លោក ព្រាប កុល៖ ការវិវឌ្ឍចុងក្រោយនៃនយោបាយកម្ពុជាគួរឲ្យមានការព្រួយបារម្ភណាស់

នាយក​ប្រតិបត្តិនៃអង្គការតម្លា​ភាព​កម្ពុជា​លោក​​ព្រាប កុល​​

ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្ដៅខ្លាំង អង្គការសង្គមស៊ីវិលបានបង្ហាញក្ដីបារម្ភថា ការវិវឌ្ឍចុងក្រោយនៃនយោបាយនៅកម្ពុជានៅនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្របពេលការបោះឆ្នោតជិតមកដល់។

លោក ព្រាប កុល នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា លើកឡើងថា ស្ថានការណ៍នយោបាយចុងក្រោយនៅកម្ពុជា គឺជារបត់ថ្មីស្រឡាងមួយ ពិសេសទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយលោកថា នឹងធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះដោយយោងតាមហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះ។

លោកសរសរថា៖ «ការវិវឌ្ឃចុងក្រោយនៃនយោបាយកម្ពុជាគួរឲ្យមានការព្រួយបារម្ភណាស់ ជាពិសេសការធ្វើច្បាប់ ឬវិសោធនកម្មច្បាប់ ដែលអាចឈានទៅដល់ការរំលាយគណបក្សនយោបាយណាមួយ។ នេះជារបត់ថ្មីមួយ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាធិបតេយ្យនៅកម្ពុជា»។

បើតាមហ្វេសប៊ុក លោក ព្រាប កុល រាល់សកម្មភាព ឬកិច្ចសម្របសម្រួលដែលលោកផ្ដល់ ដើម្បីជួយទប់ស្កាត់កុំឲ្យប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះមហន្ដរាយ ដែលអាចក្លាយជាប្រយោជន៍ប្រទេសជិតខាងនោះ បែរជាត្រូវខ្មែរគ្នាឯងលាបពណ៌ឲ្យលោកទៅជាអាក្រក់ទៅវិញ។ លោកថា ពណ៌របស់លោកមានតែមួយប៉ុណ្ណោះ គឺ «សុច្ចរិតភាពនិងយុត្តិធម៌»។

កាលពីចុងខែមករាកន្លងទៅ នៅក្នុងកិច្ចប្រជុំសភាពេញអង្គមួយដែលគ្មានតំណាងរាស្ត្របក្សប្រឆាំងចូលរួមសោះនោះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ ដោយទំនងសំដៅដល់លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនថា ដើម្បី​ឲ្យអស់សិទ្ធិជាប្រធានបក្ស លោកថា តំណាងរាស្ត្រត្រូ​វធ្វើ​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោយ។ ការនេះត្រូវបានក្រុមអ្នកវិភាគ និងមជ្ឈដ្ឋានសង្គមយល់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីរំលាយគណបក្សប្រឆាំង មុនការបោះឆ្នោតមកដល់។

មិនមែនតែអង្គការសង្គមស៊ីវិលក្នុងស្រុកទេដែលបង្ហាញក្ដីបារម្ភដូច្នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William A. Heidt កាលពីថ្ងៃទី៣ កុម្ភៈ បានថ្លែងក្នុងជំនួបពិភាក្សាមួយថា អាមេរិកចង់ឃើញអ្នកនយោបាយកម្ពុជាផ្សះផ្សាជាតិ មុនថ្ងៃបោះឆ្នោតមកដល់។ លោកមានប្រសាសន៍ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកនយោបាយកម្ពុជា គួរតែវិលរកវប្បធម៌សន្ទនា និងរួបរួមគ្នាឡើងវិញ ដោយ​លោកថា គឺធ្វើតាមឆន្ទៈរបស់ពលរដ្ឋដែលចង់បាន។

លោកថា៖ «ខ្ញុំចង់ត្រឡប់ទៅប្រធានបទផ្សះផ្សាជាតិ។ ជាងចុងបញ្ចប់ ផ្សះផ្សារជាតិ មានន័យថា វាដូចជាកម្លាំងនយោបាយធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា អីញ្ចឹង! ហើយការ​បំបែកមនុស្ស​ចេញ​ពីការប្រកួត ការដកគណបក្ស ការចេញសេចក្តីថ្លែងការណ៍ប្រឆាំងឬជំទាស់ ជាជាងវិលមក រកការសន្ទនាគ្នា […] ការធ្វើបែបនេះ ខ្ញុំមិនគិតថាជាអ្វីដែលប្រជាជន​កម្ពុជាចង់បាន​នោះទេ​!»។

លោក សុខ ឥសាន​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យ VOD ដឹងថា ការលើកឡើងនេះគ្រាន់តែជាមតិយោបល់ផ្សេងៗ របស់សង្គមស៊ីវិល​ ប៉ុន្ដែលោកថា ការធ្វើវិសោធនកម្មច្បាប់ឬបទបញ្ជាផ្ទៃក្នងរដ្ឋសភា គឺធ្វើឡើងស្របតាមស្ថានការណ៍នយោបាយ និងមានតែជួយពង្រឹងលទ្ធិប្រជាធិបតេយ្យទៅវិញទេ។

នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ក៏បានចូលរួមអំពាវនាវជាថ្មីឲ្យអ្នកនយោបាយប្រកាន់ជំហរដោះស្រាយបញ្ហាសង្គមជាតិ ដោយអហិង្សា និងសន្ដិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ