បក្សប្រឆាំងនឹងធ្វើយុទ្ធនាការទូទាំងប្រទេសជំរុញឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត

គណបក្សសង្រ្គោះជាតិគ្រោងធ្វើយុទ្ធនាការទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះឆ្នោតគ្រប់គ្នា ដែលតាមគម្រោងយុទ្ធនាការនេះ នឹងធ្វើនៅសប្តាហ៍ចុងក្រោយមុនការបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតនៅចុងខែវិច្ឆិកានេះ។

អ្នកនាំពាក្យបក្សប្រឆាំងលោក យឹម សុវណ្ណបានប្រាប់វីអូឌីនៅថ្ងៃនេះថា ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិនៅតាមបណ្តាខេត្តនីមួយៗនឹងដឹកនាំសមាជិករបស់ខ្លួនធ្វើយុទ្ធនាការនេះ នៅសប្តាហ៍ចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត ដោយធ្វើការចែកចាយខិតប័ណ្ណទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត និងប្រើប្រាស់ឧបករណ៍បំពងសំឡេងតាមម៉ូតូ រឺម៉ក ដើរទៅតាមនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ និងនៅតាមទីប្រជុំជនក្នុងរយៈពេលមួយសប្តាហ៍។

លោកបានបន្ថែមថាលោកមិនមានការព្រួយបារម្ភអ្វីចំពោះការរារាំងរបស់អាជ្ញាធរនៅពេលធ្វើយុទ្ធនាការនោះទេ ព្រោះគ.ជ.បធ្លាប់បានប្រកាសថាប្រជាពលរដ្ឋអាចផ្សព្វផ្សាយព័ត៌មានទាក់នឹងការការចុះឈ្មោះបោះឆ្នោតតៗគ្នាដើម្បីបង្ករឱ្យមានការចុះឈ្មោះបោះឆ្នោតបានគ្រប់ចំនួន។

របាយការណ៍របស់គ ជ ប បានបង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិការ គឺពលរដ្ឋចុះឈ្មោះបោះឆ្នោតមានចំនួន  ៧ ២៧៣ ៧៤៨នាក់ គឺចុះបានចំនួនគឺស្មើ៧៥, ៥៨% ក្នុងចំណោមពលរដ្ឋគ្រប់អាយុសរុប ៩ ៦៦៤ ២១៦នាក់។ មានន័យ ពលរដ្ឋដែលគ្រប់អាយុហើយមិនទាន់បានទៅចុះឈ្មោះនៅសល់២ ៣៩០ ៤៦៨នាក់ទៀត ខណៈការចុះឈ្មោះបោះឆ្នោតនឹងបិទបញ្ចប់នៅថ្ងៃទី២៩ខែវិច្ឆិកាខាងមុខនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ