នាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាម​បង្ហាញគំនិតផ្ទុយគ្នាចំពោះវត្តមានអាមេរិក​

លោក​ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋ​​មន្ត្រី​វៀតណាម លោក ង្រ្វៀន សួនផុក កាលពីពេលកន្លងទៅ ​(រូបថតពី​ហ្វេសប៊ុក​លោក​ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការយល់ឃើញផ្ទុយគ្នាចំពោះវត្តមានសហរដ្ឋអាមេរិក​ក្នុងការទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយមេដឹកនាំកម្ពុជាថា អាមេរិកនាំឲ្យគ្រោះថ្នាក់ ចំណែកខាងវៀតណាម​ថា ជាការល្អមានការចូលរួមពីប្រទេសច្រើន។

នៅក្នុងកិច្ចពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​ដែលមានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើណែតនោះ គឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែន លើកឡើងថា ប្រទេសក្នុងតំបន់និងមានការអភិវឌ្ឍន៍ ដោយ​សន្តិភាព​ប្រសិនជាមិនមានការលូកដៃចូលប្រទេសខាងក្រៅនោះ។ ជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីអតីតកាល និង បច្ចុប្បន្ន​ដែលអាមេរិក​ចូលក្នុងតំបន់នាំឲ្យមានសង្គ្រាមនៅកម្ពុជា ឡាវ វៀតណាម​ និង បង្កជម្លោះតានតឹង ពិសេសគឺធ្វើឲ្យបណ្តាប្រទេសសមាជិកអាស៊ាន​មានជម្លោះជាមួយចិន។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា លោក​មិនចង់ឃើញវត្តមានអាមេរិក​នៅក្នុងតំបន់ទេ ហើយលោកក៏បានប្រាប់ទៅមេដឹកនាំហ្វីលីពីន​ជាសម្ព័ន្ធមិត្តរបស់អាមេរិក​ឲ្យពិចារណាឡើងវិញ ក្នុងការផ្តល់ទីតាំងទ័ពឲ្យអាមេរិកឈរជើង​។​

ប៉ុន្តែក្នុងកិច្ចពិភាក្សានោះ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្រ្វៀន សួនផុក មានប្រសាសន៍ថា បញ្ហារាំរ៉ៃជម្លោះជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូង ក៏ដូចជា ការអភិវឌ្ឍន៍ផ្សេងៗលោក ចង់ឲ្យមានការចូលរួមចរចាគ្រប់ភាគី មានចិន អាមេរិក អង្គការសហប្រជាជាតិ ការប្រើប្រាស់ច្បាប់អន្តរជាតិ និង ភាគីពាក់ព័ន្ធផ្សេងៗទៀត។​

បច្ចុប្បន្នវៀតណាម កំពុងតែរឹតចំណងមិត្តភាពជាមួយ សហរដ្ឋអាមេរិក ខណៈប្រទេសនេះ​កំពុងមានជម្លោះដែនសមុទ្រជាមួយចិន។​

នៅក្នុងទេវិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ មានមេដឹកនាំ និង ឥស្សរជន ពីបណ្តាលប្រទេសនានាចំនួន​៣២ជួបគ្នានៅទីនោះ ហើយក្រៅពីការប្រជុំធំពួកគេមានការជួបគ្នាជាទ្វេភាគីទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ