ព័ត៌មានស៊ើបអង្កេត៖ មូលហេតុដែល​​ពលរដ្ឋដឹងពីថវិកាឃុំ-សង្កាត់​តិចតួចទោះច្បាប់តម្រូវ

ថវិកាឃុំ-សង្កាត់គឺជា កញ្ចប់​លុយ​ដែលរដ្ឋាភិបាល​​សម្រច​ផ្តល់ឲ្យក្នុង​ចំនួន​​ណាមួយដល់ឃុំ-សង្កាត់ជាប្រចាំឆ្នាំ ដើម្បី​អាជ្ញាធរមូលដ្ឋាន​អាចរៀបចំចាត់ចែងអភិវឌ្ឍន៍តាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។​

ថវិកាឃុំ-សង្កាត់គឺជា កញ្ចប់​លុយ​ដែលរដ្ឋាភិបាល​​សម្រច​ផ្តល់ឲ្យក្នុង​ចំនួន​​ណាមួយដល់ឃុំ-សង្កាត់ជាប្រចាំឆ្នាំ ដើម្បី​អាជ្ញាធរមូលដ្ឋាន​អាចរៀបចំចាត់ចែងអភិវឌ្ឍន៍តាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។​

អនុក្រឹត្យស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ-សង្កាត់​ឆ្នាំ​២០០២ ដែលមានចុះហត្ថលេខារួមគ្នារវាងរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ត្រង់មាត្រា៣ បានចែងថា ថវិកាឃុំ-សង្កាត់ជាលិខិតគតិយុត្តិដែលគ្រោង និង អនុញ្ញាតចំណូល និង ចំណាយ ដោយផ្អែក​លើមូលដ្ឋានឆ្នាំ​។ ឆ្នាំថវិការបស់ឃុំ សង្កាត់ ចាប់ផ្តើម​ពីថ្ងៃទី០១ ខែមករា  និង បញ្ចប់​នៅថ្ងៃទី​៣១​ខែធ្នូ។ ថវិកាឃុំសង្កាត់​ត្រូវរួមបញ្ចូលរាល់ចំណូល  ចំណាយរបស់ឃុំ សង្កាត់ដោយមិន​គិតដល់​ប្រភពដើម ឬ ចរិតលក្ខណៈឡើយ។​​

មាត្រាដដែល​ចែងបន្តថា ថវិកាឃុំ-សង្កាត់​ត្រូវឆ្លុះបញ្ចាំង រាល់ការចំណាយ​ជាអាទិភាពនៃផែនការអភិវឌ្ឍន៍របស់ឃុំ និង សង្កាត់។

កញ្ចប់ថវិកាឃុំ-សង្កាត់គឺចំនួនជាក់ស្តែង ត្រូវបានថ្នាក់ជាតិជាអ្នកសម្រេចដោយផ្អែកទៅតាម​ ទំហំនៃតម្រូវការ និង ចំនួន​ពលរដ្ឋ​។ បច្ចុប្បន្នមានឃុំ-សង្កាត់មួយចំនួន​ទទួលបាន​ទឹក​ប្រាក់​ជាង​១០០លានរៀល ខ្លះទៀត​បានជាង ២០០លានរៀល​ទៅតាមតម្រូវការ។​

ដើម្បីឲ្យការប្រើប្រាស់កញ្ចប់ថិវកាឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋគឺក្នុងច្បាប់ និង បទបញ្ញត្តិផ្សេងបានកំណត់ថា រាល់ការរៀបចំគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និង បែងចែកថវិកាផ្សេងៗត្រូវមានការចូលរួមដឹងឮពីប្រជាពលរដ្ឋ។​

មាត្រា ១២នៃ​អនុក្រឹត្យស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ-សង្កាត់ ចែងថា មេឃុំ ឬ ចៅសង្កាត់​ត្រូវ​ធានាឲ្យមានការចូលរួមពីសាធារណជនមូលដ្ឋាន​ ក្នុង​ដំណោះស្រាយ​រៀបចំថវិកា​ តាមរយៈវិធានការ​ទាំងឡាយដូចជា គម្រោង​ថវិកា ត្រូវតែប្រកាសផ្សាយជាសាធារណៈ យ៉ាងតិច២សប្តាហ៍ មុន​ពេល​កិច្ចប្រជុំ​របស់ក្រុមប្រឹក្សាឃុំ សង្កាត់។

អង្គប្រជុំ​របស់គណៈកម្មាធិការកសាងផែនការ និង​ ថវិកា ត្រូវបើកចំហដល់​សាធារណជន​ដែលចាប់អារម្មណ៍ចង់ពិ​និត្យ​ គម្រោងថវិកានេះ​។​

មាត្រាដដែលចែងថា ប្រជាពលរដ្ឋត្រូវតែបានផ្តល់ឱកាស​ ក្នុងការចូលរួម​សម័យប្រជុំរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់​ដែល​សម្រេច លើគម្រោង​ថវិកា ចំណែក​ក្រុមប្រឹក្សា ឃុំ-សង្កាត់​ត្រូវបង្កើតនូវយន្តការផ្សេងៗ ដើម្បីជំរុញ​ឲ្យមានការចូលពីសាធារណជន លើកិច្ចការមូលដ្ឋាន។​

ការបោះឆ្នោតឆ្នាំ​១៩៩៣ បានកន្លងទៅជាង២០ឆ្នាំហើយ ដែលពេលនោះជាចំណុចចាប់ផ្តើម​កម្ពុជាដើរចូលក្នុងគន្លងនៃការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យវិញ​។ ការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យ​ជាការអភិវឌ្ឍន៍ត្រូវមានយន្តការចូលរួមពីប្រជាពលរដ្ឋ​ក្នុងការសម្រេចចិត្ត​នានាទាំងថ្នាក់ជាតិ​ និង ថ្នាក់មូលដ្ឋាន​។ ករណីខ្លះពលរដ្ឋចូលរួមសម្រេចដោយផ្ទាល់ ករណីខ្លះទៀតពលរដ្ឋអាចចូលរួម​តាមរយៈអ្នកតំណាង។​

បើទោះជាកម្ពុជា​ដើរចូលគន្លងប្រជាធិបតេយ្យ ហើយមានការតម្រូវឲ្យពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ក៏ដោយក៏ពលរដ្ឋភាគច្រើនមិនសូវបានដឹងពីគម្រោងអភិវឌ្ឍន៍នានា ហើយពួកគាត់យល់ថា ការងារអភិវឌ្ឍន៍ និង​ការងារបែងចែកលុយ គឺជារឿងរបស់មន្ត្រីមិនពាក់​ព័ន្ធ​ពួកគាត់ទេ។​

សំឡេងពលរដ្ឋ៖«លោកពូធ្លាប់ដឹងថា គម្រោងលុយឃុំ-សង្កាត់ គេទម្លាក់មក១ឆ្នាំប៉ុន្មានទេ? ហើយគេចាត់ចែងលើអ្វីខ្លះទេ?​ អត់ផង អត់បានដឹង។​ ចុះលុយធ្វើប្រឡាយ ធ្វើផ្លូវអី តើពូមានឆ្ងល់ទេ ថាគេបានមកពីណា? អត់ទេ អារឿងលុយឃុំសង្កាត់អីហ្នឹងខ្ញុំអត់ដែលបានដឹងទេ។ អត់ដែលមានគេប្រាប់ទេ​ ហើយខ្ញុំអត់ឆ្ងល់ទេចឹង មិនសូវដឹងដែរ។»

នេះជាការលើកឡើងរបស់លោក ឈុន លាង ជាពលរដ្ឋ​រស់នៅក្នុងក្រុងពោធិ៍សាត់​ ឆ្លើយតបនឹងក្រុមការងារព័ត៌មានរបស់វីអូឌី។​

នៅក្រុងពោធ៍សាត់​មិនមែនមានតែ​លោក ឈុន លាង មួយទេ ដែលមិនសូវដឹងពីថវិកាសង្កាត់ គឺ ពលរដ្ឋជាច្រើនទៀត ដែលក្រុមការងារវីអូឌីចុះសាកសួរ ក៏ឆ្លើយប្រាប់​ថា មិនសូវបានដឹងដែរ។ អ្នកខ្លះថា ពួកគាត់មិនសូវចាប់អារម្មណ៍ក្នុងការចង់ដឹង អ្នកខ្លះទៀតថា មិនមានមន្ត្រីសង្កាត់ប្រាប់ឲ្យពួកគាត់ចូលរួមប្រជុំជជែកពីលុយនោះទេ។​

អ្នកស្រី ជិន លីន រស់នៅចម្ងាយប្រមាណ​៥០ម៉ែត្រ ពីសាលាសង្កាត់​រលាប ក្រុងពោធិ៍សាត់​ ថ្លែងថា គាត់មិនដែលបានទទួលព័ត៌មាន​ពីថវិកាសង្កាត់ទេ ហើយគាត់ក៏មិនដឹងសួរព័ត៌មាននៅទីណាទេ៖អត់ដឹងទេ កូន អត់ដឹងសោះ! ចុះអ្នកមីងមានឆ្ងល់ទេ លុយធ្វើប្រឡាយ ធ្វើផ្លូវហ្នឹងគេបានពីណា? ឆ្ងល់ដែរ!

អ្នកស្រីលាភ ស្រីមាន ពលរដ្ឋរស់នៅក្រុងពោធិ៍សាត់ដែរ ថ្លែងថា គាត់មិនដែលបានដឹងថា អ្វីជាលុយ ឃុំ -សង្កាត់ទេ។ នៅពេលដែលសួរថា ធ្លាប់មានមន្ត្រី ឃុំ សង្កាត់​ប្រាប់ពីដំណឹងប្រជុំទេ? ស្រីមានថា មិនដែលមានគេប្រាប់ឲ្យប្រជុំ និយាយពីព័ត៌មាននៅឃុំសង្កាត់ទេអត់ដែលដឹងទេ? ចុះដែលសង្ស័យទេថា លុយអភិវឌ្ឍន៍ឃុំ​បានពីណា? សង្ស័យដែរតែអត់ដឹង។ ចុះដែលមានគេហៅទៅប្រជុំឃុំសង្កាត់និយាយពីគម្រោងអភិវឌ្ឍន៍អីទេ? មិនដែលទេ។​

ឥឡូវយើងងាកមកស្តាប់ការពន្យល់របស់មន្ត្រីសង្កាត់រលាប ក្រុងពោធិ៍វិញម្តងថា តើហេតុអ្វីបានជា ពលរដ្ឋនៅក្នុងសង្កាត់នេះ មិនបានដឹងពីគម្រោងថវិកាឃុំដូច្នេះ?

សមាជិកក្រុមប្រឹក្សាសង្កាត់រលាបលោកស្រី​ មូង ស៊ីណេត មានប្រសាសន៍ថា ក្រុមការងារសង្កាត់ជូនដំណឹងប្រាប់ឲ្យពលរដ្ឋចូលរួមប្រជុំ ប្រចាំខែ ក៏ដូចជា ប្រជុំលើគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់សង្កាត់ ប៉ុន្តែលោកស្រី​ថា ពលរដ្ឋមិនចាប់អារម្មណ៍ក្នុងការចូលរួមនោះទេ។​ ខ្ញុំមិនថា ម៉េចទេ ពលរដ្ឋឥឡូវហៅមកប្រជុំនៅតាមឃុំសង្កាត់អី បើមានរបស់របរជាប់ដៃតិចតួចបានមក ហើយបើអត់មានអីទេ គាត់មិនចូលរួមទេ គាត់ថា ដដែលៗ អត់បានការអី។ ចឹងបានថា ប្រជាពលរដ្ឋឥឡូវពិបាក។​

លោកស្រី​ មូង ស៊ីណេត  បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៦នេះ សង្កាត់រលាបទទួលបានថវិកាជាង១០០លាន រៀល​គឺថយចុះ បើប្រៀបនិងឆ្នាំ២០១៥ សង្កាត់នេះទទួលបានថវិកាជាង២០០លានរៀល។ លោកស្រីថា មូលហេតុនេះ ដោយសារសង្កាត់បែងចែកលុយក្នុងឆ្នាំ២០១៥មិនអស់។​ សមាជិកក្រុមប្រឹក្សាសង្កាត់រូបនេះ បញ្ជាក់ថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅតាមច្រើនទៀត​គឺ ប្រឡាយរំដោះទឹក និង ផ្លូវ។​ផ្លូវនៅច្រើនខ្សែ ហើយលូ គឺលូរំដោះទឹកស្អូយ ។ គម្រោងយើងឆ្នាំនេះ ផ្តោតលើអាពីរហ្នឹង។ចំណែកផ្លូវក្នុង១ឆ្នាំយ៉ាងហោចណាស់ក៏ធ្វើបាន៥ខ្សែដែរគឺតាមវែងខ្លី។​

ជុំវិញ​ការលើកឡើងថា ពិបាកចូលប្រជុំ​នេះ ពលរដ្ឋនៅក្នុងសង្កាត់រលាបមួយរូបទៀត​ លោក សុខ សំណាង ថ្លែងថា លោក ធ្លាប់បានអាជ្ញាធរឃុំឲ្យទៅប្រជុំដែរ តែថា គម្រោងអភិវឌ្ឍន៍ ឬ កញ្ចប់ថវិកានោះ មិនមានការបកស្រាយឲ្យបានច្បាស់លាស់នោះទេ។«៖ខ្លួនខ្ញុំផ្ទាល់​ ដូចអត់បានទទួលព័ត៌មានហ្នឹងច្បាស់។ បង អត់ដែលឮគេនិយាយ គេលើកឡើងខ្លះទេ ឬ យ៉ាងម៉េច?​ ឮនិយាយដែរតែគ្រាន់ហេតុៗ ដូចមិនច្បាស់ ចឹងខ្ញុំអត់ហ៊ាននិយាយ។​ គេធ្លាប់បានអញ្ជើញបងទៅចូលរួមប្រជុំនៅឃុំទេ? គេធ្លាប់ ដូចមានការងារសំខាន់អីចឹងគេប្រាប់ឲ្យទៅ តែដូចមិនបាននិយាយច្បាស់ពីថវិកាភូមិឃុំអីហ្នឹងទេ។​ ខ្ញុំត្រូវគេអញ្ជើញយូរៗម្តង។»

ទាំងនេះ ជាការលើកឡើងរបស់ប្រជាពលរដ្ឋ និង មន្ត្រីនៅសង្កាត់មួយក្នុងក្រុងពោធិ៍សាត់ លើការយល់ដឹងអំពីថវិកាឃុំ-សង្កាត់។​ ជាបន្តយើង ទៅសិក្សាពីសង្កាត់មួយក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យវិញម្តង។

សង្កាត់កំពង់ស្វាយក្នុងក្រុងសិរីសោភ័ណ ជាសង្កាត់មួយដែលកំពុងមមាញឹកក្នុងការអភិវឌ្ឍន៍ផ្លូវ និង លូបង្ហូរទឹក។​ ចៅសង្កាត់រងទី១ លោក ស៊ឺ ហៀក មានប្រសាសន៍ថា រាល់ពេលរៀបចំគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំគឺក្រុមការងារលោក​តែងតែ ប្រកាសឲ្យពលរដ្ឋចូលរួម​ឲ្យបាន​៦០%យ៉ាងតិចតាមច្បាប់កំណត់ តែលោកថា ជាក់ស្តែងពលរដ្ឋចូលរួមមិនបានគ្រប់គ្រាន់ទេជារៀងរាល់ឆ្នាំ ពេលធ្វើផែនការណ៍អភិវឌ្ឍន៍សង្កាត់ប្រចាំឆ្នាំហ្នឹង មានការប្រជុំពីរដង គឺប្រជុំលើកទី១ប្រជុំនៅសាលាសង្កាត់នេះ ដើម្បីរកបញ្ហាងាយយើងដោះស្រាយសម្រាប់២០១៧។ ចំណែកទី២ យើងចុះដល់មូលដ្ឋាន  គោលការណ៍ថ្នាក់ជាតិនោះ គេឲ្យពលរដ្ឋ៦០%នៃពលរដ្ឋសរុបក្នុងសង្កាត់បានចូលរួម​ ប៉ុន្តែកន្លងមកយើងធ្វើអត់បានទេ គឺបានតែ១០%អីចឹងទៅ។​ អ្វីជាឧបសគ្គ? បើនិយាយពីឧបសគ្គទី១ គាត់អត់ខ្វល់​ ទី​២ គាត់រវល់ការងារច្រើន​អត់បានចូលរួមចឹងទៅ។​

លោក ស៊ឺ ហៀក លើកឡើងថា ការអនុវត្តន៍ជាក់ស្តែងបើសិនជា ការអភិវឌ្ឍន៍នៅតំបន់ដែលជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ គឺមានការចូលរួមច្រើនពីពលរដ្ឋតែនៅតំបន់នោះ ហើយនឹងមានការដេញដោលសួរ  ប៉ុន្តែពួកគេមិនសួរដេញដោលលើថវិកាសង្កាត់ទាំងស្រុងទេ«ធម្មតាផ្លូវមួយខ្សែ២០០ម៉ែត្រចឹង ផ្លូវពិបាកដូចគ្នា តែលុយយើងមានតែប៉ុណ្ណឹង ចឹងពលរដ្ឋដែលរស់នៅទីហ្នឹងគាត់ចូលរួមដែរ។ គាត់អាចលើកឡើងជាសំនួរថា ហេតុអ្វីគម្រោងមានតែប៉ុណ្ណឹង ផ្លូវទៅផ្ទះខ្ញុំម៉េចក៏អត់មាន? យើងក៏បានពន្យល់ប្រាប់ថា ថវិកាសង្កាត់យើងមានកំណត់! ចឹងបានគាត់យល់។​ ពេលគាត់យល់ គាត់ថា មានអី ចឹងថ្ងៃក្រោយចាំដាក់ឲ្យខ្ញុំផង។​»

ពលរដ្ឋម្នាក់ដែលរស់នៅទល់មុខសាលាសង្កាត់កំពង់ស្វាយ អ្នកស្រី ហេង ចន្ថា ថ្លែងថា គាត់បានដឹងខ្លះពីគម្រោងអភិវឌ្ឍន៍ គឺដឹងតគ្នាពីការធ្វើផ្លូវក្បែរផ្ទះគាត់ ចំណែកថវិកាចំណូលចំណាយរបស់សង្កាត់ទាំងស្រុងនោះគាត់មិនបានដឹងទេ។​ ស្រ្តីរូបនេះ បញ្ជាក់ថា គាត់ធ្លាប់បាន​ចូលរួមប្រជុំ​ក្នុងសាលាសង្កាត់ដែរ តែមិនមែនប្រជុំ​ ពីថវិកាសង្កាត់ទេ​គឺប្រជុំ ពេលមានអង្គការសង្គមស៊ីវិលមកផ្សព្វផ្សាយអប់រំពីបញ្ហា​ផ្សេងៗ៖« បងមានដែលឮពីគម្រោងលុយអភិវឌ្ឍន៍របស់ឃុំ សង្កាត់ទេ?  ខ្ញុំឮថា គេស្នើសុំលុយអភិវឌ្ឍន៍ផ្លូវនេះ  ដូចខែប៉ុន្មានទេ ឮគេនិយាយ ដឹងមិនទាន់ច្បាស់។ ចុះមានដែលប្រជុំជាមួយសង្កាត់ទេ? ប្រជុំខ្ញុំចូលរួមជាមួយពេលមានអង្គការសង្គមស៊ីវិល រៀបចំផ្សព្វផ្សាយអប់រំអីចឹង។ បើនិយាយថា​ចូលរួមប្រជុំជាមួយអាជ្ញាធរ កម្រណាស់ ពលរដ្ឋយើងនេះ ភាគច្រើនរវល់។​»

ជុំវិញការប្រជុំជាមួយប្រជាពលរដ្ឋនៅសាលាសង្កាត់កំពង់ស្វាយ​នេះ លោក ស៊ឺ ហៀក លើកឡើងថា ពលរដ្ឋបើគ្រាន់តែជូនដំណឹងទូទៅមិនព្រមចូលរួមទេ លុះត្រាតែមានការចេញ​លិខិតដាក់ឲ្យ​ចំឈ្មោះ​ ទើបមានការចូលរួម៖ បើយើងគ្រាន់​តែបិទប្រកាសថា ប្រជុំថ្ងៃនេះ ហើយសូមអញ្ជើញឲ្យចូលរួមនោះ គាត់អត់ចូលទេ។​ ដល់យើងចេញលិខិតអញ្ជើញទៅ ចុចចំឈ្មោះក ឬ ឈ្មោះខ ចឹងបានមក ចឹងពលរដ្ឋយើងចម្លែកត្រង់ណឹង គាត់ថា មិនមែនជារឿងគាត់ ថា​នេះជារឿងរបស់សង្កាត់។​ ធម្មតាការណែនាំរបស់គេ គេកំណត់ឲ្យដឹងការប្រជុំធ្វើឡើងពីថ្ងៃទី២៣ដល់២៥ ឡើងចុះតាមជាក់ស្តែងតាមថ្ងៃបុណ្យឬ សៅរ៍អាទិត្យចឹងទៅ។ ចឹងធម្មតាគេត្រូវដឹងហើយ។

ឥឡូវយើងពិនិត្យខ្លឹមសារច្បាប់ស្តីពីការគ្រប់គ្រង់​ឃុំ សង្កាត់​ ដែលចែងពាក់ព័ន្ធថវិកាឃុំសង្កាត់។​

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ​ សង្កាត់​ មាត្រា៧៩ ចែងថា ឃុំ សង្កាត់​ត្រូវរៀបចំ និង អនុម័ត ថវិការរបស់ខ្លួន​ជារៀងរាល់​ឆ្នាំ​។ ថវិកាឃុំ សង្កាត់​ត្រូវ​រៀបចំ ទៅតាម​ទម្រង់មួយ និង​អនុម័ត នៅក្នុងការ​បរិច្ឆេទ ឬមុន​កាលបរិច្ឆេទ មួយអនុលោមទៅតាម​ប្រព័ន្ធថវិកាជាតិ​។​ ថវិកាឃុំ សង្កាត់​ត្រូវមានតុល្យភាពរវាងចំណូល សរុប និងចំណាយសរុប។ ឃុំសង្កាត់ អាចបង្កើនចំណាយបាន តែត្រូវឲ្យស្របទៅតាមចំណូលរបស់ខ្លួន។ ថវិកាឃុំ សង្កាត់ត្រូវឆ្លុះបញ្ចាំង អំពីអាទិភាព និងសេចក្តី​ត្រូវការនៃផែនការ អភិវឌ្ឍន៍ និង កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់។​ នីតិវិធីនៃការរៀបចំ និង ការអនុម័តថវិកាខាងលើត្រូវកំណត់ដោយអនុក្រឹត្យ។​

មាត្រា ៨១នៃច្បាប់ដដែលចែងថា  ឃុំសង្កាត់មានសិទ្ធិទទួលបាននូវការផ្ទេរ ទ្រព្យសម្បត្តិមួយផ្នែករបស់រដ្ឋមកជា ទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់។ ឃុំសង្កាត់ត្រូវគ្រប់គ្រង ឲ្យបានល្អនូវទ្រព្យសម្បត្តិ ដែលរកបានដោយខ្លួនឯង និង ទ្រព្យសម្បត្តិដែលរដ្ឋបានប្រគល់ឲ្យ។​  ឃុំសង្កាត់អាចប្រើប្រាស់ និង​ទាញយកផលចំណូលពីទ្រព្យសម្បត្តិដែលរដ្ឋបានប្រគល់ឲ្យខ្លួនគ្រប់គ្រង។​ ឃុំ សង្កាត់ ត្រូវថែរក្សាការពារទ្រព្យសម្បត្តិ ដែលរដ្ឋប្រគល់ឲ្យៗបាន គង់វង្ស ហើយទ្រព្យសម្បត្តិទាំងនោះ ឃុំ សង្កាត់គ្មានសិទ្ធិ​លក់ដូរ ឬ ផ្ទេរកម្មសិទ្ធិ ឬ ផ្ទេរការប្រើប្រាស់ ដោយគ្មានការយល់ព្រម​ជាមុន​ពីរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្ទាប់ពីមានការឲ្យយោបល់ ឯកភាពរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឡើយ។​ នីតិវិធីនៃការចាត់ចែង និង ប្រើប្រាស់ទ្រព្យសម្បត្តិខាងលើ ត្រូវកំណត់ដោយអនុក្រឹត្យ។​

មាត្រា៨៣នៃច្បាប់​នេះចែងទៀត​ថា របបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឃុំ សង្កាត់ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បន្ទាប់ពីបានពិភាក្សាឯកភាពលើគោលការណ៍ជាមួយក្រសួងមហាផ្ទៃ។​

ចំណែក​ព្រឹត្តិបត្រព័ត៌មាន​ ចក្ខុវិស័យ របស់​ គណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍន៍តាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​(គ ជ អ ប)​​ ដែលចេញផ្សាយកាលពីខែមីនាឆ្នាំ​២០១៥ ដែលផ្តោតលើការពង្រឹងការងារ​គណនេយ្យភាព​រដ្ឋបាលថ្នាក់ក្រោមជាតិ​ បានផ្តោតសំខាន់លើសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍តាមមូលដ្ឋាន ​មានខ្លឹមសារថា៖ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិគឺ ជាសមាសធាតុដ៏សំខាន់មួយនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។ ពាក់ព័ន្ធ នឹង កិច្ចការនេះ គណនេយ្យ ភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិចំពោះ ប្រជាពលរដ្ឋ ត្រូវ បានពង្រឹងជាបណ្ដើរៗតាម រយៈការរៀបចំវេទិកាពិគ្រោះយោបល់ ជាសាធារណៈ និង ការ អនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គម ដើម្បីធានាដល់ការបង្កើន ការប្រាស្រ័យទាក់ទង រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ និង ជំរុញអោយមានការចូលរួម បន្ថែមទៀត ពីប្រជាពលរដ្ឋ ក្នុងការតាមដានត្រួត ពិនិត្យទៅលើការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ទៅលើការផ្តល់ សេវា របស់អង្គភាព ផ្តល់សេវានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា មូលហេតុដែលពលរដ្ឋមិនសូវបានដឹងពីការងារអភិវឌ្ឍន៍ ឬ ថវិការបស់ឃុំសង្កាត់នោះ ដោយសារតែពលរដ្ឋនៅមានអារម្មណ៍ភ័យខ្លាច ម្យ៉ាងមេឃុំ ចៅសង្កាត់មួយចំនួន​មិនបង្កបរិយាកាសងាយស្រួលឲ្យពលរដ្ឋចូលរួមទេ៖ «ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់និមួយៗ អត់មានបណ្តាញទាក់ទងគ្នាសម្រាប់ធ្វើការងារជាមួយឃុំ ឬ សង្កាត់។​ រឿងហ្នឹងហើយជាបញ្ហាសំខាន់ គ្នាជា បុគ្គល ម៉េចហ៊ានទៅ ឃុំ សង្កាត់ទៅសួរនាំគេ! ទៅសួររកព័ត៌មានផ្សេងៗគ្នាខ្លាចទោះបីច្បាប់អនុញ្ញាតថា គាត់អាចលើកឡើងជាបុគ្គល គាត់​អាច​ចូលប្រជុំជាបុគ្គល​ ប៉ុន្តែឥរិយាបថរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក៏មិនសូវស្វាគមន៍ ចំពោះការទៅចង់ដឹងរឿងទាំងអស់នេះដែរ បាទ!។​ »

លោក យង់ គិមអេង មើលឃើញថា កាលណាពលរដ្ឋ​មិនបានដឹងពីថវិកាឃុំសង្កាត់ មិនដឹងពីការអភិវឌ្ឍន៍នានានោះ ពួកគេនឹងមិនបានបង្ហាញពីតម្រូវការទៅឲ្យអាជ្ញាធរដឹងទេ ដូច្នេះលទ្ធផលនៃការអភិវឌ្ឍន៍នឹងមិនចំអ្វីដែលពលរដ្ឋក្នុងឃុំ សង្កាត់ត្រូវការនោះទេ៖« បើប្រជាពលរដ្ឋមិនដឹងផលអាក្រក់ទាក់ទងពលរដ្ឋខ្លួនឯងគឺ ធ្វើឲ្យខ្លួន មិនទទួលបានការអភិវឌ្ឍន៍តាមតម្រូវការខ្លួនឯងចង់បាន​ ដូចជាការត្រូវការប្រឡាយទឹក គេអភិវឌ្ឍន៍ផ្លូវអីចឹងទៅ!»

កញ្ចប់ថវិកានៅតាមឃុំសង្កាត់គឺអាស្រ័យលើការសម្រេចរបស់ថ្នាក់លើប្រចាំឆ្នាំផ្អែកលើតម្រូវការក្នុងមូលដ្ឋាន និង ថវិការបស់ជាតិ។​ សម្រាប់ឆ្នាំ​២០១៧ រដ្ឋាភិបាលគ្រោងបង្កើនការចំណាយ​ថវិកាជាតិជិត១៧% បើធៀបនឹងឆ្នាំ២០១៦។​​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បង្កើន​ថវិកាជាតិ សម្រាប់​ឆ្នាំ​២០១៧ ជិត ៧​% នៃ​ថវិកាជាតិ ៤៦០០លាន​ដុល្លារឆ្នាំ​២០១៦​

នេះ ជាការលើកឡើងរបស់​លោក អូន ព័ន្ធ​មុន្នី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​សិក្ខាសាលា​ស្តីពី​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ ឆ្នាំ​២០១៧ នៅ​វិមាន​រដ្ឋសភា ​។​
លោក​ ​រដ្ឋមន្ត្រី លើកឡើងថា ថវិកាជាតិ ឆ្នាំ​២០១៧ នឹង​បន្ត​តម្រង់​ផ្តោតទៅលើ​ការបង្កើន​គុណភាព​នៃ​សេវាសាធារណៈ សង្គម និង​សេដ្ឋកិច្ច រួមមាន ការដំឡើង​ប្រាក់​បៀរ​វត្ស​ជូន​មន្ត្រីរាជការ ការបង្កើន​ការវិនិយោគ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដូចជា​បង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច ពង្រីង​វិស័យ​អប់រំការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​។​

លោក យង់ គិមអេង ជំរុញឲ្យគណបក្សនយោបាយដែលមាន​​មន្ត្រី​ជាប់ឆ្នោត ជាថ្នាក់​ដឹកនាំឃុំ សង្កាត់ ត្រូវរៀបចំយុទ្ធសាស្ត្រឲ្យប្រជាពលរដ្ឋបានដឹងពីការចាត់ចែងលុយអភិវឌ្ឍន៍មូលដ្ឋានទាំងនោះ៖ «គណបក្សនយោបាយត្រូវមើលបញ្ហាទាំងអស់ហ្នឹង យើងមិនត្រូវទុកឲ្យឃុំ សង្កាត់យើងអនុវត្តតាមបែបបុរាណទេ គេដល់សម័យអាយធី  សម័យបច្ចេកវិទ្យាអស់ហើយ ម្យ៉ាងទៀតមិនត្រូវទុកឲ្យឃុំសង្កាត់ជាកន្លែងដែលពលរដ្ឋភ័យខ្លាចនោះទេ  គឺធ្វើឲ្យទៅ​ជាកន្លែងផ្តល់នូវមិត្តភាព ភក្តីភាព ផ្តល់នូវអ្វី​ដែលគេហៅថា មេត្រីភាពសម្រាប់ប្រជាពលរដ្ឋ។»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា បច្ចុប្បន្នពលរដ្ឋមានការចាប់អារម្មណ៍ចង់ដឹងខ្លះពីថ្លៃសេវាសាធារណៈដូចជា ការធ្វើលិខិតស្នាមផ្សេងៗ ប៉ុន្តែលោកថា ចំណែកគម្រោងថវិកានិយោគរបស់ឃុំសង្កាត់​ គឺពលរដ្ឋមិនសូវបានដឹងទេ។ លោក សន ជ័យថា បើខ្វះការយកចិត្តទុកដាក់ពីពលរដ្ឋនោះវា នឹងប៉ះពាល់ដល់គណនេយ្យសាធារណៈ៖« កិច្ចការមួយជាកិច្ចការសាធារណៈ ហើយបើមិនសូវមានការយកចិត្តទុកដាក់ពីប្រជាពលរដ្ឋ​គឺ វាប៉ះពាល់គណនេយ្យភាព​ បានន័យថា ការបំពេញការងាររបស់ឃុំ សង្កាត់ ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋហាក់ដូចជា មានកម្រិត។ មួយទៀតអាចជាទម្លាប់មួយទុកការសម្រេចចិត្តនោះ ជាការពឹងផ្អែក មានន័យថា ពលរដ្ឋយល់ថា ហូ! បោះឆ្នោតឲ្យឃុំ ហើយ ទុកឲ្យឃុំជាអ្នកសម្រេចទៅ យើងមិនចាំបាច់ឈឺឆ្កាលទេ គឺគេមិនឲ្យយើងដឹងទេ រឿងចឹងៗ។​ ប៉ុន្តែនេះ ជាការយល់ច្រឡំហើយ ព្រោះថវិកាឃុំសង្កាត់ហ្នឹង ជាថវិកាធារណៈ ហើយវាក៏ជាលុយរបស់ពលរដ្ឋដែរ។​»

កាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ​២០១២ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ លោក គាត ឈន់ បានលើកឡើងពីគោល​នយោបាយ​នៃការបង្កើនថវិកាឃុំសង្កាត់ ផ្អែក​លើកំណើនសេដ្ឋកិច្ច។​

លោក​ គាត ឈន់ លើកឡើងថា  ក្រសួង​បានអនុវត្តន៍មូលនិធិផ្ទេរឲ្យឃុំសង្កាត់ចំនួន ២, ៨០%  នៃ​ចំណូល​ថវិកា​ចរន្ត​​​​​​​​​​​​នៃ​ថវិកា​​​​​​ជាតិ ហើយមូលនិធិក្រុងស្រុកត្រូវបានបង្កើត មានប្រមាណ ០, ៨០%​ សម្រាប់​​បី​ឆ្នាំដំបូង​២០១២ ២០១៣ និង ២០១៤។ លោក​បន្តថា មូលនិធិផ្ទេរឲ្យឃុំសង្កាត់ និងក្រុងស្រុក នេះ​មិន​​​​​មែន​​​សម្រាប់​​​​ការ​ផ្ទេរ​​​មុខងា​រណា​មួយ​​​​នៅ​​​​​ឡើយ​ទេ គឺគ្រាន់តែជាមូលនិធិផ្ទេរគ្មានភ្ជាប់​លក្ខ​ខណ្ឌ​សម្រាប់​​​​​​​​​ប្រើ​​​ប្រាស់​តាម​ឆន្ទានុសិទ្ធិ ឬ​​​​​​​​​ក្នុងអាណត្តិកិច្ចរបស់​ក្រុមប្រឹក្សារដ្ឋបាលថ្នាក់​ក្រោម​ជាតិ​​​​​​​​​​​​​​​​​​​​ប៉ុណ្ណោះ។ក្រៅពី​​​មូល​និធិ​​​ក្រុងស្រុក​ និងឃុំសង្កាត់ នៅក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តកម្មវិធីជាតិ​ ប្រព័ន្ធ​អន្តររដ្ឋបាល​នៅមានការរៀបចំបង្កើតយន្តការផ្តល់ហិរញ្ញប្បទានមួយចំនួនថែមទៀត​ ។​

ការវាយតម្លៃគោលនយោបាយវិមជ្ឈការដំណាក់កាលទី២ចន្លោះឆ្នាំ​២០០៧ ដល់ឆ្នាំ២០១២ ដែលចេញផ្សាយដោយ អង្គការខុមហ្វ្រែលកាលពីខែកុម្ភះឆ្នាំ២០១៣ បានដឹងថា ការផ្ទេរកញ្ចប់ថវិកាតិចពេក​ដល់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងដំណាក់កាលទី១វាបានបង្កជាឧបសគ្គធំ​ដល់ ដំណាក់កាលទី២។ ប៉ុន្តែការសិក្សា​បញ្ជាក់ថា ក្នុងដំណាក់កាលទី២មានការកើនឡើង គឺកើនពីឆ្នាំ២០០២ ១,៥ %ទៅឆ្នាំ​២០១០ ២,២៨%នៃកំណើនថវិកាជាតិ​ ។​របាយការណ៍វាយតម្លៃបញ្ជាក់ថា កញ្ចប់ថវិកាឃុំសង្កាត់មិនគ្រប់គ្រាន់តម្រូវការនៅមូលដ្ឋានទេ។​

របាយការណ៍វាយតម្លៃរបស់ខុមហ្វ្រែលរកឃើញទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋមានកម្រិតទាបពេកបង្កការលំបាកក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។

ចំណែក​របាយការណ៍សិក្សារបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាចេញផ្សាយកាលពីឆ្នាំ​២០១០ បង្ហាញថា មានប្រជាពលរដ្ឋតែ៤១%ប៉ុណ្ណោះដែលបានចូលរួមប្រជុំរៀបចំផែនការណ៍ថវិកាអភិវឌ្ឍន៍ឃុំ សង្កាត់ ហើយភាគច្រើននៃការចូលរួមរបស់ពួកគេនោះគឺមិនសូវមានគោលបំណងច្បាស់លាស់ទេ គឺគ្រាន់តែចូលរួមតាមការអញ្ជើញចំឈ្មោះ​របស់ប្រធានភូមិតែប៉ុណ្ណោះ។

តាមរបាយការណ៍សិក្សា និង អ្នកស្រាវជ្រាវនានា បានរកឃើញប្រហាក់ប្រហែលគ្នាថា ​​មូលហេតុដែលប្រជាពលរដ្ឋមិនសូវបានដឹងពីថវិកាឃុំ សង្កាត់គឺដោយសារតែ ប្រជាពលរដ្ឋខ្លួនឯងមិនយកចិត្តទុកដាក់​ចង់ដឹង និងមូលហេតុមួយទៀតគឺអាជ្ញាធរមិនមានវិធីសាស្ត្រក្នុងការផ្សព្វផ្សាយ ឬ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋដឹងពីថវិកាឃុំសង្កាត់។ អ្នកខ្លះទៀតរកឃើញថា ឃុំ សង្កាត់ខ្លះមិនបើកទូលាយឲ្យពលរដ្ឋដឹងពីថវិកាឃុំសង្កាត់ទេ។​

លោក សន ជ័យ ជំរុញឲ្យមន្ត្រីឃុំ សង្កាត់ និង ប្រជាពលរដ្ឋ បើកចំហ និង ចូលរួម​ពិភាក្សាឲ្យបានកាន់​តែទូលាយថែមទៀត ​ដើម្បីបានផលប្រយោជន៍ទាំងសងខាងគឺពលរដ្ឋ​ទទួលបានការអភិវឌ្ឍន៍ចំគោលដៅ ចំណែកឃុំ សង្កាត់​ទទួលបានកិត្តិយសល្អក្នុងការដឹកនាំ ហើយការអនុម័តផ្តល់កញ្ចប់ថវិកាពីថ្នាក់លើក៏ទទួលបានកើនឡើងដែរ។​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។