រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ប្រជាពលរដ្ឋនៅតែបន្តលួចកាប់ឈើ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់

មន្ត្រីជាន់ខ្ពស់នៅក្រសួងបរិស្ថានកាលពីរសៀលម្សិលមិញ បានឲ្យដឹងថា ក្រសួងបរិស្ថាននៅតែជួបបញ្ហាប្រឈម ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើពីសណាក់ប្រជាពលរដ្ឋ ក្រោមហេតុផលដើម្បីដោះស្រាយបញ្ហាជីវភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃទី១៩ខែមករា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតែបន្តលួចកាប់ឈើ ដោយប្រើប្រាស់ម៉ូតូ និងគោយន្ត ហើយលោកបញ្ជាក់ថា បញ្ហានេះ អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ មានការលំបាកក្នុងការទប់ស្កាត់ ខណៈពលរដ្ឋចូលទៅកាប់ឈើ ដើម្បីដោះស្រាយជីវភាពនៅក្នុងគ្រួសារ។

លោកបន្តថា៖ «បញ្ហានេះ ត្រូវការស៊ីពេល ក្នុងការប្រែក្លាយជីវភាពរបស់ពួកគាត់។ ជារួមតែម្តង ឲ្យងាកចេញពីការលួចកាប់ឈើមួយដើម ពីរដើម ហើយដឹកជញ្ជូនចេញរបៀបដូចស្រមោចលីអង្ករចឹង។ វាមានជារៀងរាល់ថ្ងៃ។ យើងត្រូវខិតខំប្រឹងប្រែងប្រែក្លាយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ឲ្យប្រសើរជាងមុន ឲ្យរករបរណាបានកំរ៉ៃច្រើនជាងពឹងផ្អែកលើឈើនេះ»។

សកម្មជនព្រៃឈើ និងបរិស្ថាន លោក អ៊ូច ឡេង លើកឡើងថា ប្រជាពលរដ្ឋ បើទោះជាកាប់ឈើដើម្បីដោះស្រាយជីវភាព មួយរយឆ្នាំទៀតក៏មិនអស់ឈើយើងដែរ សំខាន់បំផុតគឺឈ្មួញដែលកាប់មួយថ្ងៃមួយគីឡូម៉ែត្រ ឬមួយខែដប់គីឡូម៉ែត្រនោះ ដែលជាមូលហេតុដែលធ្វើឲ្យវិនាសកម្មព្រៃឈើនៅប្រទេសកម្ពុជា។

លោកបន្តថា៖ «យើងកុំបន្ទោសប្រជាពលរដ្ឋក្រីក្រ ដែលលោកគ្រាន់តែរកទទួលទានចិញ្ចឹមឆ្នាំង។ នេះមិនមែន ជាអ្នកទទួលខុសត្រូវផ្នែកសង្គមទេ ​មានន័យថា គេទម្លាក់កំហុសទៅលើប្រជាពលរដ្ឋក្រីក្រ។ ខ្ញុំមិនសង្ឃឹមថារដ្ឋាភិបាលមានឆន្ទះដើម្បីការពារព្រៃឈើទេ […]»។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់ពីយោបល់ជុំវិញការកាប់ឈើរបស់ពលរដ្ឋ ដោយថា ប្រសិនបើរដ្ឋាភិបាល ព្យាយាមរកមុខរបរស្របច្បាប់​ឲ្យប្រជាជនដូចជាជំរុញផ្នែកកសិកម្ម គឺមិនពិបាកទេ ព្រោះការកាប់ឈើមិនមានចំណេញប៉ុន្មានទេ ហើយត្រូវប្រឈមនឹងផ្លូវច្បាប់។

លោកបន្តថា៖ «អ្នករកស៊ីឈើធ្លាប់បង់ឲ្យមន្ត្រីរដ្ឋាភិបាល និងសមត្ថកិច្ចមួយចំនួន ១ថ្ងៃប្រាំដុល្លារ មួយខែដប់ម្ភៃដុល្លារក្នុងម៉ាស៊ីនមួយគ្រឿង។ ដោយសារតែរឿងហ្នឹង ទើបធ្វើឲ្យពិបាកដល់រដ្ឋាភិបាល រដ្ឋាភិបាលគួរតែបោសសម្អាត ឬសិក្សាស្រាវជ្រាវពីមន្ត្រីរបស់ខ្លួនឯងជាមុនសិន»។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានដូចនេះ ទំនងជាធ្វើឡើងបន្ទាប់ពី អង្គការអន្តរជាតិអាមេរិកមួយ បានផ្សព្វផ្សាយថា ប្រទេស​កម្ពុជា​ឈាន​មុខ​គេ​ ខាង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធម្មជាតិ និង​ព្រៃ​ស្ថិត​ក្នុង​តំបន់​ការពារ ដោយសារ​តែ​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន សម្រាប់​ដាំដំណាំ​កៅស៊ូ និង​ការ​កាប់​ឈើ​ខុស​ច្បាប់។

ប៉ុន្តែក្រសួង​បរិស្ថាន​កម្ពុជា បានប្រតិកម្មនិងច្រានចោលទិន្នន័យដែលផ្សព្វផ្សាយដោយអង្គការអន្តរជាតិនោះ ហើយបាន​ចាត់​ទុក​ទង្វើ​នេះ ​ជា​ចេតនា​ញុះ​ញង់ និង​បំភាន់​សាធារណៈ​មតិ​ ដើម្បី​បង្ក​ឲ្យ​មាន​ការ​រិះគន់​វាយ​ប្រហារ​ទៅ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា។

របាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយឆ្នាំ២០១១ស្តីពី «ធនធានគម្របព្រៃឈើនៅកម្ពុជាឆ្នាំ២០១០» ឲ្យដឹងថា នៅឆ្នាំ១៩៦៥ គម្របព្រៃឈើកម្ពុជា មានប្រមាណ៧៣ភាគរយ ហើយវាបានថយចុះមកនៅប្រមាណ៥៧ភាគរយនៅឆ្នាំ២០១០ ដែលការធ្លាក់ចុះនេះ បណ្តាលមកពីកំណើននៃការប្រើប្រាស់ដីកសិកម្ម ពិសេសដីសម្បទានសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ