សកម្មជនបរិស្ថានថាបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារមានការកើនឡើងខ្លាំង

បទល្មើសព្រៃឈើនៅកម្ពុជានាពេលកន្លងមក

សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមអះអាងថា បច្ចុប្បន្ននេះបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារកំពុងកើតមានយ៉ាងខ្លាំង បើទោះបីជារដ្ឋាភិបាលសម្រេចរក្សាព្រៃតំបន់នោះជាព្រៃការពារក៏ដោយ។

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុតិ្តធម៌សង្គម ព្រះតេជគុណ ប៊ុត ប៉ុនតិញ មានសង់ដីកាថា ខណៈដែលបណ្តាញព្រះសង្ឃនិងពលរដ្ឋសហគមន៍ចុះល្បាតព្រៃក្នុងខេត្តព្រះវិហារកាលពីបីថ្ងៃមុននេះ បានជួបបទល្មើសព្រៃឈើជាច្រើនករណីជាពិសេសព្រៃព្រះរកានិងព្រៃឡង់។

ព្រះអង្គមានសង្ឃដីកាបន្ថែមថា បណ្តាញព្រះសង្ឃដែលចុះល្បាតព្រៃនោះ ក្រុមព្រះអង្គចាប់បានម៉ាស៊ីនអារឈើចំនួន៦គ្រឿង មានឈើជាច្រើនម៉ែតគូប និងឧបករណ៍ល្មើសផ្សេងៗទៀត។ ហើយថាការកាប់ឈើនោះមិនមែនកាប់ ដើម្បីប្រើប្រាស់ក្នុងស្រុកធម្មតានោះទេ គឺកាប់ជាលក្ខណៈក្រុមហ៊ុននាំចេញ។

ព្រះអង្គមានសង្ឃដីកាថា ការកើនឡើងបទល្មើសព្រៃឈើនេះ ដោយសារអាជ្ញាធរមូលដ្ឋាននិងរដ្ឋាភិបាលមិនមានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់។

លោកបន្ថែមថា៖ «កាប់បែបបទល្មើសក្រុមហ៊ុនកាប់ព្រៃតែម្នង រូបភាពនៃបទល្មើសគឺអារណាយន្តនៅតែប្រើដដែល ប៉ុន្តែរូបភាពនៃការដឹកជញ្ជូន គឺគេបានប្រើរទេះក្របីដឹកជាច្រើន ហើយក្រៅពីរទេះក្របី គេបានប្រើគោយន្ត ដោយមិនមានការហាមឃាត់ទេ។ នៅខាងស្រុកជាំខ្សាន ក្នុងឃុំឬស្សីជ្រំ គឺមានក្រុមហ៊ុនកំពុងតែកាប់ព្រៃពីតំបន់ផ្សេងៗ គឺក្រុមហ៊ុនហង្សភាព។ ក្រុមហ៊ុនហង្សភាពហ្នឹងអះអាងថា អ្នកនៅពីក្រោយខ្នងខ្លួនហ្នឹងជាអ្នកធំហើយរហូតយកឈ្មោះ ហ៊ុន សែន ទៅប្រើទៀតផង » 

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក អៀ សុខា ទទួលស្គាល់ថាពិតជាកើតមានបទល្មើលព្រៃឈើពិតមែន ប៉ុន្តែលោកថាមិនមានច្រើនដូចកាលពីមុននោះទេ។ តែទោះយ៉ាងណា លោកថាមន្ទីរបរិស្ថានខេត្តកំពុងតែដាក់កំលាំងនិងសហការជាមួយសហគមន៍ ដើម្បីចុះបង្ក្រាប់ ហើយដោយថាថ្មីៗនេះមន្រ្តីបរិស្ថានចុះចាប់បានច្រើនករណីដែរ។

លោកបន្ថែមថា៖ «យើង [មន្រ្តីបរិស្ថាន]ចុះច្រើន យើងចុះជាប់រហូត ហើយយើងកំពុងបញ្ជូនកំលាំងចុះសហការជាមួយសហគមន៍តាមតំបន់ការពារ ដើម្បីចុះបង្ក្រាបរហូតហ្នឹង » 

វិអូឌីមិនអាចសុំការឆ្លើយតបពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដើម្បីដឹងពីវិធានការបានទេដោយទូរសព្ទចូលគ្មានអ្នកទទួល។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសដកហូតតំបន់ព្រៃចំនួន១៨កន្លែង មានផ្ទៃដីសរុបជាង២៦ម៉ឺនហិកតា (២ ៦៧៤ ៥០៣) ដូចជាព្រៃនៅតំបន់ក្រវាញខាងត្បូង ក្នុងខេត្តពោធិ៍សាត់ ព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ និងព្រៃនៅតំបន់មួយចំនួនទៀត រួមទាំងតំបន់ព្រៃឡង់ផង ធ្វើជាតំបន់អភិរក្សវិញ។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាល ដោយលោកបញ្ជាក់ថារដ្ឋាភិបាលនិងប្រជាពលរដ្ឋមានគោលដៅតែមួយក្នុងការការពារព្រៃឈើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ