មេធាវីមួយដែលការពារក្តីឲ្យ លោក គឹម សុខ អ្នកឃ្លាំមើលនិងអត្ថាធិប្បាយបញ្ហាសង្គម បានដាក់ពាក្យទៅតុលាការស្នើសុំឲ្យកូនក្តីបាននៅក្រៅឃុំបណ្តោះអាសន្ន ដោយថាការឃុំខ្លួនកូនក្តីនេះបំពាននឹងក្រមនីតិវិធីព្រហ្មទណ្ឌ។
លោក គឹម សុខ ដែលគេស្គាល់តាមរយៈការរិះគន់ចំណុចខ្វះខាតរដ្ឋាភិបាល ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃសុក្រ ទី១៧ កុម្ភៈ បន្ទាប់ពីលោកចូលបំភ្លឺតាមបណ្តឹងរបស់មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងលិខិតដែលលោកមេធាវី ជួង ជូងី បានដាក់ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសុក្រ ទី២៤កុម្ភៈនេះ មានខ្លឹមសារថា កូនក្តីរបស់លោក គឺលោក គឹម សុខ ដែលត្រូវបានតុលាការសម្រេចឃុំ ខ្លួនបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» តាមមាត្រា៤៩៤,៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ មិនទាន់មានភស្តុតាងគ្រប់គ្រាន់ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់នៅឡើយ។ ខ្លឹមសារក្នុងលិខិតឲ្យដឹងថា «សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ ជាបណ្តោះអាសន្ន ដោយសំអាងហេតុថា កាតព្វកិច្ចទំាងឡាយ នៃការត្រួតពិនិត្យតាមផ្លូវតុលាការ មានលក្ខណៈមិនគ្រប់គ្រាន់ ដោយធៀបនឹងគោលដៅដែលមានចែងក្នុងមាត្រា២០៣ និងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។
មាត្រា២០៣នៃក្រមនីតិវិធីព្រហ្មទណ្ឌមានខ្លឹមសារថា ជាគោលការណ៍ជនត្រូវចោទត្រូវមានសេរីភាពមិនមែនជនត្រូវចោទ ត្រូវតែជាប់ឃុំនោះទេ។
លោកមេធាវី ជួង ជូងី សំអាងថា ករណីលោក គឹម សុខា គឺធ្វើការវិភាគតាមវិទ្យុ មិនប្រាកដថា ជាបទល្មើសនោះទេ ព្រោះលោកមិនបានបង្កឲ្យមានភាពច្របូកច្របល់សណ្តាប់ធ្នាប់សាធារណៈ និងចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការជានិច្ច។ ករណីនេះលោកស្នើទៅតុលាការដោះលែងកូនក្តីឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន។ លោកនិយាយថា «ផ្អែកតាមមាត្រា២០៤ មិនអាចឃុំខ្លួនលោក គឹម សុខ ជាបណ្តោះអាសន្នបានទេ។ ដូចនេះ តុលាការឃុំខ្លួនលោក គឹម សុខ ជាបណ្តោះអាសន្នគឺបំពានមាត្រា២០០៤នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។
ទោះជាយ៉ាងណា VOD មិនទាន់សុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេនៅរសៀលថ្ងៃសុក្រនេះ។
កាលពីពេលថ្មីៗនេះ មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោក គឹម សុខ ពីរសំណុំរឿង។ សំណុំរឿងទីមួយ ប្តឹងលោក គឹម សុខ ថាបានអត្ថាធិប្បាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន និងទាមទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ។ បណ្តឹងមួយករណីទៀតប្តឹងថា លោក គឹម សុខ បាន ចោទ រដ្ឋាភិបាលកម្ពុជាថាជាអ្នករៀបចំប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ និងទារប្រាក់សំណង១០លានរៀលផងដែរ៕