អភិបាលរាជធានីថាបក្សប្រឆាំង «ចូលចិត្តធ្វើអ្វីខុសច្បាប់»

សាច់ញាតិជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅស្ពានពេជ្រ

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានយកពិធីប្រារព្វខួប៦ឆ្នាំនៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ រិះគន់គណបក្សប្រឆាំងថា មិនបានបំពេញតួនាទីជាអ្នកតំណាងរាស្ត្រ និងថាចូលចិត្តធ្វើអ្វីៗខុសនឹងរដ្ឋធម្មនុញ្ញ។

សោកនាដកម្មនៅលើស្ពានពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បង្កឲ្យមនុស្សជាង៣៥០នាក់ស្លាប់ និងជាង៧០០នាក់ផ្សេងទៀតបានរងរបួស។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដទេ ក្រៅពីអះអាងថាជាព្រឹត្តិការណ៍រត់ជាន់គ្នា។

ក្នុងពិធីរំឭកខួប៦ឆ្នាំនៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅស្ពានពេជ្រដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានរំឭកក្រុមគ្រួសារជនរងគ្រោះ ដែលបានចូលរួមឲ្យពួកគេទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយថាដើម្បីបានជ្រើសរើសមេដឹកនាំ មានលទ្ធភាពធ្វើឲ្យប្រទេសមានសន្តិភាពនិងជំរុញការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

ក្រៅពីលើកសរសើរពីស្នាដៃរបស់រដ្ឋាភិបាល លោក ប៉ា សុជាតិវង្ស ក៏បានងរិះគន់ចំៗទៅលើគណបក្សសង្គ្រោះជាតិ បែបនេះដែរថា៖ «បក្សប្រឆាំងបានធ្វើពហិកា៦ខែហើយអត់ចូលរួមប្រជុំទេ ប៉ុន្តែស្រាប់តែថ្ងៃនេះ ចូលហើយៗធ្វើពហិកាយូរៗទៅអស់ការគាំទ្រ គេអត់យល់ មិនដឹងថាបក្សនេះធ្វើទៅដើម្បីអី? តែឥឡូវនេះបានភ្ញាក់រឭកគ្រាន់បើចូលទៅប្រជុំ។ បើធ្វើជាសភាហើយ[តំណាងរាស្ត្រ]មិនចូលរួមប្រជុំ មិនបំពេញករណីកិច្ចជាសភា ដើម្បីតំណាងប្រជាពលរដ្ឋទេ មិនដឹងគេធ្វើសភាដើម្បីអី? ឲ្យប្រជាពលបោះឆ្នោតដើម្បីអី? បើគេអត់ចូលរួម។ គ្រាន់តែប្រជុំមិនចូលរួមផង ហើយចូលចិត្តទៅធ្វើអ្វីដែលវាខុសច្បាប់ ដែលវាមិនត្រូវនឹងក្បួនខ្នាត ច្បាប់រដ្ឋធម្មនុញ្ញរបស់យើង»។

លោក ប៉ា សុជាតិវង្ស អះអាងទៀតថា សន្តិភាពនិងការអភិវឌ្ឍ មិនមែនបានមកដោយងាយៗទេ។ លោកថា បើពលរដ្ឋបោះឆ្នោតជ្រើសរើសមេដឹកនាំខុសនឹងធ្វើឲ្យប្រទេសជាតិជួបវិបត្តិធ្ងន់ធ្ងរ។

លោកថា៖ «យើងចូលរួមហើយ[បោះឆ្នោត] យើងមិនបានពិនិត្យបញ្ហានេះ ឲ្យបានប្រាកដប្រជា យើងរើសមិនត្រូវ ស្មើនឹងធ្វើឲ្យប្រទេសជាតិយើងមិនល្អហ្នឹងឯង សន្តិសុខ សន្តិភាពមិនមាន កើតនូវកលយុគជាថ្មី នៅប្រទេជាតិយើង គឺជួបការលំបាក»។

VOD មិនអាចរកប្រតិកម្មឆ្លើយតបពីគណបក្សសង្គ្រោះជាតិបានទេ ដោយអ្នកនាំពាក្យ លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ មិនលើកទូរសព្ទ។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា ការតវ៉ាដោយសន្តិវិធីឬធ្វើពហិការរបស់គណបក្សដែលមានសំឡេងភាគតិច លោកថាជាសិទ្ធិស្របច្បាប់សម្រាប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

លោក ចាន់ វិបុល ឲ្យដឹងទៀតថា គណបក្សដែលមានសំឡេងភាគច្រើនទៅវិញទេ ដែលរងការរិះគន់ នៅពេលគេឃើញ គណបក្សសំឡេងភាគតិចក្នុងសភាធ្វើពហិកា ដោយលោកថា ព្រោះពេលនោះសាធារណជននឹងដឹងថា គណបក្សដែលមានសំឡេងភាគច្រើន មិនគោរពអ្នកមានសំឡេងភាគតិច ហើយមិនចេះធ្វើការបែបពហុបក្ស។

លោកថា៖ «នៅក្នុងប្រទេសដែលគេប្រកាន់គោលការណ៍ប្រជាធិបតេយ្យឬក៏និយាយថាមាគ៌ានៃអភិបាលកិច្ចបែបប្រជាធិបតេយ្យនេះ គឺគេផ្តល់តម្លៃណាស់ដល់ការធ្វើពហិកានេះដែលមានចែងនៅក្នុងច្បាប់ ពីព្រោះនេះវាស្ថិតនៅក្នុងក្របខណ្ឌច្បាប់។ ហើយការធ្វើពហិកានេះ ធ្វើក្នុងរូបភាពនយោបាយ ដើម្បីដោះដូស្អីមួយ ដើម្បីផលប្រយោជន៍របស់គណបក្សមួយឬដើម្បីផលប្រយោជន៍ប្រទេសជាតិ។ អញ្ចឹងរដ្ឋសភាឬរដ្ឋាភិបាលមិនអាចដាក់គំនាបទៅលើកធ្វើពហិកានេះទេ»។

យ៉ាងនេះក្តីខួប៦ឆ្នាំនៃព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រនេះ គណបក្សសង្គ្រោះជាតិក៏បាននិមន្តព្រះសង្ឃ ធ្វើពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ដូចសាលារាជាធានីដែរ។ ប៉ុន្តែក្នុងពិធីនោះ ប្រធានស្តីទីលោក កឹម សុខា បង្ហាញការខកចិត្តថា ៦ឆ្នាំមកនេះ រដ្ឋាភិបាលនូវតែមិនទាន់បញ្ជាក់ពីមូលហេតុនៃព្រឹត្តិការណ៍បណ្តាលឲ្យមនុស្សស្លាប់គរលើគ្នានោះ ដែលអាចឲ្យគ្រួសារជនរងគ្រោះជឿបាន ហើយក៏គ្មាននរណាម្នាក់ចេញមុខទទួលខុសត្រូវនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ