តុលាការគ្រោងសវនាការជនសង្ស័យសម្លាប់ លោក កែម ឡី នៅដើមខែក្រោយ

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

សាលាដំបូងរាជធានីភ្នំពេញប្រកាសថា សវនាការលើជនសង្ស័យដែលបាញ់​សម្លាប់ លោក កែម ឡី គ្រោង​ធ្វើ​នៅថ្ងៃទី១ ខែមីនាខាងមុខ។ នេះបើតាមតារាងកាលវិភាគរបស់សាលាដំបូងរាជធានីភ្នំពេញ។

សមាសភាពមន្រ្តីតុលាការដែលនឹងចូលរួមសវនាការលើសំណុំរឿងនេះ មានលោកចៅក្រម លាង សំណាក់ និងតំណាងអយ្យការ លោក លី សុផាណា ប៉ុន្តែក្នុងតារាងនោះបានសរសេរថា ​ជនជាប់ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ «កើតថ្ងៃទី១០ ខែ១២ ឆ្នាំ២០១៦»។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់VODថានេះកំហុសផ្នែកបច្ចេកទេស។

លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ដោយបានបន្ដឃុំខ្លួនក្រោមបទចោទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់។

នៅក្នុងរបាយការណ៍ស៊ើបអង្កេតជាវីដេអូរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីថ្ងៃ ទី១៣ ខែមករា បង្ហាញថា ពួកគេបានសម្ភាសន៍ជាមួយប្រភព និងសាក្សីជាច្រើនក្នុងខេត្តសៀមរាប ដែលបាននិយាយថា បុរសឈ្មោះ «អឿត អាង» ហៅក្រៅ «ជួប សំលាប់»​ ត្រូវបានកោះហៅដើម្បីទៅជួបប្រជុំជាមួយមន្ដ្រីថ្នាក់ស្រុក និងមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន គឺប្រហែលមួយសប្ដាហ៍ មុនកើតមានឃាតកម្មលើ លោក កែម ឡី។

មកដល់ពេលនេះ សមត្ថកិច្ចនៅមិនព្រមបង្ហាញកាមេរ៉ាសុវត្ថិភាពដែលថតពីសកម្មភាពឃាតកម្មនោះ ឲ្យសាធារណៈជនបានអស់មន្ទិលនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ