អង្គការ​មួយ​​ថា​កង្វះ​ថវិកាដល់​ថ្នាក់​ក្រោមជាតិ​​ធ្វើឲ្យកិច្ច​គាំពារ​បរិស្ថានមិន​សូវ​មាន​ប្រសិទ្ធភាព

អង្គការ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​បរិស្ថានមួយ​យល់​ថា​ការ​ផ្តល់​ថវិកាជាតិ​ទៅ​កាន់​ថ្នាក់​មូល​ដ្ឋាន​មាន​កំរិត​ទាប​ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ច​ការ​ពារ​ព្រៃ​ឈើ។

ក្នុងវេទិកាសន្តិភាព​ស្តីពី​មរតក​ធន​ធាន​ធម្មជាតិកម្ពុជាសម្រាប់​មនុស្ស​ជំនាន់​ក្រោយកាលពី​ថ្ងៃ​ទី​២៧ ធ្នូ ម្សិល​មិញ ប្រធានគ្រប់គ្រង​ប្រចាំ​ប្រទេសកម្ពុជានៃ​អង្គការ ​ហ្វូរ៉ូមស៊ីដ លោក ឃៀង សុជីវី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានបន្ទាប់​ពី​បញ្ចប់​កិច្ចពិភាក្សា​​​ថា កម្ពុជា​បាន​ទទួល​ស្គាល់​ពី​បញ្ហា​និ​ងបាន​​កែ​សម្រួល​វិធាន​ការ​ការ​ពារ​បរិស្ថាន​មួយ​ចំនួន​រួច​ហើយ​ តែ​លោក​ថានៅ​មាន​បញ្ហា​មួយ​ចំនួនទៀត​​ដែល​ការ​គាំ​ពារ​បរិស្ថាន​នៅ​​មាន​ភាព​ខ្វះ​ចន្លោះ​។ លោក​ថាភាព​ខ្វះចន្លោះ​នោះ​កើត​ឡើង​ពី​​ការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ច​​គាំ​ពារ​​បរិស្ថាន​នៅ​ថ្នាក់​មូល​ដ្ឋាន ព្រោះ​តែ​ថវិកាដែល​បាន​ទម្លាក់​ពី​ថ្នាក់​ជាតិ​ទៅ​នៅ​មាន​កម្រិត ដែល​ធ្វើ​ឲ្យ​អជ្ញា​ធរ​មូល​ដ្ឋាន​ផ្តល់​អទិភាព​ទៅ​លើ​សេវា​ផ្សេង​ៗ​ជាង​បរិស្ថាន​។

លោក​ថា៖ «ឥឡូវ​នេះ​ឃុំ​សង្កាត់មាន​ថវិកា​សម្រាប់​អភិវឌ្ឍន៍​នោះ​មាន​ជាង​១ម៉ឺន​ដុល្លារហើយ នៅ​ក្នុង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ អញ្ចឹងមាន​ថវិកាកើន​ឡើង សមត្ថភាពច្រើ​ន​ប៉ុន្តែ​ថវិកា​ទាំង​អស់​នេះ មិន​គ្រប់​គ្រាន់​សម្រាប់​ឆ្លើយ​ទៅ​នឹង​តម្រូវ​ការ​នៅ​តាម​បញ្ហា​នៅ​តាមសហគមន៍​ជា​ច្រើន​ទេ ថវិកានេះ​មួយ​ផ្នែក​ធំ​ត្រូវ​បាន​យក​ទៅ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន​ជា​រូប​វ័ន្ត ​ជា​ផ្លូវ​ថ្នល់ ​ប៉ុន្តែ​ឃុំ​សង្កាត់​នីមួយ​ៗ​យើង​ត្រូវ​ការ​ថវិកា​ជា​ច្រើនថែម​ទៀត​ ដើម្បី​ដោះ​ស្រាយបញ្ហា​សង្គម ​ឧទាហរណ៍គ្រឿង​ញៀន ទាក់​ទង​នឹង​ធន​ធាន​ធម្មជាតិ ទាក់​ទង​នឹង​វិស័យ​សុខាភិបាល ទឹក​ស្អាត អនាម័យ​ជា​ច្រើ​ន​ទៀត​»។

បើ​តាម​លោក សុជីវី ថវិកា​ដែល​ត្រូវទម្លាក់​ទៅ​កាន់​ថ្នាក់​មូល​ដ្ឋាន​ដើម្បីបង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ងារ​ ​គឺ​យ៉ាង​តិច​ណាស់​ក៏​៥​ដង​បន្ថែម​ទៀ​ត​​លើ​ថវិកា​បច្ចុប្បន្ន។

តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ក្រចេះលោក ផៃ ប៊ុនលាង មានប្រសាសន៍​ថា​សហគមន៍​លោក​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​ខាង​មន្ទី​រ​បរិស្ថាន​ តែ​សម្រាប់​អាជ្ញាធរ​មូល​ដ្ឋានលោក​ផ្ទាល់​​ គឺ​ហាក់​ដូច​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់គាំ​ទ្រ​លោក​ក្នុង​ការ​ដំណើរ​នៃ​ការ​ការពារ​ព្រៃ​ឈើ​នោះ​ទេ។

លោក​ថា៖​ «អាជ្ញា​ធរ​គាត់​ឆ្លើយ​ថា​ចូល​រួម ​ប៉ុន្តែ​សកម្មភាព​គាត់ពុំ​បាន​ចូល​រួម​ជា​មួយ​ក្រុម​អនុរក្ស​ព្រៃ​ឈើ​នោះ​ទេ។ ក្រុម​អនុរក្ស​នោះ​គឺ​ក្រុម​ការ​ពារ​ព្រៃ​មក​ពី​ក្រសួង​បរិស្ថានគឺ​យើង​ស្នើ​គាត់​ពេលណា​ គឺ​គាត់​ទៅ​ជាមួយ​យើង​​ពេល​ហ្នឹង​។ … ខ្ញុំ​មិន​ដឹង​ដែរ​ តែការ​ផ្សព្វ​ផ្សាយ​របស់​យើង​គឺ​មាន​ហើយ តែ​​ដល់​ពេលចូល​រួម​​ពេល​ទាក់​ទង​ទៅ​គាត់(អជ្ញាធរឃុំ​)​ទៅ​គាត់​ថា​រវល់»។

វី​អូ​ឌី​មិន​ទាន់​អា​ចទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់​ណា​ម្នាក់​នៃ​គណកម្មការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍតាម​​បែប​​ប្រជា​ធិបតេយ្យ​នៅ​ថា្នក់​មូល​ដ្ឋានដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

តែ​ទោះ​ជាយ៉ាង​ណា​កាល​ពី​ថ្ងៃ​ទី២២ ខែសីហាកន្លងទៅ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឲ្យ​មាន​ការ​ជួបប្រជុំ​រវាង​រដ្ឋាភិបាល​និងអង្គការ​ពាក់ព័ន្ធ​៣ខែ​ម្តង​ និងបាន​សម្រេច​ឲ្យមានជំនួ​ប​នេះជា​មួយ​​នាយក​រដ្ឋមន្ត្រីមួយឆ្នាំម្តងផងដែរ ដើម្បី​ប្រជុំដោះ​ស្រាយ​​ទទួល​យក​សំណើរ និង​បញ្ហានានាទាក់​ទង​នឹង​កិច្ច​​ការ​ការពារ​បរិស្ថាននេះ។ លោកជំរុញឲ្យក្រសួង​ពាក់​ព័ន្ធ​ស្តាប់​ពាក្យ​ពិ​ត​៣​ខែ​ម្តង​ ជាជាងស្តាប់​ពាក្យ​កុហក​៥ឆ្នាំម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ