កម្ពុជា និងថៃដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គហៅកាត់ថា MRC បានផ្តួចផ្តើមគំនិតបង្កើតវីដេអូខ្លីបបែបអប់រំដើម្បីផ្សព្វផ្សាយចំណេះដឹង និងការអនុវត្តន៍ល្អៗក្នុងការ គ្រប់គ្រងធនធានធម្មជាតិនៅទន្លេសាបរបស់ប្រទេសកម្ពុជា និងទន្លេសុងក្លារបស់ប្រទេស ថៃ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គចេញផ្សាយថ្ងៃទី១៥ខែធ្នូ បានឲ្យដឹងថា ក្រុមការងារនៃគណៈកម្មការនេះបានសម្រេចរួមគ្នាបង្កើតវីដេអូខ្លីបបែបអប់រំដែលមានឈ្មោះថា «រួមគ្នាផ្លាស់ ប្តូរព័ត៌មានតាមរយៈវីដេអូ» ដើម្បីជម្រុញ និងសម្របសម្រួលរបៀបផ្លាស់ប្តូរចំណេះដឹងរវាង ទន្លេសាបកម្ពុជា និងទន្លេសុងក្លារបស់ប្រទេសថៃ អំពីអភិបាលកិច្ចក្នុងការគ្រប់គ្រងទន្លេតាមរយៈមធ្យោបាយទំនាក់ទំនងដែលមានប្រសិទ្ធភាព។ សេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ខែធ្នូ នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ។
នៅក្នុងសេចក្តីប្រកាសដដែល មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៍មកពីទន្លេទាំងពីរ នឹងដើរតួនាទីជាអ្នកកាសែតប្រជាជនដើម្បីផលិតវីដេអូខ្លីបទាក់ទងនឹងជីវភាពរស់នៅតាមដងទន្លេ និងបញ្ហានានាពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធានធម្មជាតិ ដូចជាសកម្មភាពនេសាទដែលគ្មាននិរន្តរភាព ការខ្វះប្រភពចំណូលបន្ថែមពីលើការនេសាទនិង ផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុ។
ក្រុមការងារនៃគណៈកម្មការទន្លេមេគង្គក៏មានបន្ថែមផលិតវីដេអូ ដែលផ្តោតទៅលើដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈមខាងលើនោះផងដែរ។
នាយកផ្នែកផែនការរបស់ MRC លោក អាន ពេជ្រហត្តដា បានថ្លែងនៅក្នុងក្នុងកិច្ចប្រជុំសម្រេចនេះថា វីដេអូ គឺជាឧបករណ៍សោតទស្សន៍មានសក្តានុពល និងប្រកបដោយភាព ច្នៃប្រឌិត ក្នុងការបង្កើតការយល់ដឹង ចែករំលែកចំណេះដឹងនិងជម្រុញឲ្យមានដំណោះ ស្រាយក្នុងតំបន់ទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងបឹងទន្លេសាបនិងទន្លេ សុងក្លា។
លោកបន្ថែមថា៖ «វីដេអូ ទាំងនោះនឹងបំផុសគំនិត និងសកម្មភាព របស់សហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ អោយរួមគ្នាគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព»។
ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាបរបស់កម្ពុជា លោក ស៊ិន វិសិទ្ធិ បានថ្លែងនៅក្នុងកិច្ចប្រជុំដដែលនេះថាកន្លងមកក្រុមការងារគ្មានថវិការ និងបទពិសោធ ដើម្បីបង្កើតមធ្យោបាយទំនាក់ទំនងតាមរយៈវីដេអូនោះទេ ហើយការប្រាស្រ័យទាក់ទង ភាគច្រើនតាមរយៈរបាយការណ៍តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «កាលពីមុនយើងគ្មានថវិកា បទពិសោធន៍ និងជំនាញចាំបាច់ ក្នុងការបង្កើត មធ្យោបាយទំនាក់ទំនងផ្សេងៗដូចវីដេអូនេះទេ ដូច្នេះការប្រាស្រ័យ ទាក់ទងរវាងទន្លេទាំង ពីរពឹងផ្អែកទាំងស្រុងលើរបាយការណ៍» ។
លោកបន្ថែមថា ក្រោមគំនិតផ្តួចផ្តើមថ្មីនេះ ក្រុមការងារនឹងមានមធ្យោបាយ ទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងមុន និងអាចផ្សព្វផ្សាយដល់ក្រុមគោលដៅ និងសាធាណៈជន បានទូលាយជាងមុនដើម្បីអំពាវនាវអោយពួកគេចូលរួមគាំទ្រក្នុងការគ្រប់គ្រងធនធានធម្មជាតិអោយបានកាន់តែល្អប្រសើរ។
កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះដៃគូអភិវឌ្ឍន៍និងម្ចាស់ជំនួយចំនួន៤រួមមានប្រទេសអាល្លឺម៉ង់ ស្វីស ប៊ែលហ្សិក និងលុចហ្សំបួរ បានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់ចំនួនជាង១០លានដុល្លារអាមេរិក ជាការគាំទ្រដល់គណៈកម្មការទន្លេមេគង្គក្នុងការបង្កើតនូវយុទ្ធសាស្រ្តថ្មីៗជាច្រើនពាក់ព័ន្ធនឹងការថែរក្សាទឹកទន្លេមេគង្គ៕