តុលាការជាន់ខ្ពស់លើកពេលសវនាការមន្រ្តីបក្សប្រឆំាង ខណៈអវត្តមានមេធាវី

សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ

តុលាការជាន់ខ្ពស់លើកពេលសវនាការលើសំណុំរឿងមន្ត្រីបក្សប្រឆំាងមួយរូបដែលត្រូវធ្វើនៅថ្ងៃនេះទៅអំឡុង​ខែកុម្ភៈ ពាក់ព័ន្ធនឹង​រឿង​ដែលរដ្ឋាភិបាលចោទថា បានក្លែងបន្លំឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩​។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី គឺលោក ហុង សុខហួរ ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញកាត់ទោសចំនួន៧ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ប៉ុន្តែមេធាវីការពារក្តីបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសលើកពេលសវនាការទៅអំឡុងខែកុម្ភៈវិញដោយថា តាមច្បាប់អ្នកព្រឹត្តបទឧក្រិដ្ឋ តម្រូវឲ្យមាន​មេធាវីចូលការពារក្តីឲ្យ​ជនល្មើស​ ប៉ុន្តែនៅថ្ងៃនេះអវត្តមានមេធាវីការពារក្តី។

ទោះជាបែបនេះក្តី លោក សេង ស៊ីវុត្ថា ពុំបាន​បញ្ជាក់ថ្ងៃណាមួយជាក់លាក់ ដើម្បី​បើកសវនាការជម្រះក្តី​លើសំណុំរឿង​លោក ហុង សុខហួរ​ នោះទេ។

​​មេធាវីការពារលោក ហុង សុខហួរ គឺលោក ជួង ជូងី បានឲ្យដឹងថា ករណីក្រុមមេធាវីមិនចូល​សវនាការនៅថ្ងៃនេះ ដោយសារពួកគេបានដាក់លិខិតទៅចៅក្រម​ ដើម្បីសុំពន្យាពេលសវនាការ និងសុំ​ឲ្យ​ចៅ​ក្រមចាត់តំាងអ្នកជំនាញ​សន្ធិសញ្ញានិងភ្ជាប់អ៊ិនធើណែត (Internet) ក្នុងពេលសវនាការ ដើម្បីឲ្យ​ដំណើរ​ការកាត់ក្តី​មាន​យុត្តិ​ធម៌​សម្រាប់កូនក្តី។ លោកមានប្រសាសន៍ថា៖ «យើង​អាច​រកថា​ តើការក្លែ​ង​សន្ធិ​សញ្ញា​យ៉ាងម៉េច ការ​ប្រើប្រាស់​យ៉ាងម៉េច ហើយឯកសា​រដែល​កូន​ក្តីខ្ញុំ​យក​មក​បក​ស្រាយ​​បង្ហោះ​តាមហ្វេសប៊ុក​ពិតមែន យើង​អាច​បំភ្លឺ បង្ហាញការពិតទៅបាន ហើយ​តុលាការ​​​ក៏មាន​មូល​ដ្ឋាន​​ច្បាស់​​លាស់​​ក្នុងការពិចារណាដែរ តែ​បើសិន​ជាអត់រកអ្នកជំនាញមក​ទេ ពិចារណា​ដោយ​​ខ្លួន​ឯង ​(ចៅក្រម​)​​ អត់​មាន​​ចំណេះ​ដឹ​ង​ខាង​សន្ធិ​សញ្ញា​ គឺសម្រេច​ដោយអត់ត្រូវ​»។

គួរបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួនដោយចោទថា ក្លែងឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។ ប៉ុន្តែបក្សប្រឆំាងថា ការចោទប្រកាន់ និង​ការ​ឃុំខ្លួន​លោក​ហុង សុខហួរ ជារឿង​នយោបាយ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ