លោក សម រង្ស៊ី ផ្ញើសារនយោបាយ៧ចំនុចឡើងវិញ ខណៈការបោះឆ្នោតជិតមកដល់

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បានរំឭកសារនយោបាយដូចអាណត្តិមុន ឡើងវិញ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជិតមកដល់ គឺទប់ស្កាត់អំពើពុករលួយ រកទីផ្សារជូនកសិករ តម្លើងប្រាក់ខែជូនកម្មករ មន្ត្រីរាជការ បញ្ហាព្រំដែន និងបញ្ហាមួយចំនួនទៀត។

កាលពីយុទ្ធនាការឃោសនារកសំឡេងឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានប្រកាសពីគោលនយោបាយ៧ចំនុច ដែលសារនយោបាយនោះ ក្រោយការបោះឆ្នោត បក្សប្រឆាំងបានកើនអាសនៈរហូត៥៥ ប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ដែលធ្លាក់ពី៩០អាសនៈមកត្រឹម៦៨វិញ។

នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវតាមវីដេអូឃ្លីបមួយ រំឭកឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយថាអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោត ទើបមានសិទ្ធិបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំដែលខ្លួនមិនពេញចិត្តបាន។

ការរំឭកជាថ្មីទៀត ឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត របស់លោក សម រង្ស៊ី នេះ ចំពេលដែលដំណើរការចុះឈ្មោះនៅសល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ ត្រូវ គ.ជ.ប បិទបញ្ចប់។

លោក សម រង្ស៊ី រំឭកតាមវីដេអូឃ្លីបនោះ ក្នុងន័យលើកស្ទួយជីវភាពកម្មករ មន្ត្រីរាជការ តាមរយៈតម្លើងប្រាក់ខែខ្ពស់ សមរម្យ លើកស្ទួយជិវិភាពកសិករ តាមរយៈរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម  ប្រឆាំងនឹងអំពើពុករលួយ គោរពសិទ្ធិមនុស្សតាមរយៈមិនឲ្យមានការរំលោភដីធ្លី និងការពារបូរភាពទឹកដីជាដើម។

បើតាម លោក សម រង្ស៊ី ការទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ទើបអាចផ្លាស់ប្តូរមេដឹកនាំ ដែលលោកថា «ផ្តាច់ការបាន»។

លោកថា៖ «បើមិនចង់ឃើញការបាត់បង់ទឹកដីដោយបរទេសឈ្លានពាន បង្ខិតព្រំដែនចូលមកទឹកដីកម្ពុជា បើមិនចង់ឃើញការហូរចូលជនអន្តោប្រវេសន៍ គឺនិគមបរទេសដែលបម្រើឲ្យផែនការមួយ ធ្វើឲ្យកម្ពុជាខ្លាចជាអាណានិគមនិយមនៃប្រទេសជិតខាង បើចង់ឲ្យបរទេសគោរពយើងជាខ្មែរ យើងជាប្រទេសឯករាជ្យ យើងមានមេដឹកនាំថ្លៃថ្នូរ យើងអត់មានជំពាក់គុណបរទេសណា យើងបម្រើឲ្យខ្មែរតែមួយ។ សូមបងប្អូនប្រើសិទ្ធិបោះឆ្នោត ដើម្បីផ្លាស់ប្តរមេដឹកនាំសព្វថ្ងៃ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលការអះអាងរបស់ លោក សម រង្ស៊ី នេះ។ លោក សុខ ឥសាន បានប្រតិកម្មតបវិញ បែបនេះ៖ «ខ្ញុំយល់ថា ដូចជាមិនគួរចាប់អារម្ភអីពេកទេ។ គាត់និយាយក្នុងក្តីស្រមើស្រមៃ ខ្ញុំវាយតម្លៃទៅគាត់ហ្នឹង ឡើងដល់ចំនុចកំពូលឆ្នាំ២០១៣ហ្នឹង ហើយក្រោយ២០១៣ គាត់ភូតភរ កុហកអ្នកគាំទ្រគាត់ ពីតំណាក់កាលមួយទៅតំណាក់កាលមួយ ពីមួយឆ្នាំទៅមួយឆ្នាំ វាអត់បានការអី។ អញ្ចឹងទេ វាបាត់ជំនឿជឿជាក់ពីអ្នកគាំទ្រគាត់ពីមុនមក។ អញ្ចឹងទេរឿងអីគាត់ទៅឈ្នះអាឆ្នាំ២០១៣ វាឡើងដល់កំពូលហើយ តែអាឆ្នាំ២០១៨ហ្នឹង វាជាងចុះមកជាងពាក់កណ្តាលទៅវិញហើយ វាធ្វើអីទៅឈ្នះកើត»។

ប៉ុន្តែសម្រាប់សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិញវិភាគថា សារនយោបាយរបស់មេដឹកនាំបក្សប្រឆាំង នៅតែជាសារទាក់ទាញសំឡេងគាំទ្រពីម្ចាស់ឆ្នោត ដោយលោកថាបើគណបក្សកាន់អំណាច នៅតែមិនអាចធ្វើកំណែទម្រង់ផ្តល់យុត្តិធម៌ដល់ពលរដ្ឋដែលធ្លាប់រងគ្រោះឡើងវិញបាននោះ។

លោកថា៖ «អ្វីដែលឯកឧត្តម សម រង្ស៊ី លើកឡើង វាជាចំនុចគន្លឹះមួយ ក្នុងការទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋបាន ពីព្រោះថា អ្វីដែលគាត់បានលើកនៅក្នុងសារហ្នឹង គឺវាពុំទាន់បានដោះស្រាយបានទាំងស្រុង។ បានន័យថា សមាជិកសង្គមដែលជាប្រជាពលរដ្ឋកម្ពុជាហ្នឹង គាត់មិនទាន់ទទួលបាននូវអ្វីដែលគាត់ត្រូវការ។ អញ្ចឹងទេអ្វីដែលគាត់លើកឡើងហ្នឹង គឺជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ អញ្ចឹងទេសារ របស់គាត់ហ្នឹងនៅតែមានឥទ្ធិពលនៅក្នុងស្រទាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីទាញយកប្រជាប្រិយភាពក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំនេះនិងឆ្នាំក្រោយបោះឆ្នោតសកលនឹងនៅតែមានតម្លៃ»។

យ៉ាងណាក៏ដោយ តំណាងរាស្ត្ររបស់គណបក្សប្រឆាំងដែលសកម្មក្នុងការរិះគន់រឿងព្រំដែន មានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ត្រូវបានរដ្ឋាភិបាលប្តឹង ហើយពេលនេះអ្នកទាំងពីរកំពុងជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស បើទោះបីសង្គមស៊ីវិលជាតិនិងអន្តរជាតិជំរុញឲ្យដោះលែង ដោយចាត់ទុកថាវិធានការចាប់ខ្លួននោះ ជារឿងនយោបាយក៏ដោយ។

ចំណែក លោក សម រង្ស៊ី វិញបានជាប់បណ្តឹងច្រើនករណីនៅតុលាការ ដែលប្តឹងដោយមន្ត្រីគណបក្សកំពុងគ្រប់គ្រងអំណាច។

គួររំឭកថា មេបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់និរទេសខ្លួនទៅរស់នៅក្រៅប្រទេសម្តងហើយ ប៉ុន្តែក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកភ្លើងខៀវឲ្យមេបក្សប្រឆាំងរូបនោះបានចូលកម្ពុជា ដឹកនាំធ្វើនយោបាយឡើងវិញ អំឡុងជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ