របាយការណ៍មួយបង្ហាញ​ថា​កំហុសឆ្គងក្នុង​​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជាគ្មាន​ផ្លាស់​ប្តូរ​

របាយកាណ៍របស់អង្គការលីកាដូបង្ហាញថាកំហុងឆ្គងក្នុងប្រព័ន្ធយុត្តិធម៌សម្រាប់វិធានការណ៍នានាលើសំណុំរឿងរំលោភផ្លូវភេទលើស្ត្រី និងកុមារចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥គឺគ្មានការផ្លាស់ប្តូរ។

របាយការណ៍ស្តីពីបច្ចុប្បន្នភាពឆ្នាំ២០១៦ ដែលអង្គការលីការដូបានធ្វើការស៊ើបអង្កេតទៅលើសំណុំរឿងរំលោភសេពសន្ថវៈក្នុងឆ្នាំ២០១៥ បានសន្និដ្ខានពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជាគឺមានភាពកម្សោយ។ លីកាដូលើកឡើងដូចនេះដោយផ្អែកលើអំពើពុករលួយរបស់អ្នកអនុវត្តន៍ច្បាប់ អាកប្បកិរិយារើសអើងចំពោះស្រ្តី និងកុមារ និងការខ្វះការយល់ដឺងផ្នែកច្បាប់។

ក្នុងរបាយការណ៍សង្ខេបចំនួន៥ទំព័ររបស់លីកាដូ បានបង្ហាញថាក្នុងឆ្នាំ២០១៥ អង្គការលីកាដូបានធ្វើការស៊ើបអង្កេតទៅលើសំណុំរឿងរំលោភចំនួន២៨២ ករណី មានជនរងគ្រោះចំនួន២៩២នាក់ ហើយមាន ១២៥ករណីតែប៉ុណ្ណោះដែលបានបញ្ចប់។ របាយការណ៍ដដែលនោះក៏បានឲ្យដឹងដែរថា ជាង៧៤,៥% (២១៧នាក់) នៃជនរងគ្រោះទាំងនោះជាកុមារដែលមានអាយុក្រោម១៨ឆ្នាំ ក្នុងនោះកុមារដែលមានអាយុពី១១ឆ្នាំ ទៅ ១៧ឆ្នាំមានចំនួនច្រើនជាងគេដល់ទៅ១២៧នាក់។

អង្គការនេះបានឲ្យដឹងថាក្នុងចំណោមរឿងក្តីដែលបានបិទបញ្ចប់ចំនួន១២៥ករណីនោះ មានករណីមួយមួយចំនួនបានដោះស្រាយដោយមិនសមរម្យ ពោពេញដោយភាពពុករលួយ និងការបកស្រាយច្បាប់ពីសំណាក់តុលាការមួយចំនួនមិនត្រឹមត្រូវ។

លីកាដូឲ្យដឹងថា មាន១៩ករណីត្រូវបានបិទបញ្ចប់ដោយប្រាក់សំណង ដើម្បីជាថ្នូរក្នុងការឲ្យជនរងគ្រោះដកពាក្យបណ្តឹង។ ហើយរាល់ពេលដែលមានការចរចារអំពីសំណងដើម្បីបញ្ចប់ក្តីនោះគឺទាំងភាគីជនរងគ្រោះ និងជនសង្ស័យតែងឲ្យប្រាក់មន្ត្រីនគរបាល និងតុលាការ។ ១០ករណី ការកែប្រែបទចោទ ដោយចៅក្រមស៊ើបសួរ ឬចៅក្រមជំនុំជម្រះ។ ហើយមានពេលខ្លះជនសង្ស័យបានផ្តល់សំណូកមួយចំនួនទៅកាន់អ្នកធ្វើកោសល្យវិច័យដើម្បីរៀបចំវិនិច្ឆ័យដែលជាភស្ភុតាងក្នុងការដាក់ទៅតុលាការ។

សំណុំរឿងចំនួន៩ ដែលជនរងគ្រោះមានអាយុពី៩ ដល់១៤ឆ្នាំ តែជនប្រព្រឹត្តិត្រូវបានផ្តន្ទាទោសតែ៥ឆ្នាំប៉ុណ្ណោះ ដែលអង្កការនេះបានចាត់ទុកថាករណីនេះមកពីចៅក្រមមិនដឹងច្បាស់ពីបញ្ញត្តិច្បាប់ ឬមិនមានគិតទៅលើស្ថានទម្ងន់ទោសនៅពេលដែលខ្លួនសម្រេច។

ហើយមាន៦ករណីត្រូវព្យូរទោសដែលអាចបណ្តាលមកពីប្រាក់ពុករលួយដែលផ្តល់ឲ្យចៅក្រម។

៣ករណីត្រូវបានសម្រេចដោយរកឃើញថាគ្មានកំហុស តែមានសំណុំរឿង២ ត្រូវបានគេសង្ស័យថាមានហេតុផលមួយចំនួនធ្វើឲ្យការសង្ស័យពាក់ព័ន្ធនឹងការការជំនុំជម្រះនេះ។

អង្គការលីការដូថាដោយសារមានបញ្ហាទាំងនេះបន្តកើតមានឡើងនេះហើយ ទើបធ្វើឲ្យភាគច្រើននៃជនរងគ្រោះក្នុងអំពើរំលោភសេពសន្ថវៈមានការពិបាកក្នុងការទទួលបានយុត្តិធម៌។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ដើម្បីសុំការឆ្លើយតបចំពោះរបាយការណ៍នេះបាននៅឡើយទេនៅរសៀលនេះ ដោយលោកថាលោកជាប់ប្រជុំ។

អង្គការលីការដូការបានវិភាគថាកំហុសទាំងអស់នេះវាបានកើតមានដដែលៗ ដែលអាចឲ្យអង្គការនេះសន្និដ្ឋានស្រដៀងទៅនឹងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំមុនរបស់ខ្លួនដដែល។ ក្នុងនោះអង្គការនេះក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការផ្លាស់ប្តូរអាប្បកិរិយាដើម្បីដោះស្រាយចំនុចខ្វះខាតទាំងនេះ។

លីការដូបានបង្ហាញក្តីបារម្ភថា បើមិនអាចដោះស្រាយចំនុចខ្វះខាតទាំងនេះនោះគឺមិនមានយុត្តិធម៌សម្រាប់ជនរងគ្រោះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ