តុលាការបង្ហាញវីដេអូ៤ភាគ ពាក់ព័ន្ធនឹងករណីឃាតកម្មលោក កែម ឡី

បុរស អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ (រូបដែលតុលាការបង្ហាញថា ជាសកម្មភាពក្នុងពេលធ្វើសកម្មភាពបាញ់ និងរូបភាពបន្ទាប់ពីត្រូវបានចាប់ខ្លួន)

​តុលាការបានបង្ហាញ​​វីដេអូចំនួន៤ភាគ ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក កែម ឡី ដើម្បីដាក់បន្ទុក​​លើបុរស អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ ដែលសមត្ថកិច្ចចោទថា ជា​អ្នក​បាញ់​សម្លាប់អ្នកវិភាគរូបនោះ​ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។

សវនាការនៅព្រឹក​ថ្ងៃពុធនេះ​ គឺមានតែមេធាវី​ការពារ​ក្ដីឲ្យជនជាប់ចោទ រួមទំា​ង​សាក្សីមួយចំនួននៅក្នុងហេតុការណ៍នោះ ​​តែតំណាងជនរងគ្រោះអវត្តមាន។

ក្នុងសវនាការ​ ប្រធានក្រុមប្រឹក្សាជម្រះ​ លោក​ លាង​ សំណាត់ បានបញ្ជា​ឲ្យក្រុមបច្ចេកទេសចាក់វីដេអូ ដែលថា ជួប សំលាប់ ធ្វើសកម្ម​ភាពដើរចូលក្នុងស្តាម៉ាត ស្តុបបូកគោ និងកម្មភាពដើរតម្រង់ទៅខាង​ជើងស្តាម៉ាត​ដែលវី​ដេអូនេះ​ថតពីបង្គោលភ្លើងស្តុបបូកគោ។ រីឯវីដេអូមួយទៀតបង្ហាញពីសកម្មភាព ដើរ​តាមផ្លូវម៉ៅ សេទុង ឆ្ពោះទៅស្តុបចំការមន និងវីដេអូដែលគេថតបានពីសកម្មភាព ជួប សំលាប់ ឡើង​ជិះ​ម៉ូតូ​ប៉ូលីស ខណៈ ពលរដ្ឋដេញតាមវាយឲ្យរងរបួសនៅម្តុំវត្តស្វាយពពែ។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត ដែលតាមដានការកាត់ក្តីនៅថ្ងៃនេះ យល់ថាតុលាការបង្ហាញវីដេអូមួយចំនួននោះ មិន​ទាន់គ្រប់គ្រាន់​​និងចំគោលដៅដែលសាធារណៈជនចង់ឃើញនៅឡើយ ដោយលោកថានៅមានវីដេអូច្រើនទៀតត្រូវបង្ហាញ ជាពិសេសសកម្មភាពបាញ់សម្លាប់លោក កែម ឡី ជាដើម។ លោកមានប្រសាសន៍ថា «ខ្ញុំគិត​ថាកំាមេរ៉ាស្តាម៉ាតវាមានច្រើនជ្រុង អង្គចងចំា[ឯកសារថតរូបភាពទុក]​ក៏មាន​ច្រើនដែរ ខ្ញុំគិតថាវានឹងមានអង្គចងចំាណាមួយនឹងបង្ហាញពីរូបភាពនៃសកម្មភាពនៃការបាញ់​ ក៏ប៉ុន្តែការបង្ហាញនេះ យើងអត់ឃើញ​មានបង្ហាញ អង្គចងចំានៅកន្លែងទង្វើនៃការប្រព្រឹត្ត ការបាញ់នោះ ទេ វានៅមានថាមិនអស់ចិត្ត អ្វីដែលសំខាន់គឺវានៅកន្លែងហ្នឹង ដែលយើងគិត​ថា បើបានបង្ហាញ​នៃ​ការអង្គចងចំា នៃទង្វើនៃការបាញ់ វាជាការមួយដែលធ្វើឲ្យម្នាក់​ៗកាន់តែអស់ចិត្ត»។

លោក អំ សំអាត បន្ថែម​ថា សវនាការដោយពុំមានដើមបណ្តឹងរដ្ឋប្បវេណី អាចធ្វើឲ្យ​បាត់​ភាព​អយុត្តិ​ធម៌មួយផ្នែក ដោយលោកថា បើដើមបណ្តឹងចូលក្នុងសវនាការ គឺអាច​ស្នើ​សុំឲ្យ​តុលាការ​បង្ហាញ​នូវ​ភស្តុ​តាង​មួយចំនួន​បន្ថែមទៀតបាន​។

​ប៉ុន្តែ​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានឆ្លើយប្រាប់អ្នក​សារព័ត៌មានតាម​រយៈ​​​តេ​ឡេ​ក្រាម​ថា ភស្តុតាងដែលតុលាការបង្ហាញក្នុងអង្គសវនាការនោះ ធ្វើតាមបែប​បច្ចេក​ទេស​វិទ្យា​សា​ស្ត្រ​​ពិត​ ក្នុងន័យនេះទំនងជាលោកថាមិនចំាបាច់បង្ហាញពីសកម្មភាពឃាតករបាញ់លោក កែម ឡី ផ្ទាល់​នោះ​ទេ​។​ លោកនិយាយថា «សវនការបានបង្ហាញឲ្យ​ឃើញរួចហើយនូវសកម្មភាព​របស់​ជនជាប់ចោទ​ដែល​ត្រូវ​​បាន​​ថត​ដោយ​​កា​ម៉េរ៉ា​សុវត្ថិភាពរបស់ស្ថានីយប្រេងកាល់តិច។ ភស្តុតាងនេះបា​នចាប់​យកពី​កន្លែង​កើត​ហេតុ​​ផ្ទាល់​​ និង​មាន​លក្ខណៈវិទ្យាសាស្រ្តពិត​»។

អ្វីដែលគួរឲ្យកត់សំគាល់នៅក្នុងសវនាការ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីការពារក្តីលោក ជួប សំលាប់ បានសួរដេញដោលជនជាប់ចោទ​នោះពេញមួយព្រឹក ពីប្រវត្តិរស់នៅ គ្រួសារ ឈ្មោះរបស់ជួប សំលាប់​ និងការ​រៀបគម្រោងសម្លាប់លោក កែម ឡី ជាដើម។

ទោះជាបែបនេះក្តី ជួប សំលាប់ បានអះអាងថា ឈ្មោះរបស់ពិត គឺជួប សំលាប់ មិនមែនអឿត អាង និងថាគ្មាន​ប្រពន្ធ និងម្តាយ នោះទេ។ ជនជាប់ចោទរូបនេះ និយាយថា ការបាញ់សម្លាប់លោក កែម ឡី ដោយសារជំពាក់លុយគាត់៣០០០​ដុល្លារមិនព្រមសង។

ទោះជាជនជាប់ចោទ ឆ្លើយដោះសារបែបនេះក្តី ក៏តុលាការបានអានកំណត់ហេតុ​ដែល​ធ្វើកោស​ល្យ​វិច្ច័យពីក្រសួងមហាផ្ទៃតាមរយៈសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថា លោក ជួប សំលាប់ ឈ្មោះរបស់លោក ពិត គឺ អឿត អាង និងមានប្រពន្ធ និងម្តាយកំពុង​រស់​នៅ​ខេត្ត​សៀមរាបផងដែរ។

ករណីនេះ តុលាការបានចោទប្រកាន់បុរស​ អឿត​ អាង​ ហៅ​ ជួប​ សំលាប់​ ​ពីបទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​បទ​កាន់កាប់​ ឬ​ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែលប្រឈមជាប់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈសាលាក្រមនឹងប្រកាសនៅថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ ខាងមុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ