គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ បានចុះហត្ថលេខាចូលជាសមាជិក ប្រទេសដែលស្រាវជ្រាវ និង ការកែច្នៃបច្ចេកវិទ្យាថាមពលព្រះអាទិត្យដើម្បីបម្រើការអភិវឌ្ឍន៍។
ទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានផ្សព្វផ្សាយថា កាលពីថ្ងៃអង្គារម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានចុះហត្ថលេខាយល់ព្រម ដើម្បីឲ្យកម្ពុជាក្លាយជាសមាជិកនៃសម្ព័ន្ធភាពថាមពលពន្លឺព្រះអាទិត្យអន្តរជាតិ។ ការចុះហត្ថលេខានេះ ធ្វើឡើង នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារុក។
ទំព័រហ្វេសប៊ុកក្រសួងបរិស្ថានឲ្យដឹងដែរថា គំនិតផ្តួចផ្តើមនៃសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅក្នុងសន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២១ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីចុងឆ្នាំ២០១៥ ក្នុងគោលបំណងឱ្យប្រទេសទាំងអស់ធ្វើការរួមគ្នាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសមស្រប។