អ្នកជំនាញកសិកម្ម​ជំរុញជាថ្មីទៅរដ្ឋាភិបាលឲ្យបោះទុន១០០លានដុល្លារលើវិស័យស្រូវអង្ករនៅឆ្នាំនេះ

អ្នកជំនាញផ្នែកកសិកម្មជំរុញទៅរដ្ឋាភិបាល​ជាថ្មីទៀតឲ្យបោះទុនលើវិស័យស្រូវ​អង្ករ​ឲ្យ​បាន​១០០លាន​ដុល្លារ ដោយថាកម្ពុជាទើបអាច​​ផលិតអង្ករនាំទៅលក់នៅក្រៅប្រទេសបាន១លានតោន ​នៅឆ្នាំ​២០​១៧​។

ការលើកឡើងនេះធ្វើឡើងស្រប​ពេល​ដែល​រដ្ឋាភិបាល​ចេញរបាយការណ៍មួយនៅដើមខែមករានេះ បង្ហាញ​ថា ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​ បាន​ធ្លាក់​ចុះ​ពី​ចំនួន​ជាង ៨ម៉ឺន​តោន​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥ មក​នៅ​ត្រឹម​ជាង ៦​ម៉ឺន​តោន​ប៉ុណ្ណោះ​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦​កន្លង​មក​នេះ ដោយ​បាន​ថយ​ចុះ​ដល់​ទៅ​ជាង ៣០​ភាគរយ​។

អ្ន​កជំនាញផ្នែកកសិកម្ម និងជាអតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា​(CEDAC) លោក យ៉ង់ សំាងកុមារ មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវ​ត្រៀមកញ្ចប់ថវិកាយ៉ាងតិច ១០០លានដុល្លារ សម្រាប់ផ្ដល់កម្ចីឥណទានទៅដល់អ្នកវិនិយោគស្រូវអង្ករ ដើម្បី​យក​ទៅ​ទិញ​ស្រូវស្តុបទុក បង្កើត​ឡ​សម្ងួត និងបង្កើតឃ្លំាងនៅក្នុង​សហគមន៍ ទើបអាច​ទទួលបានផលវិជ្ជមា​ន​ស្របតាមគោលនយោបាយរដ្ឋាភិបាល ​នាំអង្ករឲ្យបាន១លានតោនក្នុងឆ្នាំ២០១៧៖ «មិនមែនមានន័យថាយក​ទៅឲ្យ​កសិករខ្ចី​ផ្ទាល់ទេ​ ទីមួយ យើងយកទៅសម្រាប់អ្នករកស៊ីស្រូវអង្ករ មានម៉ាស៊ីនកិនស្រូវ មានក្រុមហ៊ុននាំអង្ករចេញ ទីពីរទៅឲ្យសហគមន៍កសិករដែលគាត់ចងក្រងគ្នាជាសហគមន៍ យក​មក​ប្រើ​ប្រាស់ក្នុងការធ្វើឃ្លាំង ធ្វើកន្លែងសម្ងួត យកមកប្រើប្រាស់ក្នុងការទិញស្រូវស្តុ​បទុក»។

លើសពីនេះទៀត លោក យ៉ង់ សំាងកុមារ បញ្ជាក់ថា ក្រោយពីបោះទុន រដ្ឋាភិបាលត្រូវ​ធ្វើយ៉ាងណាឲ្យការ​ទិញស្រូវពីប្រជាកសិករ ក្នុងតម្លៃមួយ ស្រប​តាមទីផ្សារ ជាជាងឲ្យតម្លៃទាប ធ្វើឲ្យ​ប៉ះពាល់​ដល់​គោល​នយោ​បាយ​​នាំអង្ករ​លក់នៅក្រៅប្រទេស។

បញ្ហា​ស្រូវ​អង្ករនេះ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦​ កសិករប្រមាណ១ពាន់នាក់នៅខេត្តបាត់ដំបងបាន​នាំ​គ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយ​រកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេផង​ដែរ​។

ក្រោយមក​ រដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់២៧លានដុល្លារ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែទឹកប្រាក់នោះនៅតែមិនអាចដោះស្រាយបាន លោក ហ៊ុន សែន ក៏បានប្រកាសថា នឹងខ្ចីលុយប្រទេសចិន៣០០លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះឲ្យបានប្រសើរឡើងវិញ។ យ៉ាងណាក៏ដោយលោក ហ៊ុន សែន ថាតម្លៃស្រូវធ្លាក់ថ្លៃ ដោយសារកត្កាបញ្ហាទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ហើយណាមួយឆ្នាំ២០១៦ ការ​ផលិតផលស្រូវមានការកើនឡើងខ្ពស់ បើធៀបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

​អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ​លោក ហ៊ាន វណ្ណហន មានប្រសាសន៍ថា នៅឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានពិនិត្យឯកសារគោលនយោបាយចាស់របស់រដ្ឋាភិបាល ពាក់ព័ន្ធ​​នឹងយុទ្ធសាស្ត្រ​នាំអង្ករ​លក់​នៅក្រៅប្រទេសឲ្យបាន១លានតោនក្នុង​១ឆ្នាំ ឆ្នាំ២០១៥ និង​បន្ថែម​ខ្លឹម​​សារមួយចំនួន ​ ដើម្បីស្នើទៅរដ្ឋាភិបាលឲ្យអនុម័តនា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ ប៉ុន្តែលោកមិនបាន​បញ្ជាក់​ពីខ្លឹមសារ​នៅក្នុងលិខិតនោះទេ ដោយ​ថាមិ​ន​ទាន់​បាន​អានខ្លឹម​សារ​​លម្អិត​នៅ​ឡើយ៖ «ខ្ញុំគ្រាន់តែ​ដឹង​ថា ការពិនិត្យកែនេះបានចប់សព្វគ្រប់ហើយ អាចអនុម័ត​នាពេល​ខាងមុខ​នេះ ហើយចំពោះខ្លឹមសារ ខ្ញុំអត់ទាន់បានឃើញដែរ គ្រាន់តែជាការចូលរួម ដល់ការបូកសរុប ដើម្បីបញ្ចប់គោលនយោបាយ ខ្ញុំអត់ទាន់បានដឹងខ្លឹមសារនេះនៅឡើយទេ»។

របាយការណ៍​នាំ​ចេញ​អង្ករ​កម្ពុជា ចេញ​ដោយ​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយសម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មករា​នេះ បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង ៥៤​ម៉ឺន ២​ពាន់​តោន កាល​ពី​ឆ្នាំ​២០១៦ ដោយ​មាន​កំណើន​ត្រឹម​ ០.៧​ភាគរយ​ប៉ុណ្ណោះ បើធៀប​ទៅ​នឹង​តួលេខ​ឆ្នាំ​២០១៥ ដែលមាន​ជាង ៥៣​ម៉ឺន​តោន។

តួលេខ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១២​ រហូត​ដល់​ឆ្នាំ​២០១៥​កន្លង​មក។ ប៉ុន្តែ ប្រទេស​នេះ មិន​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ដែល​ចង់​នាំចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន នៅ​ត្រឹម​ឆ្នាំ​២០១៥​និង២០១៦កន្លង​មក​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ