ក្រសួងថានឹងធានាដោះស្រាយជូនពលរដ្ឋរឿងគម្រោងកែលម្អអាគារប៊ុលឌីង

អាគារប៊ុលឌីង (ដោយ សាយ ទ្បាលីស)

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថានឹងដោះស្រាយរឿងជួសជុលអាគារប៊ុលឌីងឲ្យបានត្រឹមត្រូវ ខណៈពលរដ្ឋភាគច្រើនចង់ចាកចេញ បើសិនទទួលសំណងសមរម្យ។

អាគារ «ប៊ុលឌីង» នេះស្ថិតក្នងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សព្វថ្ងៃមានសភាពទ្រុឌទ្រោមនិងបាក់បែកខ្លាំង ដោយសារមានអាយុកាលជាង៥០ប្លាយឆ្នាំមកហើយ។

កញ្ញា នូសុវត្ថិ ច័ន្ទវត្ដី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្ដរជាតិ បានឲ្យដឹងថា សម្រាប់គម្រោងកែលម្អអាគារប៊ុលឌីង គឺអាជ្ញាធរចង់អភិវឌ្ឍនៅនឹងកន្លែង ដោយថាមិនចង់ឃើញពលរដ្ឋយកលុយសំណងទៅប្រើប្រាស់នាំឲ្យខាតបង់ប្រយោជន៍។

កញ្ញា ច័ន្ទវត្ដី បញ្ជាក់ថា៖ «ការវាយតម្លៃគឺថាមានការយល់គ្នាច្រើនមែនទែន មានការអបអរសាទរតាំងពីខាងរដ្ឋភិបាល ខាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ព្រោះថាអ្វីដែលយើងគិតទុក អ្វីដែលយើងត្រៀម ការពិតពួកគាត់បានជ្រាបច្បាស់ខ្លះៗដែរ ដល់ពេលមកជួប ឯកឧត្តម ជា សុផារ៉ា ផ្ទាល់ អ៊ីចឹងពួកគាត់យល់ខ្លាំងជាងមុន យល់ថាគម្រោងហ្នឹងយ៉ាងម៉េច ធ្វើដើម្បីអ្នកណា ហើយនីតិវិធីហ្នឹងយ៉ាងម៉េច»។

លោក សេម សាវុធ តំណាងពលរដ្ឋនៅភូមិ១បានឲ្យដឹងថា ប្រជាជនរស់នៅក្នុងអាគារប៊ុលឌីងនេះ ភាគច្រើនគឺចង់បានប្រាក់សំណងពី៥ទៅ៧ម៉ឺនដុល្លារ ជាថ្នូរនឹងការចាកចេញ។

លោកថា៖ «ប្រជាជលពលរដ្ឋនៅកន្លែងនេះ ចង់បានលុយ ប្រហែលជា៨០ទៅ៩០ភាគរយ [……] ចង់បានពី៥ម៉ឺន ទៅ៧ម៉ឺន បើតាមខ្ញុំឮផ្ទាល់មាត់គ្នាច្រើន សូម្បីតែចូលរួមជាមួយលោកទេសរដ្ឋមន្ដ្រីក៏ឮភាសាហ្នឹងដែរ»។

លោកបន្ថែមថា ពលរដ្ឋមានការព្រួយបារម្ភខ្លាចគេបណ្ដេញចេញពីលំនៅឋានដោយបង្ខំ ទើបពួកគាត់សម្រេចចិត្តទទួលយកប្រាក់សំណង។

លោកបន្ដថា៖ «ម៉េចហ្នឹង ខ្ញុំឃើញថាប្រជាពលរដ្ឋមានការព្រួយបារម្ភ។ ព្រួយបារម្ភទី១ អាការចាកចេញហ្នឹង គាត់និយាយថា កាល់ជំនាន់អាពត គេឲ្យចេញដែររយៈពេលប៉ុន្មាន ប៉ុន្មានចឹង ដល់មកវិញរលាយសូន្យ […] ពេលដែលចាកចេញហ្នឹង ត្រូវមានអីសម្រាប់សម្គាល់ ថាពេលត្រឡប់មកវិញ បានរបស់គាត់មកវិញ»។

លោក សាវុធ ឲ្យដឹងទៀតថា បើគម្រោងនោះអាចអនុវត្តបានមែន អាជ្ញាធរនឹងឲ្យពលរដ្ឋផ្លាស់ទៅស្នាក់នៅបណ្ដោះអាសន្ននៅម្ដុំទឹកថ្លា ក្រោយមន្ទីរពេទ្យរ៉ូយាល់ថៃ សម្រាប់រយៈពេលជិត៤ឆ្នាំ។ លោកបញ្ជាក់ថាពលរដ្ឋនឹងវិលមកវិញ ក្រោយកែលម្អរួចរាល់។

លោក វណ្ណៈ ជាអ្នកលក់ដូរម្ហូបអាហារនៅអាគារនេះនិយាយថា គាត់ខ្លាចមានការបណ្ដេញចេញ ដោយថាសុខចិត្តទទួលយកសំណង ជាជាងប្ដូរទៅរស់នៅកន្លែងផ្សេង ក្រៅពីទីលំនៅបច្ចុប្បន្ន។

លោកថា៖ «អាគារនេះឥឡូវទ្រុឌទ្រោមហើយ បើមានលុយ ចេញទៅបាត់ហើយ មិនមែនមកនៅរកស៊ី ម៉ាតាក់ ម៉ាថាំង អ៊ីចេះទេ»។

ទោះយ៉ាងនេះក្ដី កញ្ញា ច័ន្ទវត្ដី បន្ថែមថា៖ «ពេលដែលគាត់ឭតាមសារព័ត៌មាន គាត់បារម្ភ ចេះតែឮសូរព័ត៌មានពីមុនៗមកចឹង អភិវឌ្ឍនៅហ្នឹងកន្លែង ចុងបញ្ចប់ ប្រជាពលរដ្ឋហ្នឹង អាចថាបាត់បង់ផលប្រយោជន៍មួយចំនួនអ៊ីចឹង។ ប៉ុន្តែដោយសារតែ ឯកឧត្តម ជា សុផារ៉ា ផ្ទាល់ ផ្ដល់នូវការទុកចិត្តប្រជាពលរដ្ឋតាំងពីគាត់នៅសាលាក្រុងម៉្លេះ គាត់ថាបានរៀបចំហើយ ធ្វើអាគារប៊ុលឌីងហ្នឹង»។

យ៉ាងណាមិញ អាជ្ញាធរនិងប្រជាពលរដ្ឋ នៅតែខ្វែងគំនិតគ្នារឿងគម្រោងអភិវឌ្ឍន៍អាគារប៊ុយឌីងនេះ ដោយ ពលរដ្ឋភាគច្រើនបារម្ភពីការប្ដូរទីតាំងនិងការបណ្ដេញចេញពីសំណាក់អាជ្ញាធរ៕

ដោយលោក ពេជ្រ ចំរុង និងលោក ហ៊ុន ឌីម៉ូ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ