រដ្ឋមន្រ្តីជំរុញឲ្យពលរដ្ឋយកការអភិវឌ្ឍន៍អាគារប៊ូឌីញនៅនឹងកន្លែង

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឲ្យ​ពលរដ្ឋទទួលយក​ការ​អភិវឌ្ឍន៍ អាគារប៊ូឌីញ (ស) នៅនឹងកន្លែង ខណៈពលរដ្ឋភាគច្រើន​ចង់បាន​សំណងជាលុយដើម្បី​ចាក​ចេញ។

 

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឲ្យពលរដ្ឋទទួលយកការអភិវឌ្ឍន៍ អាគារប៊ូឌីញ (ស) នៅនឹងកន្លែង ខណៈពលរដ្ឋភាគច្រើនចង់បានសំណងជាលុយដើម្បីចាកចេញ។

ក្នុងជំនួបរវាង ទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយអាជ្ញាធររាជធានីភ្នំពេញ តំណាងក្រុមហ៊ុនជប៉ុន Arakawa និងតំណាងពលរដ្ឋនៃអាគារប៊ូឌីញ(ស) ចំនួន៥៥៤គ្រួសារ លោក ជា សុផារ៉ា បានសង្កត់ធ្ងន់ទៅលើជម្រើសអភិវឌ្ឍន៍នៅនឹងកន្លែង ជាងជម្រើសដែលពលរដ្ឋថាចង់បានថវិកាពី៦ទៅ៧ម៉ឺនដុល្លារ ដើម្បីចាកចេញ។ លោកថា កាលពី១៦ឆ្នាំមុនលោកសន្យាថានឹងធ្វើឲ្យអ្នកប៊ូឌីញក្លាយជាអ្នកមាន ប៉ុន្តែលោកអត់ឱកាស ហើយការពិភាក្សាបើកចំហរពេលនេះមានន័យថា គឺជាការទទួលខុសត្រូវចំពោះគម្រោង។

លោកបន្ថែមថា លោកនឹងដឹកនាំគណកម្មការដោយផ្ទាល់ចុះស្រង់ស្ថិតិពលរដ្ឋដែលរស់នៅពិតប្រាកដ។

អាគារប៊ូឌីញ(ស) ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិឲ្យក្រុមហ៊ុនជប៉ុនឈ្មោះ Arakawa អភិវឌ្ឍក្នុងទឹកប្រាក់៨០លានដុល្លារ ។ គម្រោងនេះ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីកម្ពស់២១ជាន់ ដែលក្នុងនោះទុកធ្វើទីតាំងចំណតរថយន្ដ៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ជាពិសេសបន្ទប់ស្នាក់នៅនីមួយៗនឹងមានទំហំធំជាងមុន១០ភាគរយ។ ចំណែក ចាប់ពីជាន់ទី៩ឡើងទៅនឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa ។

ការប្រជុំពិភាក្សាម្សិលមិញនេះនៅមិនទាន់សំរេចនៅជាផ្លូវការនៅឡើយទេ ដោយមានប្រជាពលរដ្ឋខ្លះចង់បានជំរើសយកផ្ទះ និងខ្លះទៀតចង់បានជំរើសថវិកាសុទ្ធ ហើយការប្រជុំបន្ទាប់នឹងជួបគ្នានៅក្រោយថ្ងៃពីធីបុណ្យអុំទូក។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។