ធនាគារអេស៊ីលីដាបានសម្រេចប្តូរនិមិត្តសញ្ញារបស់ខ្លួនភ្លាមៗ ស្របពេលដែលលោក ហ៊ុន សែនបានអំពាវនាវទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ឱ្យបិទស្លាកថាជាគ្រឹះស្ថានឯកជនមិនមែនរបស់រដ្ឋ។
យោងតាមលិខិតប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដានៅរសៀលថ្ងៃទី១៧ ខែកុម្ភៈបានឱ្យដឹងថាធនាគារអេស៊ីលីដាបានប្រកាសថាជាគ្រឹះស្ថានឯកជន មិនមែនជាគ្រឹះស្ថានរបស់រដ្ឋនោះទេ។ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ទៀតថា ដើម្បីចៀសវាងការភ័ន្តច្រឡំរបស់ពលរដ្ឋ ធនាគារនេះបានប្តូរនិមិត្តសញ្ញារបស់ខ្លួន ដោយបានដករូបសត្វហង្សចេញវិញ និងបន្ថែមដោយពាក្យអេស៊ីលីដាជាភាសាខ្មែរ និងភាសាអង់គ្លេសនៅចំកណ្តាលនិមិត្តសញ្ញា។
ការផ្លាស់ប្តូរនិមិត្តសញ្ញានេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែនបានប្រតិកម្មទៅលើស្ថានប័នមីក្រូហិរញ្ញវត្ថុដែលបានធ្វើឱ្យពលរដ្ឋយល់ច្រឡំថាស្ថានប័នទាំងនោះជារបស់រដ្ឋ និងបានជំពាក់លុយរដ្ឋ។ លើសពីនេះទៀតនោះលោកបានអំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះដាក់ស្លាកថាជារបស់ឯកជន មិនមែនរបស់រដ្ឋនោះទេ និងធ្វើការអប់រំដល់បុគ្គលិករបស់ខ្លួនឱ្យនិយាយពាក្យនេះទៅកាត់អតិថិជនមុនគេ៕