មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃនេះ បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធអ្នកវិភាគនយោបាយ លោក កែម ឡី នៅឯខេត្តតាកែវ ពោលគឺ ៥ខែក្រោយពីឃាតកម្មបានកើតឡើង និងជាង ១ខែក្រោយពីមេបក្សប្រឆាំងរូបនេះ ត្រូវបានលើកលែងទោស។
រូបថត ៤សន្លឹកនៅលើទំព័រហ្វេសប៊ុករបស់លោក បង្ហាញលោក កឹម សុខា ឈរនៅមុខរូបថតដ៏ធំ លត់ជង្គង់នៅមុខផ្នូរ និងឈរថតរូបជាមួយម្ដាយបង្កើតរបស់លោក កែម ឡី។
លោក កឹម សុខា បានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា លោកនៅចងចាំនូវអ្វីៗ ដែលលោកបានពិភាក្សាជាមួយលោក កែម ឡី ទាក់ទងនឹងបញ្ហាប្រទេសជាតិ បញ្ហាសង្គម និងបញ្ហាប្រជាពលរដ្ឋខ្មែរ។
លោកបន្តថា លោក កែម ឡី បានប្រាប់លោកឲ្យធ្វើវិមជ្ឈការផ្នែកថវិកា ធនធានមនុស្ស និងសេវាសាធារណៈ ដើម្បីឈានទៅវិមជ្ឈការខាងអំណាច។
លោក កឹម សុខា ខកខានមិនបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នោះឡើយ ចាប់តាំងពីថ្ងៃឃាតកម្មកើតឡើងមក ខណៈលោកបានស្នាក់នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ បន្ទាប់ពីសមត្ថកិច្ចព្យាយាមចាប់ខ្លួនលោក ពាក់ព័ន្ធនឹងការចោទថា លោកបដិសេធចូលបំភ្លឺក្នុងតុលាការ។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារកាលពីព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំមុន នៅក្នុងម៉ាតការ៉ាស់សាំងកាល់តិច ស្ថិតនៅម្ដុំស្តុបបូកគោ ហើយសពលោកត្រូវបានដង្ហែយកទៅបញ្ចុះនៅឯស្រុកកំណើតរបស់លោក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ៕