លោក ដូណាល់ ត្រាំ ជ្រើស​រើស​មេធាវី​ប្រចាំ​ក្រុមហ៊ុន​លោក​ធ្វើ​ជា​អ្នក​ចរចា​អន្តរជាតិ

លោក ដូណាល់ ត្រាំ បាន​សម្រេច​ជ្រើស​រើស​ប្រធាន​ក្រុម​មេធាវី​ប្រចាំ​ក្រុមហ៊ុន​របស់​លោក ឲ្យ​កាន់​តំណែង​ជា​អ្នក​ចរចា​អន្តរជាតិ ដែល​ជា​តំណែង​ទើប​បង្កើត​ឡើង​ថ្មី។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​របស់​ក្រុម​ការងារ​រៀបចំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក ដូណាល់ ត្រាំ។

លោក​ Jason Greenblatt ដែល​ជា​អនុ​ប្រធាន​​ប្រធាន និង​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​នៃ​អង្គការ ត្រាំ ដែល​ជា​ក្រុម​មើល​ការ​ខុស​ត្រូវ​លើ​ជំនួញ​របស់​លោក ត្រាំ នឹង​បម្រើការ​ជា​តំណាង​ពិសេស​សម្រាប់​ការ​ចរចា​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ការងារ​លោក ត្រាំ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ស្ដី​ពី​ភារកិច្ច​អ្នក​កាន់​តំណែង​នេះ​ទេ ប៉ុន្តែ ទូរទស្សន៍ CNN បាន​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ ដែល​និយាយ​ថា ភារកិច្ច​របស់​លោក Greenblatt នា​ពេល​ខាង​មុខ មាន​ដំណើរការ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ទំនាក់​ទំនង​ជាមួយ​គុយបា និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នានា។ ក្រុម​ការងារ​ដដែល​នេះ បញ្ជាក់​ថា លោក Greenblatt ធ្លាប់​ផ្ដល់​យោបល់​ដល់​លោក​ ត្រាំ អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត អំពី​ជម្លោះ​អារ៉ាប់ និង​អ៊ីស្រាអែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ