សាលារៀនមួយនៅខេត្តព្រះវិហារមិនមានអាគារតាំងពីឆ្នាំ​១៩៧៩ដល់បច្ចុប្បន្ន​

សាលាបឋមសិក្សារៀបរយ ដែលមិនមានអាគារ (ហ្វេសប៊ុក ខ្លែង ឯក)

នាយកសាលាបឋមសិក្សាមួយស្ថិតនៅក្នុងខេត្តព្រះវិហារ អំពាវនាវសុំជំនួយពីរដ្ឋាភិបាលនិងសប្បុរសជនផ្សេ​ងៗទៀត ដើម្បីសាងសងអាគារសិក្សា ព្រោះលោកថាសាលានេះមិនមានអាគារតាំងពីឆ្នាំ​១៩៧៩មកដល់បច្ចុប្បន្ននេះ។​

លោក ដួង សុខ នាយកសាលាបឋមសិក្សារៀបរយ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះ​ថា សាលានេះបានដំណើរការបង្រៀនក្រោមដើមឈើតាំងពីឆ្នាំ១៩៧៩មករហូតមកទល់ពេលនេះមិនទាន់មានជំនួយពីរដ្ឋាភិបាលឬសប្បុរសជនណាផ្តល់អាគារនោះទេ។

លោក ដួង សុខ​​ បន្ត​ថា លោកធ្វើជានាយកនៅសាលានេះតាំងពីឆ្នាំ២០០៦មក ហើយលោកបានស្នើសុំអាគារ ទៅរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលជាច្រើនដងមកហើយ ប៉ុន្តែមិនទាន់ឃើញមានអ្នកណាផ្តល់ជំនួយនៅឡើយទេ។

លោកថា​៖ “សុំច្រើនដងហើយពីសង្គមស៊ីវិល ក្រសួងអប់រំ តែអត់ឃើញមកសង់ឱ្យ ខាងអនុផលព្រៃឈើឃើញធ្លាប់មកសិក្សាស្រាវជ្រាវដែរហើយ ហើយក្រសួងគេថាឱ្យខ្នង ប៉ុន្តែអត់ឃើញមកសង់។ សិស្សពិបាកនោះពិបាកពេកហើយ ពេលភ្លៀងក៏ផ្អាកបង្រៀន ក្តៅខ្លាំងពេកក៏ផ្អាកបង្រៀន ខ្លាចពិបាកកូនគេ បង្រៀនក្រោមដើមអំពិលទឹកបារាំងបួនប្រាំដើមហ្នឹង”។

សាលាបឋមសិក្សារៀបរយ ដែលមិនមានអាគារ (ហ្វេសប៊ុក ខ្លែង ឯក)
សាលាបឋមសិក្សារៀបរយ ដែលមិនមានអាគារ (ហ្វេសប៊ុក ខ្លែង ឯក)

ប្រធានការិយាល័យអប់រំនៅស្រុករវៀងលោក អ៊ុន ឈន មានប្រសាសន៍ថា នៅក្នុងស្រុកនេះ សាលាបឋមសិក្សារៀបរយនេះ ជួបការលំបាកជាងគេ។ លោកបញ្ជាក់ថា រូបលោក​និងនាយកសាលាបានព្យាយាមសុំជំនួយអាគារពីថ្នាក់លើ ហើយកាលពីឆ្នាំ២០១៤មានការសន្យាឲ្យ តែរហូតដល់ពេលនេះនៅតែស្ងាត់។​

ប្រធានស្តីទីសមាគមគ្រូ​បង្រៀនកម្ពុជាឯករាជ្យលោក​ស្រី អ៊ុក ឆាយាវី បានលើកឡើងថា នេះជាការឆកល្វែងរបស់ប្រព័ន្ធអប់រំដែលមិនបានពិនិត្យឱ្យបានដិតដល់ចំពោះការអប់រំរបស់សិស្សនៅក្នុងស្រុកនោះ។ លោក​ស្រី បន្តថា សិស្សរៀនដោយគ្មានថ្នាក់រៀនបានត្រឹមត្រូវអាចប៉ះពាល់ដល់ការបង្កើនចំណេះដឹងរបស់ពួកគាត់ ហើយ​អាចធ្វើឱ្យសិស្សរៀនមិនបានចប់ចុងចប់ដើម ដែលបង្កើតឱ្យមានការចំណាកស្រុក។

អ្នកស្រីបញ្ជាក់ថា៖ “អានេះជាការប៉ះពាល់មួយ ទីមួយធ្វើឱ្យការសិក្សារបស់គាត់បានតិច ធ្វើឱ្យគាត់ចំណាកស្រុក តែកាលណាចំណាកស្រុកដោយគ្មានចំណេះដឹង ធ្វើឱ្យពួកគាត់ពិបាក ហើយធ្វើគាត់បានបង់នូវសិទ្ធិទទួលយកចំណេះដឹងដែលរដ្ឋាភិបាលនិងក្រសួងអប់រំកំពុងតែជំរុញឱ្យមានការកំណែទម្រង់ខាងវិស័យអប់រំនេះ”។

អ្នកស្រីបន្ថែមថា រដ្ឋាភិបាលគួរតែពង្រឹងវិស័យអប់រំនៅតាមសាលារៀនជនបទនិងធ្វើយ៉ាងណាផ្តល់មានសាលារៀនគ្រប់គ្រាន់មានគ្រូបង្រៀនល្អៗមកបង្រៀនឱ្យបានគ្រប់គ្រាន់ដូចនៅរាជធានីនិងនៅតាមទីរួមខេត្តមួយចំនួនដែរ។

បើតាមនាយកសាលាឲ្យដឹងថា សាលារៀបរយមានគ្រូបង្រៀនចំនួន​៥នាក់និងសិស្សជាង១០០នាក់ បែងចែកជា ៦ថ្នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦។ លោកថាការបង្រៀនមានឧបសគ្គច្រើន ពិសេសពេលមានភ្លៀងនិង ខ្យល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ