ទូរស័ព្ទ​​ស្មាតហ្វូន Nokia បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ជា​ថ្មី​ជាមួយ​ប្រតិបត្តិការ Android

ក្រុមហ៊ុន​បច្ចេកវិទ្យា HMD Global របស់​ប្រទេស​ហូឡង់ ដែល​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​ស្លាក​យីហោ Nokia នៅ​លើ​ទូរស័ព្ទ​នោះ នៅ​ថ្ងៃ​នេះ បាន​ប្រកាស​បង្ហាញ​ទូរស័ព្ទ​ស្មាតហ្វូន​​ដំបូង​របស់​ខ្លួន​ជាមួយ​តម្លៃ​ជាង ២៤០​ដុល្លារ ដោយ​កំណត់​យក​ទីផ្សារ​ប្រទេស​ចិន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ចេញ​ទូរស័ព្ទ​ថ្មី​នេះ គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ទូរស័ព្ទ​ថ្មី​ដំបូង​គេ​ដែល​បាន​ភ្ជាប់​ស្លាក​យីហោ​ដ៏​ល្បី​ល្បាញ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក នៅ​ពេល​ក្រុមហ៊ុន Nokia សម្រេច​លក់​សិទ្ធិ​ទាំង​មូល​ឲ្យ​ក្រុមហ៊ុន Microsoft។

ក្រុមហ៊ុន HMD បាន​ប្រកាស​ថា ទូរស័ព្ទ​ថ្មី Nokia 6 នេះ ដំណើរការ​នៅ​ប្រព័ន្ធ Android ហើយ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Foxconn។ ទូរស័ព្ទ​នេះ នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន​ JD.com ដែល​ជា​អ្នក​លក់​រាយ​នៅ​លើ​​អនឡាញ។

Nokia ធ្លាប់​គ្រប់​គ្រង​តំណែង​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​បំផុត​នៅ​លើ​ពិភព​លោកប៉ុន្តែ បាន​បាត់​បង់​តំណែង​នេះ​ទៅ​ក្រុមហ៊ុន​ដទៃ​វិញ ហើយ​បន្ទាប់​មក​ងាក​ទៅ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows របស់​ក្រុមហ៊ុន Microsoft ក្រោម​ពាណិជ្ជ​សញ្ញា Lumia។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ក្រុមហ៊ុន Microsoft បន្ត​លក់​ទូរស័ព្ទ​ថោកៗ​ក្រោម​ស្លាក​យីហោ Nokia និង​ទូរស័ព្ទ​ស្មាតហ្វូន​ម៉ូឌែល Lumia ជា​ស្លាក​យីហោ​ផ្ទាល់​ខ្លួន ប៉ុន្តែ កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​នេះ បាន​បោះ​បង់​ចោល​ជំនួញ​នេះ​ស្ទើរ​តែ​ទាំង​ស្រុង។

ក្រុមហ៊ុន HMD បាន​ទិញ​សិទ្ធិ​បន្ត​កាល​ពី​ខែ​ធ្នូ​កន្លង​មក និង​បាន​សិទ្ធិ​ផលិត​ទូរស័ព្ទ​ និង​កុំព្យូទ័រ​បន្ទះ​ក្រោម​ស្លាក​យីហោ​ Nokia ឡើង​វិញ​រយៈ​ពេល ១​ទសវត្សរ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ