លោក ហ៊ុន សែន ប្ដេជ្ញា​ថែ​រក្សា​វប្បធម៌​សន្ទនា​ ខណៈក្រុម​សកម្មជន​បន្ត​ជាប់​ឃុំ​នៅ​ឡើយ

លោក ហ៊ុន សែន​ (បូ សាវី)

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ប្ដេជ្ញា​រក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង ខណៈ​ដែល​កិច្ច​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​ដើម្បី​ឈាន​ទៅ​ដោះ​លែង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដី​ធ្លី និង​ក្រុម​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ កំពុង​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ។

ក្នុង​ពិធី​រំលឹក​ថ្ងៃ​ជ័យជម្នះ ៧​មករា នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា គណបក្ស​របស់​លោក បន្ត​អនុវត្ត​​វប្បធម៌​សន្ទនា​ជាមួយ​បក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ដោះ​ស្រាយ​សេចក្ដីត្រូវការ​របស់​ប្រជា​ជន។

លោកបញ្ជាក់ថា៖ “គណបក្ស​ប្រជាជន​កម្ពុជា បន្ត​អនុវត្ត​យ៉ាង​ស្មោះ​សរ​នូវ​វប្បធម៌​សន្ទនា​ជាមួយ​ជា​មួយ​គណបក្ស​ដែលមាន​អាសនៈ​ក្នុងរដ្ឋសភា​ និង​ព្រឹទ្ធសភា​ តាម​គោលការណ៍​នៃលទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស និងនិតិរដ្ឋ។ ការមិនស្មោះត្រង់​ការប្រើពាក្យ​សម្តីអសុរសវាយ​ប្រហារ​គ្នា និងការ​ញុះញង់បង្ក​ បញ្ឆេះឱ្យ​មានការ​គុំ​កួន​ចងកំហឹង​នឹងគ្នា គឺមិន​អាច​រក្សា​អាយុជីវិត​នៃវប្បធម៌សន្ទនា​បានឡើយ​ មិនតែប៉ុណ្ណោះ​វា​នឹង​បំផ្លាញ​នូវឯកភាព​ជាតិរបស់យើង”។

ការ​ថ្លែង​ដូច្នេះ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កើត​ឡើង​ចំ​ពេល​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​ដី​ធ្លី និង​សកម្មជន​នយោបាយ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ ខណៈ​ដែល​កិច្ច​សន្ទនា​រដើម្បី​ឈាន​ទៅ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ បន្ត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ៤​រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី​​រៀបចំ​ការ​បោះ​ឆ្នោត លោក នី ចរិយា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​​កចាប់​តាំង​ពី​​ខែ​ឧសភា​ឆ្នាំ​មុន ក្រោម​ការចោទ​ថា បាន​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​លោក កឹម សុខា ដែល​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ ខុម ចាន់តារាទី ហៅ ស្រីមុំ។

សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ត្រូវ​ដោះ​លែង បន្ទាប់​ពី​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​ជួប​សន្ទនា​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន ក្រោយទទួល​បាន​ការ​លើក​លែង​ទោស​ពី​​ព្រះ​មហាក្សត្រ​​សម្ដេច​ព្រះ នរោត្ដម សីហមុនី​។

ប៉ុន្តែ រហូត​មកដល់​ពេល​នេះ ក្រុម​មេដឹកនាំ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​មិន​ទាន់​បាន​ជួប​ប្រជុំ​គ្នា​ជា​ថ្មី ដើម្បី​ពិភាក្សា​​លើ​បញ្ហា​នានា ដែល​គេ​គិត​ថា អាចមាន​បញ្ហា​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត សកម្មជន​ដី​ធ្លី និង​ក្រុម​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ