លោក អេង ឆៃអ៊ាង ថាគ្មានយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាទេ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឲ្យដឹងថា មិនមានយន្តហោះណា ដឹកលោក សម រង្ស៊ី វិលមកប្រទេសកម្ពុជាទេ ទោះបីជាម្ដាយក្មេកលោកទទួលមរណភាពក៏ដោយ ខណៈស្ថានការណ៍នយោបាយនៅតែតានតឹង។

តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា លោក សម រង្ស៊ី គ្រាន់តែមានគម្រោងចង់មក ដើម្បីគោរពវិញ្ញាណក្ខន្ធម្ដាយក្មេករបស់លោក ប៉ុន្តែដោយសារស្ថានការនយោបាយនៅមិនទាន់ធូរស្រាល ទើបលោកមិនអាចវិលមកកម្ពុជាក្នុងពេលនេះ។ លោកថា ប្រសិនបើលោក សម រង្ស៊ី វិលមក អាចមានបញ្ហាប្រឈមគ្នារវាងសមត្ថកិច្ចនៅតាមព្រំដែន។

លោកថា៖ “ប្រសិនជាគាត់មកក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ ច្បាស់គ្មានយន្តហោះណាដឹកគាត់មកទេ ទី២ បើមកក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ បើសិនគាត់ចូលមកដល់ព្រំដែនឬច្រកទ្វា ច្បាស់ជាមានការប្រឈមគ្នា។ ហើយមានការប្រឈមគ្នា អាហ្នឹងមិនមែនជាការមកគោរពវិញ្ញាណក្ខន្ធទេ ទៅជាការមកបំផ្លាញ មកធ្វើឲ្យសពធ្វើឲ្យម្ដាយក្មេកគាត់ដែលបានចែកឋានទៅ វាអត់ស្កប់ទៅវិញ ចឹងបានជាគាត់ត្រូវថ្លឹងថ្លែងនូវរឿងអស់ហ្នឹង“។

លោកបន្តថា ការដែលលោក ហ៊ុន សែន បានចេញលិខិតចូលរួមរំលែកទុក្ខដល់ភរិយាលោក សម រង្ស៊ី នេះថា គ្រាន់តែជាការសម្ដែងគុណធម៌សម្រាប់អ្នកនយោបាយដូចគ្នា គឺមិនទាន់ជាសញ្ញាល្អរឿងនយោបាយនៅឡើយ។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតចូលរួមរំលែកទុក្ខដល់ភរិយាលោក សម រង្ស៊ី ផងដែរ។

គួររំលឹកថា កាលពីលោក សម រង្ស៊ី វិលចូលកម្ពុជាវិញកាលពីខែកក្កដា ឆ្នាំ២០១៣ គឺចំពេលដែលឪពុកបង្កើតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលមរណភាព។ លោក សម រង្ស៊ី បានចេញលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោក ហ៊ុន សែន ហើយក្រោយមកបន្តិច ក៏ឃើញមានលិខិតរបស់នាយករដ្ឋមន្រ្តីទៅកាន់ព្រះមហាក្សត្រសុំលើកលែងទោស លោក សម រង្ស៊ី បើកផ្លូវឲ្យចូលរួមឃោសនាការបោះឆ្នោតឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ