រដ្ឋាភិបាល បំពាក់មេដាយឲ្យយោធាវៀតណាមជិត៣០នាក់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបំពាក់មេដាយឲ្យទាហ៊ានវៀតណាមជាច្រើននាក់ទៀត ដោយថាពួកគេបានជួយបំពាក់បំប៉ន និងបណ្ដុះបណ្ដាលកងយោធាកម្ពុជា​កាលពីកន្លងមក។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៣ធ្នូឆ្នាំ២០១៦ ឲ្យដឹងថា បន្ទាប់ពីទទួលបានសំណើមួយរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិលោក ទៀ បាញ់ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានយល់ព្រមចុះហត្ថលេខាបំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទចំនួន៣គ្រឿង និងថ្នាក់សេនាចំនួន២៤គ្រឿង​ ដល់នាយទាហាននៃកងទ័ពប្រជាជនវៀតណាមចំនួន២៧នាក់។

រដ្ឋាភិបាលបានបញ្ជាក់នៅក្នុងអនុក្រឹត្យថា ការសម្រេចបំពាក់មេដាយទាំងនេះ គឺដោយសារមន្ត្រីយោធាវៀតណាមទាំង២៧នាក់ «​មាន​ស្នាដៃ​ល្អ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជួយ​បណ្តុះបណ្តាល​ និង​បំប៉ន​ជំនាញ​ផ្សេងៗ​ដល់​នាយទាហាន​ និង​នាយទាហានរង​នៃ​កង​យោធពលខេមរភូមិន្ទ​កន្លង​មក​»​។​

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ ជុំវិញការបំពាក់មេដាយឲ្យយោធាវៀតណាមជិត៣០នាក់នេះ ខណៈមជ្ឈដ្ឋានទូទៅបានដាក់ការសង្ស័យនិងចោទជាសំនួរថា «រដ្ឋាភិបាលកម្ពុជា ហាក់ដឹងគុណខ្លាំង និងផ្តល់កិត្តិយសញឹកញយឲ្យមន្ត្រីយោធាប្រទេសមិត្តជិតខាង»។

កាលពីឆ្នាំ២០១៦ កន្លងទៅ រាជរដ្ឋាភិបាលក៏បានសម្រេចបំពាក់មេដាយសហមេត្រីថ្នាក់​មហាសេរីវឌ្ឍន៍ថ្នាក់មហាសេនា និងថ្នាក់ធិបឌិន្ទ ដល់នាយទាហ៊ានវៀតណាម ចំនួន៣៣នាក់ ដោយរដ្ឋាភិបាលថា ពួកគេធ្លាប់មាន «ស្នាដៃផ្សេងៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ