ឃីម ឌីម៉ា ​បានត្រឹម​ស្មើ​ពិន្ទុ​ក្នុងជំនួប​ជាមួយ​កីឡាករថៃ

ឃីម ឌីម៉ា បានត្រឹម​ស្មើ​ពិន្ទុ​ក្នុងជំនួប​ជាមួយ​កីឡាករថៃ (សុខ ឆាយ)

ការប្រដាល់អន្តរជាតិកាលពីថ្ងៃអាទិត្យទី១៣ វិច្ឆិកា កីឡាករជើងខ្លាំង ឃីម ឌីម៉ា ដែលគេស្គាល់ថាជាកីឡាករល្បីឈ្មោះផ្នែកប្រដាល់ក្នុងទ្រុង បានត្រឹមតែស្មើពិន្ទុជាមួយកីឡាករថៃប៉ុណ្ណោះ ខណៈការប្រកួតរបស់គេក៏មើលទៅចាញ់ប្រៀបគូប្រកួតផង។ នេះជាការប៉ះប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដើម្បីអបអរពិធីបុណ្យអុំទូកដែលបានមកដល់តាំងពីថ្ងៃអាទិត្យនោះ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា លោកគឺជាអ្នកដាក់កីឡាករ ឃីម ឌីម៉ា មកពីក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ អោយឡើងប៉ះប្រកួតជាមួយកីឡាកថៃឈ្មោះ Youk Phit ក្នុងនាមជាគូឯក បើកឆាកអន្តរជាតិ ដើម្បីអបអរទិវារបុណ្យអុំទូកនោះ។

លោកថាជំនួបរវាងពួកគេមិនមែនជារឿងចៃដន្យនោះទេ ដោយសារតែខាងកីឡាករកម្ពុជាក៏មានបំណងចង់ឡើងប្រកួត នៅពេលបានដឹងថាជើងខ្លាំងរបស់ថៃ York Phit ត្រូវបានដាក់អោយឡើងរេញ។ លោកថាកីឡាករថៃគូនេះជាជើងខ្លាំងវ័យក្មេងនិងមិនដែលបានឡើងមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់តំាំងពីសង្វៀនរបស់លោកបើកប្រកួតអន្តរជាតិផ្លូវការ។ ក្នុងនោះលោកក៏ទទួលដំណឹងថា ជើងខ្លាំងរបស់ថៃរូបនេះ មិនធ្លាប់មកប្រកួតនៅក្នុងប្រទេសកម្ពុជានៅលើសង្វៀនរបស់ប៉ុស្ដិ៍នោះផង។

លោកថា កីឡាករថៃជាជើងខ្លាំងវ័យក្មេង ប៉ុន្តែគេធ្លាប់ប្រកួតបាន៧១លើក ឈ្នះ៦១លើក និងចាញ់៩លើក ក្នុងពេលដែលកីឡាករ ឃីម ឌីម៉ា ធ្លាប់ប្រកួតបាន៨៤លើក ឈ្នះ៧០លើក ចាញ់១២លើក និងស្មើ២ដង។

លោក ញៀន សុធី បញ្ជាក់ថា ឃីម ឌីម៉ា មិនគួរនឹងចាញ់ការប្រកួតដែលបានធ្វើឡើងនោះទេ ដោយសារតែភាពជាក់ស្ដែង គឺកីឡាករកម្ពុជាទាំងមានបទពិសោធន៍ខ្ពស់ជាង និងមានប្រវត្តិចូលប្រកួតយូរជាង ជាពិសេសការប្រដាល់ដាក់ទ្រុង។

លោកថាគូនេះគ្រាន់តែឡើងប្រកួតគ្នាភ្លាម គឺកីឡាករថៃមានប្រៀបតែម្ដង ដោយសារតែគេវាយលុកបានល្អ និងមានកណ្ដាប់ដៃខ្លាំង។ លោកថាមុនពេលការប្រកួតចាប់ផ្ដើម កីឡាករកម្ពុជា ត្រូវគេប៉ាន់ស្មានភាគច្រើនថានឹងឈ្នះការប្រកួត ដោយផ្អែកថាសមាសភាពមកពីប្រទេសថៃវ័យក្មេង ហើយមានប្រវត្តិប្រកួតតិចជាង ឃីម ឌីម៉ា។

ប៉ុន្តែនៅពេលការប្រកួតចាប់ផ្ដើម អ្វីដែលមិនដូចការគិតនោះទេ ដោយសារតែកីឡាករថៃដែលក៏ត្រូវកត់សម្គាល់ថាមានមាឌតូចជាងនិងមានប្រវត្តិប្រកួតតិចជាង បែរជាមានជំហររឹងជាង ហើយបច្ចេកទេសក្នុងការវាយចេញរបស់គេក៏មើលទៅរស់រវើក។ គ្រាន់តែផ្ដើមទឹកទី១ លោកថាកីឡាករថៃលែងខ្លាំងតែម្ដង ដោយកីឡាករ ឃីម ឌីម៉ា ទោះជាប្រឹងយ៉ាងណា ក៏វាយមិនចុះនោះមកនៅអំឡុង៣ទឹកដំបូង។ រហូតដល់ទឹកទី៤ និងចុងទឹកទី៥ ទើបគេឃើញកីឡាករកម្ពុជារកឃើញចំណុចខ្សោយ ហើយវាយត្រូវច្រើនទៅលើកីឡាករថៃ។

ស្ថានភាពប្រកួតនៅក្នុងទឹកនោះមានការស្រែកកញ្ជ្រោលពីក្រុមអ្នកទស្សនាយ៉ាងច្រើន ដោយសារតែកីឡាករកម្ពុជាចាប់មានសន្ទុះ ហើយវាយត្រូវច្រើនទៅលើកីឡាករថៃ។ ប៉ុន្តែមិនមានន័យថាកីឡាករថៃទន់ជំហរក្រោយពីបានបញ្ចេញសមត្ថភាពពេញ៥ទឹកក្នុងការវាយសន្ធាប់ទៅលើគូប្រកួតនោះទេ គឺគេនៅតែល្អ ដោយគ្រាន់តែមិនសូវមានឱកាសវាយចេញទៅលើ ឃីម ឌីម៉ា ដូចមុនប៉ុណ្ណោះ។

ដោយសារតែហេតុផលវាយចេញបានច្រើនទឹកទី៤និងទឹកទី៥នោះហើយ ដែលលោកយល់ថាលទ្ធផលស្មើរបស់គូនេះគឺជារឿងសមស្រប។

លោកនិយាយថា៖ «បើកុំអោយបានពីរទឹកចុងក្រោយ កុំអីឱកាសស្មើក៏អត់ដែរ ដោយសារតែកីឡាករថៃមកលើកហ្នឹងគឺល្អ!»។

លោកថា ឃីម ឌីម៉ា ទទួលបានលទ្ធផលស្មើទាំងឈឺខ្លួន ហើយនេះជាលទ្ធផលក៏មានអ្នកទស្សន៍ទាយមិនច្រើនស្មានត្រូវនោះដែរ ដោយផ្អែកតាម ឃីម ឌីម៉ា ក្រៅពីមានសមត្ថភាពផ្នែកប្រដាល់ ក៏ខ្លាំងផ្នែកប្រដាល់ដាក់ទ្រុងដែលមានប្រៀបល្អជាងប្រវត្តិរបស់កីឡាករថៃ។

នៅថ្ងៃនោះដែរ កីឡាករ រិទ្ធិ មុន្នី ដែលបានប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Chham Nadet គឺបានឈ្នះពិន្ទុដោយជោគជ័យ បន្ទាប់ពីប្រើសមត្ថភាពពេញទំហឹងពេញរយៈពេល៥ទឹក។ គូនេះធ្វើអោយមានការចាប់អារម្មណ៍ច្រើនដោយសារតែពួកគេម្នាក់ៗសុទ្ធតែប្រឹងរៀងខ្លួន ដើម្បីចង់ឈ្នះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ