ក្រសួងជំរុញឲ្យពង្រឹងវិជ្ជាជីវៈផ្នែកសេវាសុខភាព

ក្រសួងសុខាភិបាលរំលឹកមន្ត្រីក្រោមឱវាទទាំងអស់ឲ្យប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈពេទ្យក្នុងការព្យាបាលអ្នកជំងឺ ដោយថា មិនត្រូវដាក់ព្យូសេរ៉ូមឲ្យអ្នកជំងឺក្នុងករណីមិនចាំបាច់។

នៅក្នុងសរាចរណែនាំចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ដែលចេញដោយក្រសួងសុខាភិបាលឲ្យដឹងថា កន្លងមកអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលបានអនុវត្តគោលការណ៍វេជ្ជសាស្រ្តនិងក្រមសីលធម៌ ប៉ុន្តែនៅមានចំណុចមួយចំនួន មិនទាន់អនុវត្តបាននៅឡើយ ព្រោះមានការព្យាបាលខ្លះបានដាក់ព្យូសេរ៉ូមឲ្យអ្នកជំងឺនៅធ្វើដំណើរពីមន្ទីរពេទ្យ និងពីគ្លីនីកទៅកាន់ផ្ទះ ដោយថាករណីនេះ ប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈពេទ្យ។

សារាចរដដែលឲ្យដឹងថា ដើម្បីពង្រឹងការប្រតិបត្តិនិងជៀសវាងកុំឲ្យបញ្ហានេះកើតមានបន្តទៀត ក្រសួងមិនអនុញ្ញាតឲ្យប្រើប្រាស់ការព្យួសេរ៉ូមដោយជិះម៉ូតឌុបតាមដងផ្លូវសាធារណៈឡើយ លើកលែងតែករណីចាំបាច់ ដូចជាសង្គ្រោះបន្ទាន់។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាលដើម្បីបញ្ជាក់បន្ថែមទេ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង សារទចំពោះការចេញសារាចរនេះរបស់ក្រសួង ប៉ុន្តែលោកហាក់នៅមិនមានជំនឿទៅលើការអនុវត្តរបស់មន្ត្រីក្រោមឱវាទ។

យ៉ាងណាក៏ដោយ លោកថាដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនោះ ក្រសួងគួរតែធ្វើការតាមដានករណីនេះ បន្ថែម។

លោកថា៖ «ឃើញថាការអនុវត្តកន្លងមក មិនសូវមានប្រសិទ្ធភាពល្អ ដើម្បីឲ្យមានប្រសិទ្ធភាព ត្រូវតាមដានការអនុវត្តដែរ។ ដូចខ្ញុំបានលើកឡើងចឹង គ្រូពេទ្យមុនប្រើថ្នាំ គេត្រូវរករោគវិនិច្ឆ័យសិន ចុះបើអត់ទាន់ដឹងថាវិនិច្ឆ័យថាម៉េច គ្រាន់តែចាក់សេរ៉ូម ដាក់សេរ៉ូម ភ្លាមចឹង។ អាហ្នឹងវាគ្រោះថ្នាក់ ហើយភាគច្រើននៅស្រុកយើង ចុះណាតែឈឺទៅពេទ្យ គឺទាមទារឲ្យដាក់តែសេរ៉ូម ព្រោះអាសេរ៉ូមហ្នឹងគាត់អាចរកលុយបានច្រើន នេះជាបញ្ហាមួយប្រឈម។ យើងឃើញថា ឲ្យតែឈឺទៅពេទ្យជាទូទៅ គេត្រូវតែដាក់សេរ៉ូម វាសឹងតែប្រពៃណីរបស់គ្រូពេទ្យស្រុកខែ្មរយើង ដើម្បីឲ្យខ្លួនឯងបានលុយបន្ថែមពីអ្នកជំងឺ»។

ក្រសួងសុខាភិបាបច្ចុប្បន្ននេះ ត្រួវបានមជ្ឍដ្ឋានមួយចំនួនបន្តរិះគន់ថា ខ្វះយន្តការពង្រឹងក្រមសីលធម៌និងគុណភាពព្យាបាលដល់មន្ត្រីមួយចំនួនដែលបម្រើការក្នុងវិស័យសុខមាលភាពដល់ប្រជាពលរដ្ឋ។ ករណីនេះ ធ្វើឲ្យអ្នកមានធនធាននិងមន្ត្រីរដ្ឋាភិបាល តែជ្រើសរើសរកសេវាព្យាបាលនៅក្រៅបរទេស ជាជាងសេវានៅក្នុងស្រុក  ដូចជាទៅព្យាបាលនៅប្រទេសថៃ វៀតណាម សិង្ហបុរីជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ