ពលរដ្ឋម៉ាឡេស៊ីរាប់ពាន់នាក់ ប្រមូលផ្តុំនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យលោក ណាជីប រ៉ាហ្សាក់ចុះចេញពីតំណែង ដោយពួកគេចោទថា នាយករដ្ឋមន្ត្រីរូបនេះ ជាប់ពាក់ព័ន្ធរឿងអាស្រូវធ្វើឲ្យបាត់បង់លុយជាតិ អស់រាប់ពាន់លានដុល្លារ។
ក្នុងសម្លៀកបំពាក់អាវយឺតពណ៌លឿង ដោយមិនព្រួយបារម្ភពីការចាប់ខ្លួន ពួកគេធ្វើដំណើរឆ្ពោះទៅរកទីតាំងកណ្តាលទីក្រុងកូឡាឡាំពួរ ទាំងសន្តិសុខស្ថិតនៅក្នុងសភាពតានតឹង។
ការតវ៉ានេះ រៀបចំហាក់ដូចជា ពិធីបុណ្យមួយយ៉ាងអធឹកអធម គឺមានលេងតន្ត្រី មានចម្រៀង មានការថ្លែងសុន្ទរកថា និង សូត្រធម៌ ដែលអំពាវនាវឲ្យពលរដ្ឋចូលរួមឲ្យបានច្រើនដើម្បីសំអាតម៉ាឡេស៊ី និង អ្នកកាន់អំណាច។
ការតវ៉ានេះ ជាការមិនពេញចិត្ត នឹងលោក ណាជីប ដែលបាន ប្រព្រឹត្តកំហុសធ្វើឲ្យបាត់បង់លុយជាតិ ការបង្ក្រាបលើអ្នកតវ៉ា និង រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយដើម្បីការពារអំណាច។
មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យក្រុម Bersih ជាអ្នករៀបចំការប្រមូលផ្តុំនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ រួមទាំងអ្នកលេចមុខក្នុងការតវ៉ាផ្សេងទៀត ក្នុងនោះមានទាំងថ្នាក់ដឹកនាំគណបក្សប្រឆាំង និង សកម្មជនជាសិស្សនិស្សិតក៏ត្រូវចាប់ខ្លួនដែរ។ ប៉ុន្តែទោះយ៉ាងណា ចលនានៃការតវ៉ានេះនៅតែបន្ត។
នគរបាលបានចោទថា ការតវ៉ានេះ គឺធ្វើឡើងដោយខុសច្បាប់។
ប៉ុន្តែអនុប្រធានក្រុម Bersih ថ្លែងថា ចលនានេះធ្វើឡើងដើម្បីជាតិ៖ យើងមិនមែនធ្វើឲ្យជាតិធ្លាក់ចុះទេ! យើងស្រលាញ់ប្រទេសនេះ! យើងមិននៅទីនេះសម្រក់ទឹកភ្នែកដោយសាររដ្ឋាភិបាលទេ! គឺយើងត្រូវតែរឹងមាំ។ លោក chair Shahrul Aman Shaari ថ្លែងសារនេះ ទៅកាន់ហ្វូងមនុស្សនៅ National Mosque។
ចំណែកមេដឹកនាំការតវ៉ាមួយរូបទៀតឈ្មោះ Hishamuddin Rais ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសៅរ៍នេះ នៅកន្លែងតវ៉ា។ នគរបាលក៏បានព្រមានដល់អ្នកចូលរួមតវ៉ាផ្សេងៗទៀត។
តាមទីភ្នាក់ងារសារព័ត៌មាន Bernama គឺអ្នកចូលរួមបាតុកម្មនៅព្រឹកនេះ មានប្រមាណ៧០០០នាក់។