លោក ហ៊ុន សែន ថាមកពីបកស្រាយខុសគ្នាទើបរំលាយតំណែងលោក កឹម សុខា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា ការដែលរដ្ឋសភាប្រជុំដកតំណែងលោក កឹម សុខា ពីប្រធានក្រុមមតិភាគតិចនៅថ្ងៃនេះ ដោយសារតែមានការបកស្រាយខុសគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរចំពោះតួនាទីនេះ។

ក្នុងកិច្ចប្រជុំរដ្ឋសភាដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបចូលរួម ដើម្បី​​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងលើ​ប្រការ​៤៨ថ្មី​ (បី)​ លោក ហ៊ុន សែន បានថ្លែងថា តួនាទីជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភាដែលមានឋានៈស្មើនាយករដ្ឋមន្រ្តី គឺមានឥស្សរជនតែម្នាក់ទេ ដែលធ្វើជាប្រធានក្រុមតំណាងរាស្ត្រផង និងជាប្រធានក្រុមមតិភាគតិចក្នុងសភាផង។ ក្នុងន័យនេះលោក ហ៊ុន សែន បានអះអាងថា គណបក្សសង្រ្គោះ​ជាតិបានបកស្រាយផ្ទុយពីនេះ ដោយចង់រក្សាទុកឲ្យ លោក សម រង្ស៊ី នៅមានតំណែងដដែល ខណៈលោក កឹម សុខា ក៏មានតំណែងដូចគ្នានេះដែរ។

លោកថ្លែងថា៖ «វាទាល់តែតែងតាំងធ្វើប្រធានក្រុមតំណាងរាស្ត្រសិនទើបជាស្វ័យប្រវត្តិធ្វើ​ជាប្រធានក្រុម[មតិ]ភាគតិច។ គាត់និយាយត្រឹមត្រូវរបស់គាត់​ឯកឧត្តម កឹម សុខា។ ប៉ុន្តែគាត់ច្បាស់​ជាមិនហ៊ាន​និយាយប្រាប់គេប្រាប់ឯងទេ។ តែឯកឧត្តម បើសិនជាបញ្ចេញៗឲ្យអស់! បញ្ចេញមិនអស់​ប្រយ័ត្ននៅក្នុងអានេះ[ឧបករណ៍ថតសំឡេង]។ ឯកឧត្តមបញ្ចេញតាអាណាដែលមានប្រយោជន៍ទេ។​ ប្រយ័ត្នតាខ្ញុំបញ្ចេញសារទាំងស្រុង គឺឯកឧត្តមត្រូវទទួលខុសត្រូវចំពោះបញ្ហាហ្នឹង។ បើសិនឯកឧត្តមនិយាយ ហើយឯកឧត្តមស្បថឲ្យត្រូវគ្រាប់ងាប់ បើសិនជាខ្ញុំនិយាយមិនពិតព្រោះចូលទៅក្នុងម៉ាស៊ីនរបស់ខ្ញុំ…។​ ចឹងសូម្បីតែ CNRP ក៏ដោះស្រាយមិនត្រូវគ្នា»។

យ៉ាងណាក៏គណបក្សសង្រ្គោះជាតិបានអះអាងថា តំណែង​ទាំងនោះមិនសំខាន់ទេ ហើយគណបក្សប្រឆាំងនេះបានធ្វើពហិកាមិនចូលប្រជុំសភាទេនៅថ្ងៃនេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​អវត្តមាន​ពី​ក្នុងប្រទេស​ជាង​២​ឆ្នាំ និង​ជាប់​បណ្តឹង​ផ្សេងៗ​​នោះ ​តំណែង​របស់​លោក សម រង្ស៊ី ជាប្រធាន​ក្រុម​ភាគ​តិចនៅ​ក្នុង​សភា​ មាន​ឋានៈស្មើ​នាយក​រដ្ឋ​មន្ត្រី​ ត្រូវធ្លាក់​ទៅ​លើ លោក​ កឹម សុខា ដែ​ល​​ត្រូវ​បាន​លោក​ ហ៊ុន សែន ស្នើដល់​ព្រះ​មហា​ក្សត្រ​ លើក​លែង​​ទោសកាលពី​ចុង​ឆ្នាំ​២០១៦។ ប៉ុន្តែលោក ហ៊ុន សែន និងតំណាងរាស្ត្របក្សកាន់​អំណាច​បានដកតំណែងជាប្រធានក្រុមមតិភាគតិចនេះពី​ ​លោក កឹម សុខា វិញដែលអ្នកវិភាគយល់ថាមកពីលោក កឹម សុខា មិនព្រម​ថ្កោលទោស លោក សម រង្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ