អាជ្ញាធរ​រាជ​ធានី​ភ្នំពេញប្រាប់​ក្រុម​យុវជន​ឲ្យ​សុំ​ច្បាប់​មុន​​បញ្ចាំង​វីដេអូ​ឃាតកម្ម​លោក កែម ឡី

ពិធីដង្ហែរូបសំណាកលោក កែម ឡី​ទៅខេត្តតាកែវ​នៅកាលពេលកន្លងទៅ(រូបថត៖ ពៅ មេត្តា)

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ លោក មួង សូនី បាន​អះ​អាង​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ចុះ​ទៅ​ប្រាប់​រូប​លោក ឲ្យ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ មុន​នឹង​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក កែម ឡី។

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ គ្រោង​នឹង​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​លោក កែម ឡី នៅ​ថ្ងៃ​ស្អែក​នេះ ដែល​វីដេអូ​នោះ​ត្រូវ​បាន​ផលិត​ដោយ​ទូរទស្សន៍​អារ៉ាប់​អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera)។

ប៉ុន្តែ លោក មួង សូនី បាន​ប្រាប់ VOD នៅ​ថ្ងៃ​នេះ​ថា ចៅ​សង្កាត់​ទួលសង្កែ លោក សយ កុសល និង​ក្រុម​មន្ត្រី​មូលដ្ឋាន​ចំនួន ៦​រូប​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​នេះ បាន​ចុះ​ទៅ​សួរ​នាំ​ដល់​ទីស្នាក់ការ​សមាគម និង​បាន​ប្រាប់​ទៅ​លោក ឲ្យ​សុំ​ច្បាប់​អនុញ្ញា​ជាមុន​សិន មុន​នឹង​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​នោះ។

យុវជន​ មួង សូនី ដែល​បាន​ប្រមូល​ចង​ក្រង​កម្រង​ទស្សនៈ​របស់​អ្នក​វិភាគ​លោក កែម ឡី នោះ បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​ថា ជា​ការ​គំរាម​កំហែង​ដល់​ក្រុម​យុវជន​របស់​លោក។

លោក​បញ្ជាក់​ថា​ “ខ្ញុំ​ថា ​នេះ​ជា​រូប​ភាព​គំរាម​ទៅ​ហើយ អា​រូប​ភាព​មក​និយាយ​នេះ អាហ្នឹង​គេ​ហៅ​រូប​ភាព​គំរាម​មិន​មែន​អត់​គំរាម​ទេ​”​។

វីអូឌី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សយ កុសល ចៅ​សង្កាត់​ទួល​សង្កែ​បាន​នោះ​ទេ ដោយ​លោក​ប្រាប់​ថា ​ជាប់​រវល់​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​ ៣០០​គ្រួសារ នៅ​ក្នុង​សង្កាត់​របស់​លោក។

ទោះ​យ៉ាង​ណា លោក មួង សូនី​ បង្ហាញ​ជំហរ​មិន​សុំ​ច្បាប់​នោះ​ទេ ដោយ​​ថា ​កម្មវិធី​នេះ​មិន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីធ្លា​សាធារណៈ និង​មិន​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​នោះ​ឡើយ ខណៈ​អ្នក​ចូល​រួម​មាន​ត្រឹម​តែ ៣០ ទៅ ៤០​នាក់​ប៉ុណ្ណោះ។

លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ បានលើកឡើងថា ការចាក់បញ្ចាំងវីដេអូស៊ើបអង្កេតករណីបាញ់សម្លាប់លោកបណ្ឌិតកែមឡីលោកថា មិនចាំបាច់សុំច្បាប់នោះទេ ព្រោះជាទីស្នាក់ការអង្គការ ហើយវាប្រៀបបាននឹងទីកន្លែងឯកជន​ដែរ។ លោកបន្ថែម​ថា មិនមានច្បាប់ណាដែលចែង​ហាម​ឃាត់​ការ​ចាក់បញ្ចាំងវីដេអូនៅ​តាម​ផ្ទះ​នោះ​ឡើយ។

លោកប្រាប់​ថា៖“វាជារឿងធម្មតាទៅហើយនៅពេលដែលរឿងរសើបណាមួយត្រូវបានគេរំលឹកហ្នឹង អាជ្ញាធរហាក់បីដូចជាមានការភ័យខ្លាច។ យើងឃើញសូម្បីតែគេបញ្ជាំង​នៅទីឯងជនរបស់គេ ក៏តម្រូវឱ្យមានច្បាប់ទម្លាប់ដែរ”។

វីដេអូ​ស៊ើប​អង្កេត​​មាន​ចំណង​ជើង​ថា “Cambodia’s Deadly Politics” ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា “នយោបាយ​ប្រឡាក់​ឈាម​របស់​កម្ពុជា” ដែល​មាន​រយៈ​ពេល​ជាង ២៦​នាទី ត្រូវ​បាន​ផលិត​ឡើង​ដោយ​ទូរទស្សន៍ដ៏​ល្បី​ល្បាញ​ Al Jazeera របស់​អារ៉ាប់ និង​ចាក់​ផ្សាយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧​នេះ។

ខ្សែ​វីដេអូ​នោះ បាន​ស៊ើប​អង្កេត​ទៅ​លើ​​ឃាតកម្ម​ដ៏​គួរ​ឲ្យ​សង្ស័យ​លើ​លោក កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស នៅ​ក្នុង​ម៉ាត​​ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ម្ដុំ​ស្តុប​បូក​គោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ