មេដឹកនាំគណបក្សប្រឆាំងបន្តអវត្តមានពីកិច្ចប្រជុំសភា

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្នាក់នៅតែក្នុងស្នាក់ការបក្សដោយថាមកពីការភ័យខ្លាចនោះ បានបន្តអវត្តមាននៅក្នុងពេលបើកសម័យប្រជុំសភាពេញអង្គនៅថ្ងៃនេះ បើទោះជាមុនថ្ងៃបើកកិច្ចប្រជុំនេះ មានព័ត៌មានមួយចំនួនបង្ហើបថា លោក កឹម សុខា មានបំណងចូលប្រជុំសភាវិញបន្ទាប់ពីខកខានប្រមាណជាង៥ខែមកនោះ។

នៅពេលបើកសម័យប្រជុំសភានៅថ្ងៃអង្គារនេះ គេឃើញមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមផងដែរ ក្នុងនោះបើតាមបញ្ជីវត្តមាន គឺមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបក្នុងចំណោម៦៨រូប ខណៈគណបក្សសង្រ្គោះជាតិបានចូលរួមតែ៣៩រូបលើ៥៥រូប ដោយមិនមានវត្តមានលោក កឹម សុខា និងលោក សម រង្ស៊ី នោះទេ។

កិច្ចប្រជុំរដ្ឋសភានៅថ្ងៃនេះ ផ្តោតសំខាន់លើលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការចាយវាយនៅឆ្នាំ២០១៧។

បើតាមសេចក្តីព្រាងច្បាប់ថវកាជាតិនោះ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាតិជិតប្រាំពាន់លាន ( ៤.៩៨៣.៨១៦.៥៤០) ដុល្លារអាមេរិកនៅឆ្នាំ២០១៧ ក្នុងនោះក៏គ្រោងខ្ចីលុយបរទេសប្រមាណមួយពាន់លានដុល្លារទៀតផង។

បើទោះជាមិនបានចូលប្រជុំសភាក៏ដោយ តែលោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា៖ «ថវិកាជាតិប្រមាណ៥ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំនេះ គឺជាថវិការបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាម្ចាស់ មិនមែនជាថវិការបស់មេដឹកនាំណាឬគណបក្សនយោបាយណាមួយនោះទេ»។

លោកបន្តថា៖ «ប្រាក់កម្ចីពីគេមួយឆ្នាំប្រមាណ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាអ្នកសង ជាពិសេសយុវជននិងក្មេងជំនាន់ក្រោយជាអ្នកសង មិនមែនជាបន្ទុករបស់អ្នកដឹកនាំរាជរដ្ឋាភិបាលឬគណបក្សនយោបាយកាន់អំណាចជាអ្នកត្រូវសងតែឯងនោះទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ