តំណាងរាស្ត្រអាមេរិកដែល​​រិះគន់លោក ហ៊ុន សែន នឹងបានតួនាទីជារដ្ឋមន្ត្រីការបរទេស

តំណាង​​រាស្ត្រអេមេរិក លោក ដាណា រ៉ូបាកឃឺ (Washington Times)

តំណាងរាស្ត្រអាមេរិកមួយរូបដែលធ្លាប់តែរិះគន់មេដឹកនាំកម្ពុជា កំពុងស្ថិតក្នុងការពិចារណាផ្តល់តួនាទីជារដ្ឋមន្ត្រីការបរទេសអាមេរិក ខណៈលោក ដូណាល់ ត្រាំ ជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មីនៅចុងឆ្នាំ២០១៦នេះ។

យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ មានខ្លឹមសារថា កាលពីឆ្នាំ១៩៩៨ តំណាងរាស្ត្រអេមេរិក លោក ដាណា រ៉ូបាកឃឺ (Dana Rohrabacher) បានដាក់ចេញនូវសេចក្តីសម្រេចចម្រូងចម្រាសមួយនៅសភាអាមេរិកក្នុងគោលបំណងចោទប្រកាន់លោក ហ៊ុន សែនថា «ជាមនុស្សពុករលួយ ជាមនុស្សព្រៃផ្សៃ ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំនៃរបបប្រល័យពូជសាសន៍កម្ពុជា ជាជនផ្តាច់ការ ជាឃាតករឲ្យប៉ុលពត ជាឧក្រិដ្ឋជនសង្គ្រាម» ផងដែរ ខណៈបច្ចុបន្ននេះ តំណាងរាស្ត្ររូបនោះ កំពុងត្រូវបានគេពិចារណាផ្តល់តួនាទីជារដ្ឋមន្ត្រីការបរទេសអាមេរិក ក្រោមការដឹកនាំដោយប្រធានាធិបតីថ្មីលោក ដូណាល់ ត្រំា។

កាសែតបន្តថា កាលពីអំឡុងកម្ពុជាបោះឆ្នោតឆ្នាំ២០១៣ លោក ដាណា រ៉ូបាកឃឺ ក៏បានប្រាប់ទៅសភាអាមេរិកថា៖ «វាដល់ពេលលោក ហ៊ុន សែន ត្រូវចាកចេញពីតួនាទីដឹកនាំប្រទេសកម្ពុជាហើយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មិនចាប់អារម្មណ៍នឹងលោក ដាណា រ៉ូបាកឃឺ រិះគន់រដ្ឋាភិបាលកម្ពុជានោះទេ លោកថា បើទោះជាលោក ដាណា រ៉ូបាកឃឺ ជាប់ជារដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បុគ្គលរូបនោះគ្មានសិទ្ធិជ្រៀតជ្រែកម្ពុជា ផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកបានទេ ខណៈកម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន៖ «នៅតែមានទំនាក់ទំនងល្អរវាងកម្ពុជានិងអាមេរិកដដែលទេ វាអត់មានបញ្ហាអ្វីទេ ទោះបីជាគាត់មានទស្សនៈជាបុគ្គល ចង្អៀតចង្អល់ជាមួយនឹងកម្ពុជាក្តី គាត់មិនអាចធ្វើអ្វីតាមអំពើចិត្តគាត់បាន ក្រៅពីគោលនយោបាយការបរទេសរបស់ប្រធានាធិបតី(ដូណាល់ ត្រំា)ទេ»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សមិនចាប់អារម្មណ៍អ្នកណាធ្វើជាប្រធានាធិបតីនិងជារដ្ឋមន្ត្រីការបរទេសថ្មីនៅអាមេរិកទេ ប៉ុន្តែលោកថារាល់ការផ្តល់អនុសាសន៍មួយចំនួនដែលល្អ គណបក្សសង្គ្រោះជាតិធ្វើតាម ដើម្បីឲ្យកម្ពុជាក្លាយទៅប្រទេសនីតិរដ្ឋ។

យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ ស្នើទៅប្រធានាធិបតីអាមេរិកយកចិត្តទុកដាក់កម្ពុជា ដើម្បីឲ្យកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៖ «យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក (ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រំា) ដែលឡើងថ្មី សូមយកចិត្តទុកដាក់ប្រទេសកម្ពុជាឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវជាលក្ខណៈសកល ឲ្យមានយុត្តិធម៌សង្គម ហើយរួមចំណែកក្នុងការធ្វើឲ្យប្រទេសយើងក្លាយទៅជាប្រទេសដែលមានអនាគតរុងរឿងក្នុងពេលអនាគតផង»។

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ យល់ថា បើអាមេរិកផ្តល់តួនាទីឲ្យ លោក ដាណា រ៉ូបាកឃឺ ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក លោកថាអាចធ្វើឲ្យកម្ពុជាមានផលវិជ្ជមាននិងអវិជ្ជមាន ដោយលោកបានពន្យល់ដូចនេះថា៖ «វិជ្ជមាន ដោយសារគាត់យកចិត្តទុកដាក់មកលើកម្ពុជាជាងមុន គាត់ស្គាល់កម្ពុជារួចហើយ គាត់ដឹងពីរដ្ឋាភិបាលនៅក្នុងកម្ពុជារួចហើយ គាត់ដឹងពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា អ្វីដែលជាអវិជ្ជមាន គឺការធ្វើគោលនយោបាយអន្តរជាតិ គឺការជំរុញឲ្យដូររបបឬមួយក៏ដូរគណបក្សកាន់អំណាច(ដូរគណបក្សប្រជាជនកម្ពុជា)ជារឿងមួយដែលអាចវិជ្ជមាន តែយើងមិនទាន់ដឹងលទ្ធផល ប៉ុន្តែអាចគ្រោះថ្នាក់ មួយទៀតវាអាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែមានការព្រួយបារម្ភ ហើយកាន់តែចូលស៊ងជាមួយនឹងចិន ក៏វាអាចជារឿងមូយផ្សេង មានក្រុមមួយទៀតទៅចាប់ជាមួយមហាអំណាចមួយ ខ្មែរយើងអាចទៅជារឿងផ្ទៃក្នុងកាន់តែខ្លំាងទៅទៀត ជាអាចរឿងអវិជ្ជមាន ឬមួយក៏មានគ្រោះថ្នាក់មួយដែលយើងមើលមិនដល់ដែរ»។

កាសែតភ្នំពេញប៉ុស្តិ៍ឲ្យដឹងទៀតថា លោក ដាណា រ៉ូបាកឃឺ បច្ចុប្បន្នជាប្រធាននៃអនុគណៈកម្មាធិការកិច្ចការបរទេស នៃសភាអាមេរិកសម្រាប់ អ៊ឺរ៉ុប-អាស៊ី ដែលជាអ្នករិះគន់ខ្លំាងៗចំពោះលោក ហ៊ុន សែន អស់រយៈពេល២០ឆ្នំាចុងក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ