រដ្ឋាភិបាលកម្ពុជាថានឹងចាត់វិធានការច្បាប់ លើឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយថា បើស្ថាប័នអន្តរជាតិមួយនេះមិនព្រមពិនិត្យឡើងវិញ លើអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលផុតសុពលភាព កាលពីចុងខែធ្នូ ឆ្នាំ២០១៥។
ក្នុងលិខិតរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា បានផ្ញើជូនលោក Zeid Ra’ad Al Hussein តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មានខ្លឹមសារថា អនុស្សារណៈនៃការយោគយល់គ្នាចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមានប្រតិបត្តិការស្របច្បាប់នៅកម្ពុជា បានផុតសុពលភាព ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥មកម៉្លេះ។
ករណីនេះ រដ្ឋាភិបាលកម្ពុជាសម្តែងការខកចិត្តជាខ្លាំង ដោយថាការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បាននិងកំពុងរំលោភម្តងហើយ ម្តងទៀត លើតួនាទីរបស់ខ្លួនដែលបានកំណត់នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នានេះ។
លិខិតដដែលបន្តថា បើឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មិនព្រមទៅសុំបន្តអនុស្សារណៈនៃការយោគយល់គ្នាថ្មីមួយរវាងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍គោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ នោះនៅថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៦នេះ កម្ពុជានឹងប្រើសិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើអនាគតនៃវត្តមានរបស់ស្ថាប័នអន្តរជាតិមួយនេះ៖ «រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តរង់ចំា រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បញ្ជាក់ពិការទទួលយកអនុស្សារណៈនៃការយោគយល់គ្នាថ្មីមួយរវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស»។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ យល់ថា បើរដ្ឋាកម្ពុជាបិទការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នោះនឹងធ្វើឲ្យកម្ពុជាអាប់ឱនលើឆាកអន្តរជាតិ៖ «តួនាទីនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សជាទូទៅ គឺឃ្លាំមើលពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសនីមួយៗ ទោះបីជាបិទការិយាល័យក៏អាចមានតួនាទី និងមានកាតព្វក្នុងការឃ្លំាមើលបញ្ហាសិទ្ធិមនុស្ស ហើយនឹងរាយការទីអង្គការសហប្រជាជាតិដូចតែគ្នា អ្វីដែលអាចប៉ះពាល់គឺគ្រាន់តែមិនមានមនុស្សនៅក្នុងស្រុក វាអាចមានការងារពិបាកជាងមុនក្នុងការឃ្លំាមើលនិងបំពេញតួនាទីមិនធ្ងន់ធ្ងរទេ ប៉ុន្តែបើសិនជាបិទការិយាល័យ ខ្ញុំមើលទៅប្រទេសកម្ពុជានឹងរងរិះគន់ខ្លំាងលើឆាកអន្តរជាតិ»។
ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបើកចាប់តំាងពីឆ្នាំ១៩៩៣ បន្ទាប់ពីកម្ពុជាមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ រាល់របាយការណ៍របស់ភ្នាក់ងារនេះទៅអង្គការសហប្រជាជាតិ ច្រើនតែត្រូវបានរដ្ឋាភិបាលកម្ពុជាទាត់ចោល។
កាលពីដើមឆ្នាំនេះ មន្រ្តីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ លោក ស៊ឺន សាលី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនៃរដ្ខាភិបាលកម្ពុជាចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលត្រូវបានទម្លាយថា មានទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យផ្តល់ចម្លើយកុហកតុលាការថាមិនមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំបក្សប្រឆាំង។ ប៉ុន្តែក្រោយមកលោក ស៊ឺន សាលី ត្រូវបានរួចផុតពីការចោទប្រកាន់នេះ ដោយសារក្រសួងការបរទេសកម្ពុជា ទទួលស្គាល់ថារូបលោកនៅមានអភ័យឯកសិទ្ធិ៕