HRW ថារដ្ឋាភិបាលមិនចង់ស្វែងរកឃាតកពិតនៅពីក្រោយការសម្លាប់លោក កែម ឡី

ជន​ដៃ​ដល់ដែល​បាន​បាញ់សម្លាប់លោក​ កែម​ ឡី

អង្គការមើលសិទ្ធិមនុស្សពិភពលោក (Human Right Watch) លើកឡើងថា រដ្ឋាភិបាលកម្ពុជាហាក់មិនចង់ស្វែងរកយុត្តិធម៌ពិតប្រាកដក្នុងករណីឃាតកម្មលើលោក កែម ឡី ទេដោយថាបែរជាឆ្លើយដាក់លើគណបក្សប្រឆាំងទៅវិញ។

ក្នុងរបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ឆ្នាំ២០១៧ ចេញផ្សាយ នៅថ្ងៃទី១២ខែមករានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោកមួយនេះ ឲ្យដឹងថា អាជ្ញាធរកម្ពុជាមិនបានធ្វើការស៊ើបអង្កេតឲ្យបានដិតដល់ ដើម្បីតាមចាប់ខ្លួនអ្នកនៅពីក្រោយ ឃាតកម្មលើលោក កែម ឡី យកមកផ្ដន្ទាទោសនោះទេ។

របាយការណ៍ដដែលនេះលើកឡើងថា ក្រៅពីមិនចង់ស្វែងរកយុត្ដិធម៌ពិតប្រាកដជូនលោក កែម ឡី មន្ដ្រីក្នុងជួររដ្ឋាភិបាលមួយចំនួនថែមទាំងបានព្យាយាមទម្លាក់កំហុសនេះទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទៅវិញ ខណៈអាជ្ញាធរខ្លួនឯងបានដឹងច្បាស់អំពីទំហំនៃការស៊ើបអង្កេតលើករណីឃាតកម្មនេះហើយនោះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោកបានរិះគន់លើចំណាត់ការរបស់អាជ្ញាធរថា មានចេតនាគេចវេសមិនចង់ស្វែងរកភស្ដុតាងដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាអាចជាអ្នកនៅពីក្រោយករណីឃាតកម្មនេះ។

លោក ខៀវ សុភ័គ មន្ដ្រីនាំពាក្យក្រសួងមហាផ្ទៃ មិនបានបញ្ចេញប្រតិកម្មណាមួយចំពោះរបាយការណ៍នេះឡើយ ប៉ុន្ដែលោកថា អាជ្ញាធរបានបំពេញភារកិច្ចរបស់ខ្លួន ដោយបានចាប់ខ្លួនបុរសម្នាក់ដែលថាជាជនដៃដល់ និងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស។

លោកថា៖ «យើងចាប់បានជនល្មើសហើយ ជនល្មើសដៃដល់ភ្លាមៗ វាមិនបានឆ្លើយប្រាប់យើងទាំងអស់ ក្រៅតែពីវាអ្នកធ្វើ យើងអត់មានលទ្ធភាពអីសួរវាទេ ជារួម គឺយើងចាប់បានជនល្មើសប៉ុណ្ណឹង។ ហើយយើងបានបញ្ជូនទៅតុលាការហើយ ឥឡូវតុលាការក៏គេស្វែងរក ធ្វើការស៊ើបអង្កេត ហើយគេនឹងធ្វើការជំនុំជម្រះក្ដីនៅពេលខាងមុខ»។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ ជាអ្នកស្និទនឹងលោក កែម ឡី បានឲ្យ VOD ដឹងថា ព្រះអង្គយល់ថារបាយការណ៍នេះបង្ហាញពីភាពត្រឹមត្រូវ ដោយថា រដ្ឋាភិបាលហាក់ដូចជាគ្មានចេតនាស្វែងរកយុត្ដិធម៌ និងឃាតកពិតប្រាកដនៅក្រោយករណីឃាតកម្មនេះទេ ដោយថា ព្រោះគិតមកទល់ពេលជាងកន្លះឆ្នាំទៅ។

ព្រះអង្គមានដីកាថា៖ «ក៏ប៉ុន្ដែ ករណីលោកបណ្ឌិត កែម ឡី នេះ គាត់កណ្ដាលទីក្រុង កណ្ដាលទីសាធារណៈ ហើយរដ្ឋាភិបាលគាត់រកមិនឃើញ អាហ្នឹងគាត់គួរឲ្យអស់សំណើចណាស់ ហើយអ្វីដែលអង្គការ Human Right Watch គាត់បានលើកឡើង អាត្មាមើលឃើញថាជារឿងពិតហើយ គេនិយាយការពិតហើយ។ ហើយរដ្ឋាភិបាលខ្លួនឯងហាក់បីដូចជាមានអាថ៌កំបាំងជាច្រើនរឿង ដែលអាត្មាតែងលើកពីខាងដើមថា ករណីលោក កែម ឡី នេះ គឺជាល្ខោនបំបាត់ប្រជាប្រិយភាព ឬក៏ថាល្ខោនបំបាក់ស្មារតីមនសិការស្នេហាជាតិ»។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ ថាការដែលមន្ដ្រីរដ្ឋាភិបាលនិយាយដាក់បក្សប្រឆាំង ជារឿងមិនសមហេតុផល ដោយថា ការសម្លាប់លោក កែម ឡី មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់បក្សប្រឆាំងឡើយ។ ព្រះតេជគុណ បន្ដថា ការលើកឡើងរបស់រដ្ឋាភិបាល គឺគ្រាន់ជាចោទដាក់គ្នាទៅវិញទៅមក ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។

ព្រះអង្គមានដីកាថា៖ «ដូចជាមិនមានអី ត្រូវចោទមកលើគណបក្សប្រឆាំង ព្រោះថាបើគណបក្សប្រឆាំងជាអ្នកចង់បានប្រជាប្រិយភាព ជាអ្នកចង់បានការគាំទ្រពីមហាជន ហើយធ្វើការប្រឆាំងជាមួយរដ្ឋាភិបាលរឿងអយុត្តិធម៌យ៉ាងយូរណាស់មកហើយ តើហេតុអីបានរដ្ឋាភិបាលទៅចាប់អារម្មណ៍នឹងឃើញបង្កើតរឿងអយុត្តិធម៌ទៅវិញ អាត្មាអត់ជឿទេ។ នេះគ្រាន់ជាការបាចទឹកបញ្ច្រាស់ ឬបាច់ទឹកដាក់គ្នាទៅវិញទៅមក រវាងគណបក្សប្រឆាំង និងអ្នកកាន់អណាច ធាតុពិតគណបក្សប្រឆាំង បើតាមអាត្មាអង្គុយមើល វាអត់មានរឿងអីលូហ្ស៊ីក ឬអត់មានហេតុផលអីដែលគណបក្សប្រឆាំងត្រូវទៅសម្លាប់លោក កែម ឡី»។

កន្លងហួសទៅ៦ខែហើយដែលលោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់ នៅស្ដារម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅក្រៅ «ជួប សម្លាប់» ដោយបានបន្ដឃុំខ្លួនរហូតដល់តុលាការសម្រេចបិទបញ្ចប់ការស៊ើបសួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ