ចៅក្រមស៊ើបអង្កេតសាលាក្ដីខ្មែរក្រហមទម្លាក់ការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម

អ្នកស្រី អ៊ឹម ចែម (គេហទំព័រ ECCC)

សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហមបានសម្រេចលើកលែងការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម ដោយថា អ្នកស្រីមិនស្ថិតក្នុងរង្វង់យុត្ថាធិការរបស់ អ.វ.ត.ក។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធទី២២កុម្ភៈនេះ សហចៅក្រមស៊ើបអង្កេត​បាន​សម្រេច​ទម្លាក់ការចោទប្រកាន់លើជនត្រូវចោទអ្នកស្រី អ៊ឹម ចែម ហើយ បន្ទាប់​ពីបាន​វាយតម្លៃ​លើភស្ដុតាង​ក្នុងកំឡុងពេលស៊ើបសួរ ដោយសម្រេចថា អ្នកស្រី អ៊ឹម ចែម «មិនស្ថិតនៅក្រោមយយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក» ឡើយ។ ចៅក្រមស៊ើបអង្កេតយល់ឃើញថា អ្នកស្រី អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬ អ្នកទទួលខុស​ត្រូវខ្ពស់បំផុត​នៅក្នុងរបប​ខ្មែរក្រហម​នោះទេ។

សេចក្ដីប្រកាសព័ត៌មានដដែល ពុំបានបញ្ជាក់ថា តើសហចៅក្រមស៊ើបអង្កេត ធ្វើការសម្រេចបែបនេះ ដោយផ្អែក​លើភស្ដុតាងជាក់លាក់ណាមួយនោះទេ។

អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហមលោក នេត ភក្ដ្រា បានឲ្យ VOD ដឹងថា​ការជូនដំណឹង​ពីការលើកលែង​ចោទប្រកាន់នេះ ជាការគោរពដល់សិទ្ធិរបស់ជនត្រូវចោទ។

លោកបន្ដថា សម្រាប់ការពន្យល់អំពីមូលហេតុនៃទម្លាក់ការចោទប្រកាន់នេះ នឹងធ្វើឡើងនៅក្នុង​ឯកសារ​ដាច់ដោយឡែកមួយទៀត ដែលមានសំអាងហេតុពេញលេញ ដោយលោកថា នឹងដាក់​ចេញ​តាម​ក្រោយនៅពេលវេលាសមស្រប។

លោកថា៖ «បញ្ហានៃការពន្យល់ថា មិនស្ថិតនៅក្រោមដែនយុត្ថាធិការហ្នឹង គឺឈរនៅលើមូលដ្ឋានអ្វី ភស្ដុតាងអ្វី គឺគេនឹងបញ្ជាក់ឲ្យច្បាស់នៅក្នុងដីកាដំណោះស្រាយទាំងមូលតែម្ដង ដែលពេលនេះ គឺយើងអត់ទាន់បានចេញនៅឡើយទេដោយសារតែត្រូវបញ្ចប់កិច្ចការហ្នឹង។ ឯកសារដាច់ដោយឡែក​មួយទៀត ដែលមានសំអាងហេតុពេញលេញ នឹងដាក់នៅតាមក្រោយ នៅក្នុងពេលវេលាសមស្រប»។

បើតាមលោក នេត ភក្ដ្រា ការសម្រេចលើកលែងចោទប្រកាន់នេះ​នឹងធ្វើឲ្យពាក្យសុំតាំងខ្លួនជា​ដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ត្រូវបានបដិសេធ និងថាអ្នកស្រី អ៊ឹម ចែម ក៏នឹងមានសេរីភាពឡើងវិញ វាលែង​តែមានការបដិសេធ​ពីអង្គបុរេជំនុំជម្រះប៉ុណ្ណោះ។ លោកថា អង្គជំនុំជម្រះ នឹងសម្រេចលើបញ្ហានេះនៅពេលក្រោយ បើសិនជា​មានការប្ដឹងជំទាស់ពីភាគីពាក់ព័ន្ធទៅនឹងដីកា ដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត។

អ្នកស្រី អ៊ឹម ចែមត្រូវបានគេ​ចោទប្រកាន់ទាក់ទងនឹងបទល្មើស «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ​ដែល​​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ទី​១៧ខែ​មេសាឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦​ខែមករាឆ្នាំ​១៩៧៩»​។

ពាក់ព័ន្ធនឹងសំណុំរឿង០០៤នេះ ក្រៅពីអ្នកស្រី អ៊ឹម ចែម ក៏មានជនត្រូវចោទ២នាក់ផ្សេងទៀត​កំពុង​ស្ថិត​នៅក្រោម​ការ​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើប​អង្កេត ​គឺមាន​លោក អោ អាន និង​លោក យឹម ទិ​ត្យ​។

លោក អោ អាន ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥។ ចំណែក លោក យឹម ទិ​ត្យ ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​នៅ​ថ្ងៃទី​៩ ខែ​ធ្នូឆ្នាំ​២០១៥​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ