អ្នក​នយោបាយ​ខ្មែរ​ផ្ញើ​សារ​ជូន​ពរ​លាយ​ឡំ​នឹង​សារ​នយោបាយ​ក្នុងឱកាស​ឆ្នាំ​ថ្មី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ខណៈ​ដែល​លោក​កំពុង​តែ​អម​ព្រះ​រាជ​ដំណើរ​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហមុនី និង​ព្រះ​មហាក្សត្រី​ នរោត្ដម មុនីនាថ សីហនុ នៅ​ឆ្នេរ​ខេត្ត​ព្រះសីហនុ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​យប់​មិញ មិន​បាន​ថ្លែង​សារ​នយោបាយ​អ្វី​នោះ​ឡើយ ក្រៅ​ពី​សារ​អបអរ​សាទរ និង​ជូន​ពរ​​ទៅ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ២០១៧​នេះ។

ចំណែក​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​បរទេស​នោះ ក្រៅ​ពី​សារ​ជូន​ពរ​ក្នុង​ឆ្នាំ​ថ្មី លោក​បានផ្ញើ​សារ​នយោបាយ​ផង​ដែរ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក លោក សម រង្ស៊ី រៀបរាប់​ថា លោក​នឹង​ដល់​​ប្រជាជន​កម្ពុជា ដែល​កំពុង​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​គ្រប់​បែប​យ៉ាង និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​រូបភាព​ផ្សេងៗ។

ខណៈ​ដែល​ឆ្នាំ​២០១៧ ប្រទេសកម្ពុជា​នឹងរៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នោះ មេបក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ ទៅ​បោះ​ឆ្នោតឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក សម រង្ស៊ី ថា ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា។

ជា​ដៃ​គូ​នឹង​លោក សម រង្ស៊ី នៅ​ក្នុង​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​មាន​សារ​ជូន​ពរ និង​សារ​នយោបាយ​ផង​ដែរ។ ក្រៅ​ពី​ពាក្យ​ជូន​ពរ​អាយុ វណ្ណៈ សុខៈ ពលៈ លោក កឹម សុខា ជូន​ពរ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​សន្តិភាព សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​យុត្តិធម៌ ដែល​លោក​ថា ជា​កត្តា​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ និង​ភាព​សុខដុមរមនា។ ចំណែក​សារ​នយោបាយ​វិញ លោក កឹម សុខា បាន​អំពាវ​នាវ​ទៅ​ដល់​អ្នក​នយោបាយ​ខ្មែរ​រួប​រួម​គ្នា ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​ប្រសើរ​សម្រាប់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ