ព្រឹទ្ធសភាឲ្យដឹងថានឹងបើកកិច្ចប្រជុំ ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយនៅចុងខែនេះ ខណៈដែលច្បាប់នេះត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចអនុម័ត នៅក្រោមសំឡេងរិះគន់។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាចុះថ្ងៃទី២៧កុម្ភៈនេះ មានខ្លឹមសារថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃ ទី២៨កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្ស នយោបាយ។
ការអនុម័តច្បាប់ស្តីពីបក្សនយោបាយដ៏ចម្រូងចម្រាសនេះ បានធ្វើឲ្យមតិជាតិនិងអន្តរជាតិមួយចំនួនយល់ថា កម្ពុជាកំពុងដើរខុសពីគន្លងប្រជាធិបតេយ្យ ហើយបក្សប្រជាជនកម្ពុជាកំពុងតែត្រៀមដឹកនាំប្រទេសតែម្នាក់ឯងនាថ្ងៃអនាគត។
កាលពីថ្ងៃទី១១ កុម្ភៈ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក៏បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្រ្គោះជាតិ តែជាង១០ថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅរដ្ឋសភាឲ្យកែប្រែមាត្រាមួយចំនួននៃច្បាប់ស្តីពីគណបក្សនយោបាយ។
បន្ទាប់មកទៀត សមាជិកបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំ បានធ្វើលិខិតជូនដំណឹងផ្សេងគ្នា ដែលមានផ្តិតស្នាមម្រាម សុំលាលែង ចេញពីសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ដោយលើកមូលហេតុផ្ទាល់ខ្លួនដូចគ្នា។ ចំណែកឯលោក ហុង សុខហួរ បានលាលែងចេញពីតំណែងជាអគ្គលេខាធិការនិងសមាជិកគណៈកម្មាធិការនាយកគណបក្ស សម រង្ស៊ី ៕