឺស្ថិតក្នុងខេត្តចំនួន២ របស់កម្ពុជា គឺខេត្តមណ្ឌលគិរីនិងស្វាយរៀង និងខេត្ត២ទៀតរបស់វៀតណាម គឺខេត្តដាឡាក់និងតៃនិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ