បណ្តាញសហគមន៍ព្រៃឡង់ព្រួយបារម្ភពីសុវត្ថិភាពក្នុងពេលចុះឃ្លាំមើលសកម្មភាពល្មើស

បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត ដែលបានឃ្លាំមើលសកម្មភាពកាប់ទន្ទ្រានព្រៃឡង់ សម្តែងពីការព្រួយបារម្ភពីសុវត្ថិភាពនៅពេលចុះបំពេញការងារ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ធ្នូ ២០១៦  ស្តីពី របាយការណ៍ឃ្លាំមើលលើកទីប្រាំ ស្តីអំពីស្ថានភាពព្រៃ នៅតំបន់ព្រៃឡង់ តំណាងបណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងកំពង់ធំបានលើកឡើងថា ព្រៃការពារ ដែនជម្រកសត្វព្រៃ ព្រៃឡង់ មានស្ថានភាពស្រដៀងគ្នា គឺសត្វនៅបន្តបាត់ ការកាប់បំផ្លាញឈើមិនទាន់ថយចុះ ការរានដីព្រៃធ្វើចំការមានការកើនឡើង និងមានការព្រូយបារម្ភពីសុវត្ថិភាព របស់សកម្មជន បើទោះជាមានការសហការជាមួយអាជ្ញាធរក៏ដោយ។

តំណាងសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ លោក ឯក សុវណ្ណា ប្រាប់ពីបទពសោធន៍កាលពីពេលល្បាតធំក្នុងឆ្នាំ២០១៦ថា មានការគំរាមដោយការប្រើកាំភ្លើងកែច្នៃធ្វើឲ្យបណ្តាញសហគមន៍មានការភ័យខ្លាច។ លោកថា៖ «កន្លងមកមិនទាន់មានគ្រោះថ្នាក់នៅឡើយទេ ប៉ុន្តែសហគមន៍ព្រៃឡង់មានការព្រួយបារម្ភ ដោយសារកាំភ្លើងកែច្នៃនេះអានុភាពវាខ្លាំង សូម្បីតែសត្វឈ្លូស ជ្រូក អាចស្លាប់បាននៅពេលត្រូវកាំភ្លើងខ្យល់ ចឹងមនុស្សក៏អាចស្លាប់ដូចគ្នាដែរ…»

លោកបន្តថាមន្ត្រីបរិស្ថានដកហូតមិនចេះអស់ ហើយគេងាយរកទិញស្នប់ដែលជាសម្ភារៈសំរាប់ធ្វើកាំភ្លើងកែច្នៃនេះមានដាក់លក់ពេញផ្សារ។ លោកជំរុញឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ព្រោះវាអាចគ្រោះថ្នាក់ដល់ប្រជាសហគមន៍ដែលចុះទៅទប់ស្កាត់បទល្មើស។

ក្នុងសន្និសីទនេះដែរ អ្នកស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យកូប៉ិនហាជិន ប្រទេសដាណឺម៉ាក កញ្ញា ម៉ៃខេន បង្ហាញរបាយការណ៍លើកទីប្រាំ ដែលបានរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើនមាននៅតំបន់ព្រៃឡង់ ហើយថាគ្រប់ខេត្តទាំងបួនមានការលំបាកក្នុងការធ្វើការជាមួយអាជ្ញាធរថ្នាក់ក្រោម។គាត់បន្តថា គោយន្តជាមធ្យោបាយដឹកជញ្ជូនឈើច្រើនជាងគេដែលមានដល់ទៅ៧៤ភាគរយ ក្នុងនោះខេត្តកំពង់ធំជាខេត្តដែលមានការកាប់បំផ្លាញច្រើនជាងគេ។ កញ្ញាផ្តល់អនុសាសន៍ថា៖ «បង្កើតឲ្យមាននូវគោលនយោបាយសហគ្រប់គ្រងដែលនៅក្នុងគោលនយាបាយនោះត្រូវបញ្ចូលបណ្តាញសហគមន៍ព្រៃឡង់ជាតួអង្គការពារសំខាន់ ហើយត្រូវមានការគាំទ្រផ្នែកនយោបាយនិងហិរញ្ញវត្ថុដល់សហគមន៍ព្រៃឡង់ ក្នុងគោលបំណងដើម្បីបំពេញនូវសូចនកររបស់រដ្ឋាភិបាលកម្ពុជាចដែលបានដាក់ចេញការសំរេចឲ្យបានគំរបព្រៃ៦០ភាគរយឆ្នាំ២០៣០…»

ព្រៃឡង់ មានទំហំ៤៣០០០ហិកតា ជាព្រៃដែលធំជាងគេនៅប្រទេសកម្ពុជា។ កាលពីខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាលបានបង្កើតជាដែនជំរកសត្វព្រៃ«ព្រៃឡង់» និងបានដាក់ព្រៃបួនកន្លែងផ្សេងទៀតជាព្រៃការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ