គម្រោងចរចាដោះលែងអ្នកជាប់ឃុំត្រូវ​បានលើក​ពេលជាថ្មីទៀត

លោក កឹម សុខា និងលោក ហ៊ុន សែន​កាល​ពី​ពេល​កន្លង​ទៅ​ (រូបថត Fresh​​​ News)

ជំនួប​បក្ស​ប្រឆាំងនិង​បក្ស​កាន់​អំណាច​​ដែលគ្រោង​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍ក្រោយ​ត្រូវ​បាន​បាន​លើក​ពេល​វិញ បន្ទាប់ពី​លោក​ ហ៊ុន សែន ​ប្រកាស​ពីក្រៅ​ប្រទេស​មក​ថា ​លោក​លែង​ចង់​ជួប​ចរចា​គ្នា​ជា​មួយ​បក្ស​ប្រឆាំងទៀតហើយ។​

នៅក្នុងលិខិតមួយចុះ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងថា ប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ខេង គ្រោងនឹងជួបជាមួយប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃទី២៥ ខែមករា នៅឯវិមានរដ្ឋសភា។

ប៉ុន្តែក្នុងលិខិតមួយទៀតចេញនៅថ្ងៃនេះ លោក ខៀវ សុភ័គ បានបញ្ជាក់ឡើងវិញថា គម្រោងជំនួបនោះ ត្រូវបានពន្យារពេលទៅថ្ងៃក្រោយវិញ។ លោក ខៀវ សុភ័គ មិនបានបញ្ជាក់ពីមូលហេតុនៃការលុបចោលនេះទេ ប៉ុន្តែជំនួបនេះត្រូវបានលុបចោលមួយថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមលុបចោលតួនាទីលោក កឹម សុខា ពីប្រធានក្រុមតំណាងរាស្ត្រភាគតិចនៅក្នុងសភាដែលមានឋានៈស្មើនាយករដ្ឋមន្រ្តី។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​និង​ជា​នាយក​ខុទ្ទកាល័យ​លោក ស ខេង​ លោក​ឧត្តម​សនីយ៍​​ខៀវ សុភ័គ បាន​ទេដោយ​ទូរសព្ទ​លោក​ចុចមិន​ចូល។ តែ​លោក​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ដែល​​គាំទ្ររដ្ឋាភិបាលមួយ​​ថា​ ការ​ពន្យារពេល​នៃ​ការ​ជួប​គ្នា​រវាង​លោក ស ខេង និង​លោក​ កឹម សុខា​ នេះ​ថា ដោយ​សារ​រង់​ចាំ​រដ្ឋសភាធ្វើ​វិសោធនកម្ម​បទ​បញ្ជាផ្ទៃ​ក្នុង​សភាមាត្រា​៤៨ថ្មី (បី​) សិន។

អ្នកនាំពាក្យ​រដ្ឋ​សភាលោក ឡេង ប៉េង​ឡុង បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថា ​​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃក្នុង​សភា​លោក​ថាសភាមិន​ទាន់​ទទួល​បាន​សំណើណា​មួយ​ជា​ផ្លូវ​ការ​ពី​បក្ស​​ប្រជា​ជន​នៅ​ឡើយ​ទេ។

លោក​ថា៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​សំណើជា​ផ្លូវ​ការ​ណា​មួយ​ទេ។ ដូច្នេះ​ខ្ញុំ​មិន​អាច​ឆ្លើយ​បានយ៉ាង​ម៉េច​នោះ​ទេ»។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់ណា​មួយ​របស់​បក្ស​ប្រឆាំង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ពន្យា​រពេល​នេះ​​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​១៧​នេះ។

ការលុបចោលជំនួបនេះបានជំរុញឲ្យក្ដីរំពឹងនៃការដោះលែងសកម្មជនសិទ្ធិមនុស្ស មន្ត្រីរៀបចំការបោះឆ្នោត និងសកម្មជនដទៃទៀត ស្ថិតនៅកាន់តែឆ្ងាយ។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយលោក សូ ចន្ថា យល់​ថា ការព្រម​ជួប​និង​​ពន្យារ​វិញ​នេះវា​បាន​បង្ហាញ​​​​ពីឥទ្ធិពល​របស់​លោក ហ៊ុន សែន​ តែ​ម្នាក់​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​បក្ស​ទាំង​មូលក្នុង​ការ​សម្រេច​ណា​មួយ​ លោក​ថា​សកម្មភាព​បែប​នេះ​វា​បាន​ធ្វើ​ឲ្យ​តម្លៃ​របស់​ស្ថាប័ន​ជាតិ​ធ្លាក់​ចុះ​ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជាមិន​អាច​ត្រលប់​ទៅ​រក​​ភាព​ប្រក្រតី​ឡើង​វិញ​នោះ​ទេ។

លោកថា៖ «ជា​ការពិ​ត​ការ​សម្រេច​ពន្យា​រពេល​នោះ​គឺ​ឥទ្ធិពល​ដែល​ធំ​បំផុត​នោះ​គឺ​ការ​លើក​ឡើងរបស់​លោក​ ហ៊ុន សែន ​នៅ​ក្រៅ​ប្រទេស​ពី​ការ​ចង់​ឲ្យ​មានការ​ស្នើឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ហើយលុប​ចោល​ក្រុមភាគ​តិច​និង​ក្រុមភាគច្រើន​នៅ​ក្នុងសភានោះ»។ ​

លោក​ថាប្រសិន​ជា​នៅ​តែ​ពន្យារការ​ចរចា​ឬ​លុប​ចោល​មតិសម្លេងភាគ​តិច​នៅ​ក្នុង​សភា​ចោល​នោះ​ ក្តី​សង្ឃឹម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលនិង​អ្នក​ទាំង​ប៉ុន្មានដែល​កំពុង​ជាប់ពន្ធ​នា​គារ​នោះកាន់​តែ​តិច​ទៅ​ៗ ហើយ​កម្តៅ​នយោបាយ​របស់​កម្ពុជានឹង​កើន​ឡើង​វិញ។

អ្នក​តាម​ដាន​ពី​ការ​អភិវឌ្ឍ​សង្គមនិង​នយោបាយលោក គឹម សុខ​ បាន​ប្រាប់វីអូ​ឌីកាលពី​ម្សិល​មិញ​ថា ចេត​នា​របស់​លោក​ ហ៊ុន សែន នេះ​គឺកំពុង​តែ​ដាក់​សម្ពោធ​ទៅ​ដល់​បក្ស​ប្រឆាំង​ក្នុង​ការ​ជម្រុញ​ឲ្យ​បក្ស​នេះ​យល់​ព្រម​ធ្វើ​អ្វី​មួយ​ដែល​ជា​ការ​ចរចាកាលពី​លើក​មុន។ លោក​​ថាប្រសិន​ជា​គណបក្ស​ប្រជា​ជន​សម្រេច​បញ្ចប់​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​ប្រឆាំង​ពិត​មែន​នោះ ​សម្ពោធ​នយោបាយ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ​​អាច​ឈាន​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំងនិង​​មនុស្ស​​មួយ​ចំនួន​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ផង​ដែរ​។

លោក​ថា៖ «ក្រឡាថ្មី​វា​គ្មាន​អី​ក្រៅពី​ការ​បង្កើត​សម្ពោធ​ថែម​ទៀត​ទេ! ដើម្បី​ជាន់​កគណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ឲ្យដល់​កម្រិត​នៃ​ការ​ឈឹ​ចាប់ រហូត​ដល់​ថ្នាក់​ពេ​ល​ខ្លះ​ពិបាក​ទ្រាំ តែ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​គិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកដ​ជា​​ទ្រាំ។ … ល្បិច​កល​នយោបាយ​បែបណា​ទៀត​នឹង​ពិ​បាក​ស្មាន​ ថា​គាត់​ហ្នឹង​បង្កើត​បែបណា តែ​អ្វី​ៗ​វា​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​មួយ​ដែល​យើង​ធ្លាប់​មើល​ឃើញ​កន្លង​មក​ហើយ គឺ គ្មាន​អ្វី​ក្រៅ​ពី​បំភ្លៃ​ច្បាប់​ ចោទប្រកាន់ គម្រាម​កំហែង​ ដាក់​ខ្នោះ រហូត​ទៅ​ដល់ដាក់គុក និង​ជិវិតអញ្ចឹង​ទៅ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​អវត្តមាន​ពី​ក្នុងប្រទេស​ជាង​២​ឆ្នាំនិង​ជាប់​បណ្តឹង​ផ្សេងៗ​​នោះ ​តំណែង​របស់​លោក សម រង្ស៊ី ជាប្រធាន​ក្រុម​ភាគ​តិចនៅ​ក្នុង​សភា​មាន​ឋានៈស្មើ​នាយក​រដ្ឋ​មន្ត្រី​ ត្រូវធ្លាក់​ទៅ​លើ​ លោក​ កឹម សុខា ដែ​ល​ទើប​តែ​ត្រូវ​បាន​លោក​ ហ៊ុន សែន ស្នើដល់​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​លើក​លែង​​ទោស​កាលពី​ចុង​ឆ្នាំ​២០១៦។  ប្រសិន​បើ​បក្ស​កាន់​អំណាច​សម្រេច​វិសោធនកម្មបទ​បញ្ជាផ្ទៃ​ក្នុង​សភាមាត្រា​៤៨ថ្មី ​នោះ​គឺ លោក កឹម សុខា ​នឹង​ត្រូវ​បាត់​បង់តួនាទីប្រធាន​ក្រុម​ភាគ​តិចនៅ​ក្នុង​សភា​ មាន​ឋានៈស្មើ​នាយក​រដ្ឋ​មន្ត្រី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ