បក្សប្រឆាំងបារម្ភថារដ្ឋាភិបាលគ្រោងខ្ចីលុយបរទេសខ្វះការគ្រប់គ្រង នឹងបង្កើនអំពើពុករលួយ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ (ណាត សុភាព)

គណបក្សសង្គ្រោះជាតិបង្ហាញការព្រួយបារម្ភ ករណីរដ្ឋសភាអនុម័តឲ្យរដ្ឋាភិបាលខ្ចីពីបរទេសជាង១ពាន់លានដុល្លារសម្រាប់ចំណាយនៅឆ្នាំ២០១៧ថា អាចផ្តល់ឱកាសច្រើនឲ្យមន្ត្រីមួយចំនួនប្រព្រឹត្តអំពើពុករលួយ ដោយថាច្បាប់ថវិកាជាតិមិនចែងលម្អិតពីការចំណាយ។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា រដ្ឋសភាបានបើកសម័យប្រជុំសភាពេញអង្គ ដោយមានវត្តមានតំណាងរាស្ត្របក្សប្រឆំាង៣៩រូប និងគណបក្សប្រជាជនកម្ពុជា៦៧រូប ក្នុងការពិនិត្យនិងអនុម័តលើសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ ដោយមានភាពចម្រូងចច្រាស់។

បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិនោះ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាតិជិតប្រាំពាន់លាន ( ៤.៩៨៣.៨១៦.៥៤០) ដុល្លារអាមេរិកនៅឆ្នាំ២០១៧ ក្នុងនោះក៏គ្រោងខ្ចីលុយបរទេសប្រមាណមួយពាន់លានដុល្លារទៀតផង។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការបក្សនៅព្រឹកនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានថ្លែងប្រាប់អ្នកគំាទ្រនិងអ្នកសារព័ត៌មានថា ករណីរដ្ឋាភិបាលខ្ចីលុយពីបរទេសជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ លោកថាអាចជាដើមចមធ្វើឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួនប្រព្រឹត្តអំពើពុករលួយ។ លោកបានផ្តោតលើមន្ត្រីប្រមូលពន្ធមិនដាក់ចូលថវិកាជាតិ ចំណែកមន្ត្រីអនុវត្តការងារចាយលុយជាតិមិនចំគោលដីមានការកេងបន្លំ ខណៈបំណុលបរទេសចេះតែបន្តកើនឡើងទុកឲ្យកូនចៅជំនាន់ក្រោយជាអ្នកសង។

លោកថា៖ «មិនបាច់ឆ្ងល់ច្រើនទេ មើលពួកពន្ធដារ ពួកគយទៅ ក្រទេ មានពួកពន្ធដារ ពួកគយណាក្រល្ហេមល្ហាមទេ សូម្បីតែកូនគយ វាជិះឡានថ្លៃៗដែរ រាប់ម៉ឺនដុល្លារដែរ ដូច្នេះហើយ យើងត្រូវកែលម្អ ដើម្បីប្រមូលពន្ធដារ ពន្ធគយឲ្យបានត្រឹមត្រូវ»។

លើសពីនេះទៀត លោក សុន ឆ័យ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនបានបោះឆ្នោតលើកដៃគំាទ្រសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់ថវិកាជាតិឆ្នាំ២០១៧នោះទេ ដោយលោកថា ច្បាប់នេះបង្កើតឡើងលឿននិងតក់ក្រហល់ ពោលសភាមិនបានផ្តល់ពេលវេលាច្រើនឲ្យតំណាងរាស្ត្រជជែកដេញដោលគ្នានោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់មន្ត្រីបក្សប្រឆំាងនោះទេ ដោយលោកហៅការលើកឡើងនោះថា ដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។

លោកថា៖ «គាត់កេញចំណេញនយោបាយ គាត់បន្លំប្រជាជន ដូចគាត់វាស្នេហាជាតិជាងគេសំបើមណាស់ គេចាយស្អីក៏ពុករលួយ វាម៉េចស្នេហាជាតិគាត់ចង់លេចអញ្ចឹង បានថាយល់បញ្ហាហ្នឹង គណបក្សប្រឆំាងស្រុកខ្មែរវាមិនចង់ឲ្យប្រទេសជាតិរីកចំរើន ចង់តែពន្លិច គ្មានអ្នកណាធ្វើត្រូវចិត្តគាត់ទេ មានតែគាត់ម្នាក់ឯងធ្វើត្រូវចិត្តគាត់ គាត់រត់ចោលស្រុក(លោក សម រង្ស៊ី) គាត់ឃុំខ្លួនឯង(លោក កឹម សុខា) បានហៅថាអ្នកស្នេហាជាតិ អ្នកដែលគេធ្វើរាល់ថ្ងៃ(រដ្ឋាភិបាលឬមន្ត្រី)អត់មានស្នេហាជាតិបន្តិចសោះ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថារដ្ឋាភិបាលត្រូវបង្ហាញឬផ្សព្វផ្សាយពីចំណូលនិងចំណាយជាសាធារណៈឲ្យបានទូលំទូលាយ ដោយថាកុំឲ្យបក្សប្រឆំាងចោទប្រកាន់រដ្ឋាភិបាលថា ចាត់ចែងថវិកាជាតិមិនមានតម្លាភាព។

លោកថា៖ «តាមស្ថាប័ន តាមក្រសួងមួយៗ របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សកម្មភាព យើងផ្សព្វផ្សាយ យើងបោះពុម្ព យើងដាក់លើគេហទំព័រ ហើយយើងធ្វើឲ្យគណនេយ្យភាពទៅ ចាយលុយអស់ប៉ុន្មាន ចាយលុយលើអ្វីខ្លះ បានលទ្ធផលអ្វីខ្លះ ឲ្យយើងដឹងទំាងអស់គ្នាទៅ វាមានតម្លាភាព វាមានគណនេយ្យភាព ដ៏ពេលយើងអត់ដឹងអ្វីសោះវាពិបាកយើងសន្និដ្ឋាន»។

របាយការណ៍ស្ដីពីថវិកាជាតិដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ជូនសភាជាតិ កាលពីចុងខែកញ្ញា បង្ហាញថា កម្ពុជាមានបំណុលជាតិជាង ៥,៧ ពាន់លានដុល្លារគិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៦ នេះដែលមានចំនួនសរុបប្រហែល ១ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប (GDP)។

តាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បច្ចុប្បន្នកម្ពុជាជំពាក់បំណុលរុស្ស៊ី ៤៥៨ លានដុល្លារ និងអាមេរិក ១៦២ លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ