សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលផ្អាកនាំខ្សាច់ចេញទៅក្រៅប្រទេស

ការបូមខ្សាច់នៅកម្ពុជា​

ក្រុមអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលផ្អាកការនាំខ្សាច់ចេញទៅក្រៅប្រទេសមួយរយៈសិន    ខណៈដែល ខ្សាច់ដែលនាំទៅប្រទេសសិង្ហបុរីមានចំនួនច្រើន ខុសពីរបាយការណ៍របស់រដ្ឋាភិបាល ដោយសង្ស័យថា អាចមានពាក់ព័ន្ធអំពើពុករលួយ។

នៅក្នុងកិច្ចពិភាក្សាស្ដីពីការពិនិត្យមើលពីរបាយការណ៍ខ្សាច់ រវាងក្រសួងរ៉ែ និងថាមពលជាមួយក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃសុក្រនេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ក្រសួងនៅតែអះអាងថា កម្ពុជានាំខ្សាច់ទៅប្រទេសសិង្ហបុរី ២.៨ លានតោន  តែលោកថាបើតាមរបាយការណ៍សិង្ហបុរី មានចំនួនច្រើនជាងនេះ ដែលធ្វើឲ្យមានមន្ទិលសង្ស័យ។  លោកបន្តថា ក្រសួងត្រូវតែផ្អាកការនាំចេញខ្សាច់ចេញបណ្ដោះអាសន្ន ដើម្បីធ្វើការពិនិត្យទិន្នន័យរវាងប្រទេសនាំខ្សាច់ទៅចេញ និងប្រទេសនាំខ្សាច់ចូលឡើងវិញ  ព្រោះករណីនេះលោកថាអាចពាក់ព័ន្ធអំពើពុករលួយ។

លោកមានប្រសាសន៍ថា៖”ពិសេសខ្សាច់ដែលនាំចេញទៅសាំងហ្គាពួរ ដែលមានភាពខុសគ្នាយើងយល់ថាវាជាខ្សាច់សមុទ្រចឹងដោយសារតែតួលេខនៃខ្សាច់វាមានភាពមិនប្រក្រតី។ ចឹងយើងចង់ឲ្យមានការផ្អាកបណ្ដោះអាសន្នសិននៃការនាំខ្សាច់ចេញទៅក្រៅប្រទេសហើយម៉្យាងទៀតការផ្អាកការនាំចេញហឹ្នងវាមិនមានផលប៉ះពាល់ដល់តម្រូវការក្នុងស្រុកទេព្រោះតម្រូវការក្នុងស្រុកវាមានការសាងសង់សំណង់អាគារ ផ្ទះល្វែងជាដើម”។

សហស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក សាន ម៉ាឡា ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាដែរ ថា លោកចង់ឲ្យក្រសួងធ្វើផ្អាកនាំខ្សាច់ទៅក្រៅប្រទេសសិន ហើយធ្វើការដោះស្រាយបញ្ហាដែលកំពុងកើនបច្ចុប្បន្ន ដើម្បីឲ្យអស់មន្ទិលសង្ស័យ។

លោកថា ៖កំពុងតែមានរឿងរ៉ាវចម្រូងចម្រាសក្នុងលក្ខណ:ស៊ើបអង្កេតដូចេ្នះយើងចង់ឲ្យមានភាពច្បាស់លាស់និងរកឃើញពីបញ្ហាមិនប្រក្រតីជាមុន បន្តអាជីវកម្មនាំខ្សាច់ទៅក្រៅប្រទេសរឿងចាស់មិនទាន់បានដោះស្រាយចឹងយើងមិនចង់ឲ្យកើតមានរឿងថី្មជា បន្តបន្ទាប់ទៀតហើយក្នុងនិងយើងក៍បានសើ្នសូមឲ្យក្រសួងបង្ហាញពីរបាយការណ៍ច្បាស់មួយជាក់លាក់ថាមានក្រុមហ៊ុនប៉ុន្មានកំពុងតែធើ្វអាជីវកម្មខ្សាច់ក្នុងខេត្តកោះកុងទាំងមូលហើយក្នុងមួយឆាំ្នៗក្រុមហ៊ុនបានទាញយកខ្សាច់ចំនួនប៉ុន្មានតោន  គិតជាទឹកប្រាក់តម្លៃប៉ុន្មានហើយលក់ចេញទៅសឹង្ហបុរីចំនួនប៉ុន្មាន ក្រសួងបានឆ្លើយតបជាមួយយើងវិញប្រហែលជាគេមិនសហការជាមួយយើង ផ្ដល់ឯកសារទាក់ទងជាមួយរបាយការណ៍ដើម្បីឲ្យយើងមានលទ្ធភាពក្នុងការសិក្សាស្រាវជ្រាវ ក៍ដូចជាថ្លឹងថែ្លងថាតើភាពមិនប្រក្រតីមូលហេតុអីការបាត់ខ្សាច់និងវាបង្ករចេញពីបញ្ហាណាខ្លះ”។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា មានប្រសាសន៍ថា  នៅព្រឹកមិញនេះ ក្រសួងបានធ្វើការបង្ហាញពីភាពខុសគ្នារវាងទិន្នន័យនៃការនាំខ្សាច់ទៅប្រទេសសង្ហបុរី ទៅក្រុមអង្គការសង្គមស៊ីវិលហើយ  ប៉ុន្តែលោក

ថាចំពោះការស្នើផ្អាកការនាំចេញនោះក្រសួងនឹងពិចារណា។

លោកថា៖”យើងមិនធើ្វការសម្រេចចិត្តដោយផ្អែកទៅលើការស្នើសូមការឯកភាពណាមួយពីសង្គមស៊ីវិលទេ  ប៉ុនែ្តការសម្រេចចិត្តរបស់ក្រសួងផែ្អកទៅលើលក្ខណ:ជាផលប្រយោជន៍របស់ប្រទេសជាតិយើងបានចេញអនុក្រឹត្យថី្មមួយទាក់ទងទៅនិងការនាំចេញផលិតផលរ៉ែ។ ចឹងការនាំចេញនូវលទ្ធផលរ៉ែនេះ មានការកិរិយាមួយចំនួនដែលគាត់បំពេញនៅពេលដែលយើងពិនិត្យឃើញថាត្រឹមត្រូវអាចនាំចេញទៅបានយើងនិងផ្ដល់សិទិ្ធនាំចេញ។ ចឹងដូចជាការនាំចេញខ្សាច់នេះដែលការសម្រេចចិត្តថានិងបន្តនាំចេញនិងការមិនបន្តនាំចេញដោយបន្តតម្លៃផលប្រយោជន៍សម្រាប់ជាតិយើងហើយមិនមែនតែផលប្រយោជន៍សេដ្ឋកិច្ចជាតិតែមួយមុខនោះទេត្រូវមើលបរិស្ថានសេដ្ឋកិច្ចសង្គម”។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ អង្គការសង្គមស៊ីវិលចំនួន៤៧ស្ថាប័ន ស្នើឲ្យ ក្រសួងរ៉ែនិងថាមពល បង្ហាញពីឈ្មោះប្រទេសដែលកម្ពុជាបាននាំខ្សាច់ចេញទៅលក់ រួមទាំងតម្លៃ និងបរិមាណនៃខ្សាច់ដែលនាំចេញទៅកាន់ប្រទេសនីមួយៗ ដោយថាតួលេខរបស់រដ្ឋាភិបាលកម្ពុជាខុសគ្នានឹងតួរលេខរបស់ប្រទេសសិង្ហបុរីជាអ្នកទិញខ្សាច់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ